កម្ពុជា៖ ស្គាល់គ្នាតាមហ្វេសប៊ុក ហៅទៅសម្លាប់ និងជម្រិត
ជនសង្ស័យ ចំនួន៤នាក់ បានត្រូវឃាត់ខ្លួន ក្រោយពីអំពើឃាតកម្មមួយ ទៅលើស្រ្តីវ័យក្មេងម្នាក់។ ជនសង្ស័យត្រូវបានគេ រកឃើញ ថាមានទំនាក់ទំនងស្គាល់គ្នា ជាមួយនឹងជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ប្រសិនបើនេះជារឿងពិតមែន យើងអាចរាប់ថា ជាព្រឹត្តិការណ៍បន្ថែមថ្មីមួយទៀត នៅក្នុងខែតុលានេះ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ពីរផ្សេងទៀត ដែលមានកើតនៅប្រទេសបារាំង និងកាណាដា ដែលជនរងគ្រោះបានសម្លាប់ខ្លួន ដោយសារតែការគម្រាម និងការបកបរិហាកេរ្តិ៍ នៅលើបណ្ដាញអាំងធើណែត និងជាពិសេស នៅតាមបណ្ដាញហ្វេសប៊ុក។
រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។
មិនមែនជារឿងមួយប្លែកប៉ុន្មានទេ បើគេនិយាយពីឃាតកម្មដែលកើតឡើងជាច្រើន នៅប្រទេសកម្ពុជា តែនេះជាលើកដំបូងបំផុតមួយនៅកម្ពុជា នៅពេលដែលគេបានដឹងថា ជនសង្ស័យបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីទាក់ទងជនរងគ្រោះ យកមកជម្រិតសម្លាប់នោះ។ នារីរងគ្រោះ ឈ្មោះលឹម ស្រីពេជ្រ អាយុ ១៩ឆ្នាំ ជាកញ្ញាឯក ប្រចាំក្រុមហ៊ុន ភេសជ្ជៈស្ប៉ាយ (Spy) បានត្រូវសម្លាប់ដោយ ស្រ្តីម្នាក់ទៀតឈ្មោះ ស៊ឹម គឹមហេង ហៅស៊ុន ជីង ស៊ីង អាយុ៣៥ឆ្នាំ ដែលប្រភពបានអោយដឹង ថាបានស្គាល់គ្នាតាមហ្វេសប៊ុក ហើយយកទៅប្លុងចោលនៅក្បែរវត្តល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កាសែតក្នុងស្រុកមួយឈ្មោះ «ភ្នំពេញប៉ុស្ដ៍» បានរាយការណ៍ថា សមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យទាំង៤ខាងលើ ដែលជាប់ចោទក្នុងឃាតកម្មនេះ តាំងពីថ្ងៃទី២៥តុលាមកម្លេះ តែបញ្ជាក់ថាបានឃាត់ខ្លួនស្ត្រីជនដៃដល់ តាំងពីថ្ងៃទី២៤តុលា ខណៈស្ត្រីរូបនេះទៅបើកលុយពីធនាគារ ដែលក្រុមគ្រួសារព្រមប្រគល់អោយ ជាថ្នូរនឹងកូនស្រីរបស់ខ្លួន។ ក្រុមគ្រួសារនៅថ្ងៃនោះ មិនទាន់ដឹងថាកូនស្រីរបស់ខ្លួន បានស្លាប់ទៅហើយនៅឡើយ។
នគរបាលបានអះអាងទៀតថា ជនរងគ្រោះបាត់ខ្លួននៅម៉ោង១២:៥០នាទីថ្ងៃត្រង់ ថ្ងៃ២៣ តុលា ដោយសារស្រ្តីជាជនដៃដល់ (គឹមហេង) បានហៅមកលេងផ្ទះ ហើយក៏ត្រូវជនដៃដល់ប្រើល្បិចបញ្ឆោតឲ្យភ្លេចខ្លួន រួចលបយកខ្សែលួសរឹតកពីក្រោយសម្លាប់ រួចហើយទើបយកស្កុតបិទមាត់ ដាក់ក្នុងគូថឡាន ពេលល្ងាចទើបដឹកយកទៅប្លុងចោល។
តាមកាសែតក្នុងស្រុក«កោះសន្ដិភាព» បានស្រង់សម្ដីមន្ត្រីនគរបាលម្នាក់ ដោយបញ្ជាក់ពីការសារភាពរបស់ជនសង្ស័យ ថាជនសង្ស័យបានស្គាល់ជនរងគ្រោះតាំងពីរយះពេល ២ឆ្នាំមកហើយ។ តែបើតាមប្រភពពត៌មានផ្សេងទៀតជាច្រើន រួមទាំងប្រភពស្ថិតនឹងក្រុមគ្រួសារជនរងគ្រោះផង កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ បានស្គាល់ជនសង្ស័យ ស៊ឹម គឹមហេង តែតាមហ្វេសប៊ុក មានរយះពេលត្រឹមតែបីខែមុនប៉ុណ្ណោះ។
រូបថតរបស់ កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ក្នុងទំព័រហ្វេសប៊ុករបស់នាង។
កញ្ញាឯកស្ប៉ាយ លឹម ស្រីពេជ្រ ដែលអ្នកមានគណនីនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ ថាមានរូបឆោមលោមពណ៌ស្រស់ស្អាតនោះ ជាកូនស្រីច្បងរបស់គ្រួសារអ្នករកទទួលទានខាងទិញ និងលក់រថយន្ដមួយ។ នាងបានរៀបការកាលពីដើមឆ្នាំនេះ ជាមួយនឹងបុរសម្នាក់អាយុ ២៦ឆ្នាំ មានមុខរបរខាងទិញ និងលក់ឡានដូចគ្នា។ តាមដំណឹងពីខាងនគរបាល ជនសង្ស័យបានសម្លាប់ជនរងគ្រោះរួច ហើយយកទៅប្លុងចោល មុននឹងប្រើទូរស័ព្ទរបស់ជនរងគ្រោះ មកទាមទារប្រាក់ចំនួន ៥០ ០០០ដុល្លាអាមេរិក ពីក្រុមគ្រួសារ។ តែទឹកប្រាក់នេះ ត្រូវបានតថ្លៃ ដោយខាងក្រុមគ្រួសារ អោយចុះមកនៅត្រឹមតែ ១៦ ០០០ដុល្លាប៉ុណ្ណោះ។
នៅថ្ងៃទី ២៥តុលា អាជ្ញាធរខ្មែរបានអោយជនសង្ស័យ បង្ហាញឡើងវិញ ពីដំណើរឃាតកម្ម នៅចំពោះមុខអ្នកកាសែត ហើយត្រូវបានគេយកមកចាក់ផ្សាយ តាមបណ្ដាញទូរទស្សន៍ក្នុងស្រុក និងលើអាំងធើណែត។ លោកអ្នកអាចទស្សនាបាននៅទីនេះ៖
ប្រសិនបើឃាតកម្មនេះ វាកើតចេញពីការស្គាល់គ្នា នៅលើបណ្ដាញសង្គមហ្វេសប៊ុកមែននោះ វាបានក្លាយជាមេរៀនមួយបន្ថែមទៀត ទៅលើករណីខ្លះផ្សេងទៀត ដែលបានធ្លាប់កើតមានរួចមកហើយ ដូចជាជនល្មើសបានទាក់ទងជនរងគ្រោះទៅរំលោភសេបសន្ធវះ ឬទៅបោកបន្លំយករបស់របរមានតម្លៃជាដើម។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ឆ្លៀតក្នុងអត្ថបទនេះ សូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាមួយនឹងគ្រួសារជនរងគ្រោះ ហើយដូចជារៀងរាល់ដង ធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះពួកឧក្រិដ្ឋជន ដែលប្រើមធ្យោបាយយ៉ាងកំសាកបែបនេះ ដោយសង្ឃឹមជឿជាក់យ៉ាងខ្លាំងទៅលើ សមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាប់ជនល្មើសមកផ្ដន្ទាទោស។
ជាមួយនឹងបច្ចេកវិទ្យាទំនើប តាមរយះទូរស័ព្ទដៃ និងប្រព័ន្ធកំព្យូទ័រ ឬក្ដាបញ្ជា គេបានមើលឃើញពីភាពបើកទូលាយយ៉ាងសម្បើមមួយ នៅក្នុងពិភពអាំងធើណែត ក្នុងប្រទេសកម្ពុជា។ ឆ្លងកាត់នូវរឿងហេតុដូចបានជម្រាបនេះ រួមនឹងព្រឹត្តិការណ៍ជាមេរៀន ក្នុងប្រទេសផ្សេងៗ លើពិភពលោកផង គម្បីរំលឹកទៅដល់ឪពុកម្ដាយ និងអាណាព្យាបាល សូមអោយពួកគាត់បង្កើន ការប្រិតប្រៀងរៀនសង្កេត និងប្រសិនជាអាច «ដាក់កំហិត» ដល់កូនចៅ យុវជនយុវនារី ជំទង់ៗទាំងឡាយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដើម្បីកុំអោយធ្លាក់ ទៅក្នុងការអូសទាញ តាមបែបងងឹតងងល់មួយ។ ធ្វើយ៉ាងណា យើងត្រូវបញ្ជៀសកុំអោយការបើកទូលាយនេះ វាប្រែក្លាយជាវិនាសកម្មដ៏ខ្លោចផ្សារ ដែលនឹងងាកត្រឡប់មករកខ្លួនយើង គ្រួសារយើង ឬសង្គមយើងវិញនោះអោយសោះ៕
----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ