អាត់ ធន់៖ តុលាការគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការចោទប្រកាន់
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក អាត់ ធន់ បានអះអាងថា ការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ មកលើរូបលោក គ្រាន់តែជាចោទប្រកាន់ ដែលចេះស្មានទៅៗ ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឱ្យច្បាស់លាស់នោះទេ។
សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះ ក្រោយការកោះហៅទៅសាកសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានបញ្ជាក់ថា ចៅក្រមសាលាដំបូង ដែលបន្តការសាកសួបបន្ថែម មកលើរូបលោកពាក់ព័ន្ធនឹងករណីបណ្តឹងរបស់កម្មករ និងចៅកែរោងចក្រអេសអិល ដែលចោទរូបលោកថា បានញុះញង់ឱ្យមានអំពើហិង្សាកើតឡើង ក្នុងអំឡុងពេលកម្មករចេញតវ៉ាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅមុខវត្តស្ទឹងមានជ័យ មិនមានមូលដ្ឋានច្បាស់លាស់ សម្រាប់ដាក់បន្ទុកមកលើរូបលោកនោះឡើយ។
លោកបន្តថា តាមសំណួររបស់ចៅក្រម ដែលបានសាកសួរទៅលើ ជនដែលចោទប្រកាន់លោកទាំងចំនួន២ដង សុទ្ធតែឆ្លើយខុស។ លើកទី១. បានចោទលោកថា នៅឈរបញ្ជាឱ្យគេឃើញនៅមុខរោងចក្រ ហើយលើកទី២. បានឆ្លើយថាគ្រាន់តែលឺសម្លេង។ ប្រធានសហភាពកាងារកម្ពុជារូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រាន់តែ២លើក ដែលចោទប្រកាន់ខ្ញុំនោះ គឺវាខុសបាត់ទៅហើយ ចៅក្រមគ្មានមូលដ្ឋាគ្រប់គា្រន់ក្នុងការចោទប្រកាន់ ប៉ុន្តែចៅក្រមនៅតែបន្តសាកសួរយើង។»
«មួយវិញទៀតការតម្រូវឱ្យយើងបង់លុយ២ពាន់ដុល្លា មើលទៅហាក់បីដូចតុលាការ ចៅក្រមសន្មត់ជាមុនថា យើងហ្នឹងមានទោសបាត់ហើយ ហើយបើយើងមើលឧទាហរណ៍ថា បើសិនការកំណត់២ម៉ឺន៥ពាន់ដុល្លា តើយករូបមន្តអីមកកំណត់»។ នេះ ជាការបញ្ជាក់បន្ថែមរបស់លោក អាត់ ធន់ ។
លោកបានឱ្យដឹងទៀតថា លោកបានប្តឹងទៅសាលាឧទ្ធរណ៍រួចរាល់ហើយ ដើម្បីឱ្យដកការចោទ ប្រកាន់លើរូបលោក ពិសេស គឺដកសេចក្តីបង្គាប់ដែលតម្រូវឱ្យបង់លុយ និងការបំបិទសិទ្ធិមិនឱ្យមានការជួបជុំនៅតាមទីសាធារណៈ។ ប៉ុន្តែបើសេចក្តីសម្រចទាំងឡាយណា ដែលមានលក្ខណៈផ្ទុយ ហើយមិនមានការដោះស្រាយឱ្យបានត្រឹមត្រូវ និតិវិធីបន្តទៀត លោកនឹងស្នើឱ្យមានការអន្តរាគមន៍ ពីអ្នកពាក់ព័ន្ធនៅក្រៅប្រទេស ឬក៏កម្មករ។ ប្រសិនបើចាំបាច់ នឹងមានការប្តឹងទៅក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីត្រួតពិនិត្យមើលព្រះរាជ្ញា និងចៅក្រមថាតើគាត់ធ្វើត្រូវទៅតាមនិតិវិធីដែរឬទេ ប្រសិនបើព្រះរាជ្ញា និងចៅក្រមធ្វើមិនត្រឹមត្រូវតាមនិតិវិធី នឹងប្តឹងឱ្យគាត់ពីនិត្យនិតិវិធីនេះឡើងវិញ៕