ឃាតកម្មលើលឹម ស្រីពេជ្រ៖ ជនមានអំណាច នៅពីក្រោយ?
អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេត ទៅលើឃាតកម្ម និងការចាប់ជំរិត ទៅលើជនរងគ្រោះ នាង លឹម ស្រីពេជ្រ អាយុ១៩ឆ្នាំ អតីតកញ្ញាឯករបស់ក្រុមហ៊ុនភេសជ្ជះ ស្ប៉ាយ។ តែជាលទ្ធផលមួយ ដែលមតិសាធារណមួយចំនួន បានយល់ថា មិនសូវចំ និងខ្វះតម្លាភាព។ រីឯឪពុករបស់ជនរងគ្រោះ បានសង្ស័យថា អាជ្ញាធរមានបំណងចង់លាក់បាំង ជនមានអំណាចណាផ្សេង ដែលបានទាក់ទងក្នុងសំនុំរឿងនេះ។
រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។
ជនសង្ស័យបីនាក់ ត្រូវបានដោះលែង
បណ្ដាអ្នកជិតខាង របស់ស្រ្តីឈ្មោះ ស៊ឹម គឹមហេង ដែលជាជនសង្ស័យអាយុ២៣ឆ្នាំ (ប្រភពខ្លះ ថានាងមានអាយុ៣៥ឆ្នាំ?) នៅក្នុងសំនុំរឿងឃាតកម្មទៅលើ នាងលឹម ស្រីពេជ្រ នេះបាននិយាយថា ពួកគាត់នៅមិនធ្លាប់ត្រូវបាន នគរបាលស៊ើបអង្កេត ហៅទៅសួរនាំឡើយ បើទោះជាពួកគាត់អះអាងថា នឹងអាចផ្ដល់ជាពន្លឺខ្លះៗ ទៅលើករណីនេះក៏ដោយ។ នេះជាការនិយាយអោយដឹង នៅក្នុងរបាយការណ៍មួយ របស់សារពត៌មានក្នុងស្រុក ខេមបូឌៀដែលី (Cambodia Daily) ដែលបានផ្សាយនៅថ្ងៃទី៣១តុលាកន្លងមក។
ខាងនគរបាល បានអះអាងថា ជនជាប់ចោទ ស៊ឹម គឹមហេង នេះជាជនដៃដល់តែមួយគត់ នៅក្នុងសំនុំរឿងឃាតកម្មនេះ ហើយបានរៀបរាប់ ដំណើរដើមហេតុនៃហេតុការណ៍ ពីដើមរហូតដល់ចប់។ ជនសង្ស័យ ស៊ឹម គឹមហេង បានស្គាល់ជនរងគ្រោះ លឹម ស្រីពេជ្រ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពី៣ខែមុន ហើយបានហៅនាងមកផ្ទះរបស់ខ្លួន ដើម្បីជជែកគ្នាពីរឿងចង់បើកហាងលក់សម្លៀកបំពាក់។ ជាដំណើររឿង ដែលត្រូវបានគេប្រមើលមើលឃើញថា «មានភាពប្រហាក់ប្រហែល» និង«ដូចមែនទែន»។ សូមបញ្ជាក់ឡើងវិញថា ជនសង្ស័យ ស៊ឹម គឹមហេង ត្រូវបាននគរបាលនិយាយថា បានជម្រិតទាមទារប្រាក់ ប្រមាណជា ១៦ ០០០ដុល្លាអាមេរិក ពីក្រុមគ្រួសាររបស់ជនរងគ្រោះ នៅក្រោយពេលដែលជនរងគ្រោះ ត្រូវបានឃាតករសម្លាប់រួចហើយ និងយកទៅប្លុងសាកសពចោល នៅក្បែរវត្តល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣តុលាឆ្នាំ ២០១២។ បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យស៊ឹម គឹមហេងរួចមក ជនសង្ស័យចំនួន ៣នាក់ទៀត ត្រូវបាននគរបាលឃាត់ខ្លួនបានជាបន្តបន្ទាប់ តែត្រូវបានដោះលែង ក្នុងរយះពេលពីរថ្ងៃក្រោយមក នៅពេលដែលនគរបាលរកពុំឃើញ ពីការពាក់ព័ន្ធរបស់ជនសង្ស័យក្រោយទាំងនេះ។
«នគរបាលមិនដែលមកសាកសួរអ្វី ពីយើងទេ»
សារពត៌មានដដែល បានស្រង់សម្ដីអ្នកជិតខាង របស់ជនសង្ស័យ ដោយបញ្ជាក់ពី ភាពស្ងប់ស្ងៀមរបស់ ស្រ្តីជាប់ចោទរូបនេះ ហើយថានាងទើបតែមករស់នៅក្នុងសង្កាត់នេះ ប្រហែលជាពីរខែមុនប៉ុណ្ណោះ។ ស៊ឹម គឹមហេង មានរថយន្ដមួយគ្រឿងប្រភេទ តូយ៉ូតា ហៃលេនដ័រ ដែលនាងបើកបររាល់ថ្ងៃ និងមានមិត្តប្រុសរបស់នាង ដែលគេធ្លាប់ឃើញ មានមិត្តភ័ក្រ របស់មិត្តប្រុសនោះ មកផឹកស៊ីនៅក្នុងផ្ទះនេះជាញឹកញាប់។ អ្នកយាមទ្វាម្នាក់ ប្រចាំទីស្នាក់ការអង្គការមួយ ស្ថិតនៅខាងមុខផ្ទះ ដែលជាកន្លែងកើតហេតុ បាននិយាយអះអាងថា «នគរបាលមិនដែលមកសាកសួរអ្វី ពីយើងទេ»។ បុរសអ្នកជិតខាងម្នាក់ ឈ្មោះសៀង បានបង្ហើបថា «ប៉ុន្មានសប្ដាហ៍មុនណ្នឹង ខ្ញុំឃើញមនុស្សប្រុសជាច្រើន បានចេញចូលទៅក្នុងផ្ទះនេះ។ ខ្ញុំមិនដឹងថា គេចេញចូលរឿងអីទេ តែសឹងតែរាល់ថ្ងៃ ខ្ញុំឃើញមានមនុស្សចេញចូលច្រើនណាស់។ ភាគច្រើនក្នុងចំណោមនោះ មកផឹក។ ប្រហែលជាមិត្តភ័ក្រ របស់មិត្តប្រុសរបស់នាង ស៊ឹម គឹមហេង។»
ស្រ្តីអ្នកជិតខាងម្នាក់ទៀត ឈ្មោះឌី ដែលមានហាងលក់ឥវ៉ាន់នៅក្បែរនោះ បាននិយាយថា «នាងស៊ឹម គឹមហេង ជួនកាលក្នុងសម្លៀកបំពាក់គេង បានមកហាងរបស់ខ្ញុំ ដើម្បីទិញអង្ករខ្លះៗ។ តែខ្ញុំមិនអាចនិយាយ ពីអត្តចរិករបស់នាងថាយ៉ាងដូចម្ដេចទេ បើនាងមិនដែលជជែកនិយាយស្ដីអ្វីផងនោះ។» អ្នកស្រីឌី បានអះអាងថា ថ្ងៃកើតហេតុ អ្នកស្រីបានឃើញ ស៊ឹម គឹមហេង និងជនរងគ្រោះ លឹម ស្រីពេជ្រ ចេញពីរថយន្ដ ហើយដើរចូលទៅក្នុងផ្ទះធ្វើអំពីឈើនេះ។ ចំណែកឯអ្នកដាំបាយ អោយអង្គការជប៉ុនមួយ ដែលមានផ្ទះជាប់នឹងផ្ទះរបស់ជនសង្ស័យ បាននិយាយប្រាប់ ខេមបូឌៀ ដែលី ដែរថាគាត់បានឃើញមិត្តប្រុសរបស់ជនសង្ស័យ ស្លៀកខោខ្លី ហើយបានចេញកាត់ក្រចក នៅខាងមុខផ្ទះ ក្នុងពេលរសៀលនៃថ្ងៃកើតហេតុ។
ជនមានអំណាច មានថានះខ្ពស់ ស្ថិតនៅពីក្រោយឃាតកម្ម?
ឪពុករបស់កញ្ញាឯកលឹម ស្រីពេជ្រ បាននិយាយកាលពីថ្ងៃ ២៦តុលា ប្រាប់សារពត៌មានដដែល ថាលោកមិនជឿថា ជនដៃដល់ ដែលចូលរួមសម្លាប់កូនស្រីរបស់លោក មានតែម្នាក់នោះទេ។ លោកលឹម អ៊ៀងស៊័រ បានបង្ហាញនូវការសង្ស័យយ៉ាងដូច្នេះថា «នគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ តែបានលែងទៅវិញ ៣នាក់ ដោយគ្មានអំណះអំណាងច្បាស់លាស់។ ខ្ញុំគិតថា មានជនមានអំណាច មានថានះខ្ពស់ ស្ថិតនៅពីក្រោយឃាតកម្មនេះ។» តាមអ្វីដែល លោកបាននិយាយ «ហាក់បីដូចជា គេបានរៀបគម្រោងមួយ ដើម្បីចោទដាក់បន្ទុក ទៅលើតែស្រ្តីជាប់ចោទរូបនេះតែម្នាក់»។
ប៉ុន្ដែការសង្ស័យនេះ ត្រូវបានច្រានចោលដោយនគរបាល។ លោកអេង សុភា នាយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឆ្លើយតបថា «ត្រង់ថា ឪពុកម្ដាយរបស់ជនរងគ្រោះ ជឿឬមិនជឿ ជាសិទ្ធិរបស់ពួកគាត់»។
កន្លងមក មានការសង្ស័យជាច្រើនរបស់សាធារណជន បានរិះគន់លើដំណើរការស៊ើបអង្កេត របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកម្ពុជា ក្នុងការនាំយកជនសង្ស័យពិតប្រាកដមកផ្ដន្ទាទោស។ មតិរិះគន់ទាំងនោះ បានវាយតម្លៃពីភាពខ្ជីខ្ជា នៃដំណើរស៊ើបអង្កេត របស់នគរបាល ទៅលើករណីឃាតកម្មទាំងឡាយ ថាបានធ្វើឡើងភាគច្រើន ដោយយោងទៅលើតែរបាយការណ៍សារភាព របស់ជនសង្ស័យតែប៉ុណ្ណោះ។ ជនដៃដល់ ក្នុងករណីឃាតកម្មជាច្រើនផ្សេងទៀត ត្រូវបានគេមើលឃើញថា មិនទាន់បានរកឃើញផង រហូតមកទល់នឹងបច្ចុប្បន្ន៕
----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ