សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាញផ្សព្វផ្សាយ សារពត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយនូវអត្ថបទ ឬរូបភាពរបស់​ ខ្លួន​ជាច្រើន ដែលទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យ ឬជនត្រូវចោទ ដែលទើបធ្វើការឃាត់ខ្លួន ដោយពុំទាន់បានឆ្លង​កាត់ ការសម្រេចសេចក្តី របស់តុលាការថាមានទោសនៅឡើយ។ ស្ទើរគ្រប់បណ្តាញសារពត៌មានទំាំងនោះ បានថតរូបជន​សង្ស័យ ហើយបានដាក់ផ្សាយទាំងស្រុង​ ដោយពុំមានការបិទបាំងឡើយ ។ មួយវិញទៀត ជនល្មើសដែលបទប្រព្រឹត្ត​របស់់ពួកគេ មិនមែនជាបទល្មើសជាក់ស្តែង ដោយមានជាប់ខ្នោះនៅនឹងដៃ និងដោះសំលៀកបំពាក់អស់ នៅសល់តែ​ខោក្នុងខ្លីផង ត្រូវបានផ្សាយបង្ហាញជាសាធារណៈ តាមរយៈទូរទស្សន៍ ឬបណ្តាញសារពត៌មានទាំងនោះ។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 02, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាញផ្សព្វផ្សាយ សារពត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយនូវអត្ថបទ ឬរូបភាពរបស់​ ខ្លួន​ជាច្រើន ដែលទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យ ឬជនត្រូវចោទ ដែលទើបធ្វើការឃាត់ខ្លួន ដោយពុំទាន់បានឆ្លង​កាត់ ការសម្រេចសេចក្តី របស់តុលាការថាមានទោសនៅឡើយ។ ស្ទើរគ្រប់បណ្តាញសារពត៌មានទំាំងនោះ បានថតរូបជន​សង្ស័យ ហើយបានដាក់ផ្សាយទាំងស្រុង​ ដោយពុំមានការបិទបាំងឡើយ ។ មួយវិញទៀត ជនល្មើសដែលបទប្រព្រឹត្ត​របស់់ពួកគេ មិនមែនជាបទល្មើសជាក់ស្តែង ដោយមានជាប់ខ្នោះនៅនឹងដៃ និងដោះសំលៀកបំពាក់អស់ នៅសល់តែ​ខោក្នុងខ្លីផង ត្រូវបានផ្សាយបង្ហាញជាសាធារណៈ តាមរយៈទូរទស្សន៍ ឬបណ្តាញសារពត៌មានទាំងនោះ។


រូបភាពដកស្រង់បែបនេះ មិនពិបាករកមើលទេ ក្នុងគេហទំព័រពត៌មានក្នុងស្រុក។ 

ជាការពិតហើយ ដែលសកម្មភាពនៃការចុះផ្សាយ របស់បណ្តាញផ្សព្វផ្សាយទាំងនោះ ធ្វើឡើងដើម្បីតម្រូវចិត្ត​អតិថិជន​របស់​​ខ្លួន ក្នុងការនាំមកអោយសាធារណជន នូវពត៌មានជាក់ស្តែង និងច្បាស់ការណ៌ជាមួយនឹងរូបភាព។ តែអ្វីដែលពួកគេ​បានធ្វើ វាបានចាកចេញឆ្ងាយពីក្រមសីលធម៌ និងវិជ្ជាជីវៈនៃអ្នកសារពត៌មាន។ មិនត្រឹមប៉ុណ្ណោះសោធ អំពើនេះបាន​រំលោភទៅលើ​សិទ្ធិបុគ្គល ប៉ះពាល់ដល់បុគ្គលភាពឯកជន នោះគឺការបរិហាកេរ្តិ៍ ទោះនៅក្នុងរូបភាពប្រយោលក្ដី។ រូបខ្លះ​ទៀត មានដោយ​មកជាមួយ ទាំងសមត្ថកិច្ចឈរអមសងខាងបន្ថែមទៀត ទាំងដោយគេមិនដឹងថា តើសមត្ថកិច្ចរូបនោះ ជាអ្នកចាប់ ឬជាជន​សង្ស័យ ឬជាជនរួមគំនិតដែរ ?

លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីគណបក្សសមរង្សី បានលើកឡើងពីគោលការណ៍ មានចែងនៅក្នុង​ច្បាប់ស្តីពី​ របបសារពត៌មាន និងច្បាប់ព្រហ្មទណ្ឌ មកបញ្ជាក់ ដែលមានពាក់ព័ន្ធ នឹងជនជាប់ចោទ។ «បើកាលណា​តុលាការ​មិនទាន់បានកាត់សេចក្តីថា មានទោស ឬអត់ ជននោះនៅតែមិនទាន់មានទោស ហើយមិនអាចធ្វើការ ផ្សព្វផ្សាយ​ជា​លក្ខណៈ​អាណាធិបតេយ្យទេ។» លោកបន្តថា កំហុសឆ្គងផ្ទុយពីវិជ្ជាជីវៈ របស់ក្រុមអ្នកសារពត៌មានទាំងនោះ ត្រូវតែ​ក្រសួងពត៌មាន និងក្រសួងមហាផ្ទៃ ធ្វើការណែនាំដល់ក្រុមអ្នកសារពត៌មានទាំងអស់នោះ ឲ្យបានយល់ពីតម្លៃ នៃសិទ្ធិ​របស់បុគ្គល ដែលពុំទាន់មានទោស ដោយគ្រាន់តែជាជនជាប់ចោទ ឬជាជនសង្ស័យ។


រូបភាពនេះ រកឃើញ និងដកស្រង់ពីគេហទំព័រពត៌មាន នៃនរគរបាលជាតិកម្ពុជា។

ទាក់ទងនឹងការដាក់រូបភាព លើទំព័រសារពត៌មានវិញលោកបានបញ្ជាក់ថា គេមិនបានហាមមិនឲ្យដាក់នោះទេ តែត្រូវមាន អ្វីបិទបាំងមុខរបស់ជនដើម្បីកុំឲ្យសាធារណៈជនមើលស្គាល់។ លោកបញ្ជាក់ថា «ត្រូវមានការប្រុងប្រយ័ត្ន ព្រោះរាល់ការ​ចោទប្រកាន់ អាចមិនមែនជាការពិតទេ ទោះបីបុគ្គលសារភាពថាខ្លួនបានប្រព្រឹត្តក៏ដោយ ក៏គេមិនទាន់សម្រេចថា​មាន​ទោស​ដែរ គឺមានតែតុលាការទេ ជាអ្នកសម្រេចថាមានទោសឬអត់ ព្រោះគេត្រូវស៊ើបអង្កេតបន្តទៀត។ ជួនកាលជនដែល​បានសារភាពនោះ អាចមានជនទីបីនៅពីក្រោយខ្នង ដោយសន្យាធានានឹងជួយអ្វីមួយដល់គ្រួសារ ឬជួយដោះលែង​នៅ​ពេលជាប់គុកជាដើម»។

ក្នុងករណីដែលអ្នកសារពត៌មាន មិនគោរពដល់សិទ្ធិបុគ្គលនេះ សាមីខ្លួនអាចប្តឹងប្រឆាំងនឹងអ្នកសារពត៌មាននោះ ឬស្ថាប័ន​សារពត៌មាននោះបាន ដោយគ្រាន់តែភាគច្រើន ពួកគេមិនដែលហ៊ាន ឬមិនចង់ប្តឹង ក្រុមអ្នកសារពត៌មានទាំងនោះ ទៅ​តុលាការ​ប៉ុណ្ណោះ។ ឯលោក លី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមន៍អាដហុក ក៏បានលើកឡើងថា យោងតាមច្បាប់​ព្រហ្មទណ្ឌ ទាក់ទងនឹងការផ្សាយរូបភាពទាំងនោះ គឺជនរងគ្រោះអាចប្តឹងបាន បើគាត់មានឆន្ទៈប្តឹង ហើយលោក​បាន​និយាយយោង ទៅលើច្បាប់ស្តីពី របបសារពត៌មាន ដែលតំរូវមានការគោរពសិទ្ធិបុគ្គល ។ «ជាការទទួលខុសត្រូវ របស់​បណ្តាញសារពត៌មានណា ដែលបានចុះផ្សាយ ធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសបុគ្គលឯកជន ត្រូវប្រឈមចំពោះ​មុខ​តុលាការ។» លោកបន្តថា បើតុលាការរកឃើញថាមិនមានទោស នោះធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ ទៅលើ​ជន​សង្ស័យ។ លោកបន្តថា ជាធម្មតា ត្រូវធ្វើការផ្សាយកែតម្រូវឡើងវិញ តែតាមទំលាប់ អ្នកសារពត៌មានទាំងនោះ មិនដែល​ឃើញមានការផ្សាយកែតម្រូវឡើងវិញទេ ។ លោកបន្តថា ទាំងទូរទស្សន៍ ទាំងការសែត ឲ្យតែមានការចាប់នរណាម្នាក់ ថា​ជាជនសង្ស័យ ពួកគេបានយកមកផ្សាយពេញតែម្តង ហើយមិនបានបិទបាំងអត្តសញ្ញាណគេនោះទេ ។


រូបភាពនៃជនសង្ស័យ ត្រូវបានសម្រាត ហើយថតអបដោយមន្ត្រីសមត្ថកិច្ចពីរនាក់សងខាង។

នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ច នាំជនសង្ស័យមកម្តងៗ គឺទុកសំលៀកបំពាក់ត្រឹមតែខោក្នុងខ្លី ហើយបានថតរូប​ពួក​គេ យកមកផ្សាយជាសាធារណៈ។ លោកសុន ឆ័យ បកស្រាយថា ករណីនេះ ច្បាប់ពុំអនុញាតិឲ្យមានការធ្វើទារុណកម្ម ទៅលើជនសង្ស័យអោយនៅសល់តែខោក្នុងខ្លីយ៉ាងដូច្នេះទេ។ នេះជាកំហុសរបស់អាជ្ញាធរធ្ងន់ធ្ងរណាស់ និងជាការរំលោភ​សិទ្ធិមនុស្សថែមទៀត។ ចំណែកឯលោក លី ចរិយា ក៏និយាយដូចគ្នានេះដែរថា សមត្ថកិច្ចមានតែសិទ្ធិឃាត់ខ្ឡួនទេ តែពុំ​មានសិទ្ធិទុកខ្លួនពួកគេ ក្នុងភាពអាក្រាត អាសអាភាសនោះទេ ព្រោះក្នុងច្បាប់បានហាមឃាត់។ ក្នុងករណីបែបនេះ សាមី​ខ្លួនក៏អាចប្តឹងបកវិញបានដែរ ។

រីឯការដាក់ទណ្ឌកម្ម ទៅលើក្រុមអាជ្ញាធរ ដែលបានប្រព្រឹត្តិកំហុសនោះ ត្រូវតែមានការផ្តន្ទាទោស លោកសុន ឆយ័ បាន​សម្ដែង នូវភាពគ្មានសុទិត្ថិនិយមថា «ដោយសារតែពលរដ្ឋ ពុំមានជំនឿលើតុលាការ។ មួយទៀត ឲ្យតែបានដោះលែង​ពួកគេនោះ ពួកគេអរណាស់ទៅហើយ ព្រោះពុំមានលុយប្តឹងផ្តល់។ ហើយបើប្តឹងជាមួយសមត្ថកិច្ច គឺមិនដែលប្តឹង​ឈ្នះ​ទេ។» លោកអះអាងថា «តាមច្បាប់ទោះអនុវត្តន៍ ក្នុងតួនាទីក៏ដោយ បើប្រព្រឹត្តិខុស ត្រូវទទួលទោស។ មិនមែនយកតួនាទី​ជាសមត្ថកិច្ច ទៅធ្វើអ្វីស្រេចតែអំពើចិត្តទេ។ ត្រូវទទួលទាស និងទទួលពិន័យជាដាច់ខាត។» តែលោកនៅតែសម្ដែងក្ដី​បារម្ភថា ទាល់តែមានការធានា ពីថ្នាក់ដឹកនាំ ក្នុងការពង្រឹងនីតិរដ្ឋ ធ្វើយ៉ាងណាឲ្យដឹងថា ច្បាប់នៅលើមនុស្សទាំងអស់ ឲ្យតែប្រព្រឹត្តខុសច្បាប់ មិនមែនច្បាប់នៅលើតែបបូរមាត់ខ្លួននោះទេ ឲ្យតែធ្វើខុស មិនថានាយករដ្ឋមន្ត្រី តំណាងរាស្ត្រទេ សុទ្ធតែត្រូវទទួលទោសទាំងអស់គ្នា។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែងរក ការបកស្រាយពីខាងមន្ត្រីរបស់រដ្ឋាភិបាល ជាពិសេសពីខាងក្រសួងមហាផ្ទៃ តែមិនអាចទំនាក់ទំនងបាន ដោយពួកលោកម្នាក់ៗសុទ្ធតែឆ្លើយថា «ជាប់រវល់»។

យោងតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល បានចែងពីការការពារ នូវប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ តួយ៉ាងដូចជា​មាត្រាទី៣៨ បានសរសេរយ៉ាងច្បាស់ថា «... វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណា​ក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួន តាមផ្លូវតុលាការ» ។

----------------------------------------
ដោយ៖ ភ្នំធំ - ភ្នំពេញថ្ងៃទី ៣១ តុលា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...