ចម្រៀង ទុក្ខអ្នកទោសគុកត្រពាំង«ផ្លុង» (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទចំរៀងមួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យធ្វើការរបស់លោកនោះផង។
លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ទុក្ខអ្នកទោសត្រពាំងផ្លុង - ជាមួយនឹងការច្រៀងរៀបរាប់ពី«ទុក្ខ»លំបាករបស់ខ្លួន ក៏ដូចជាអ្នកទោសដទៃៗផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនដោយគ្មាន«កំហុសអ្វី»នោះ លោក វ៉ន ពៅ បានរៀបរាប់ពីការរស់ នៅក្នុងពន្ធនាគារត្រពាំងផ្លុង នៃអ្នកទោសមួយចំនួន ដែលត្រូវបានគេចាប់ខ្លួន និងចាត់ទុកដូចជា«សត្វ»ធាតុ ជាមួយនឹងការហូបបាយពូតជាដុំ ដាក់ក្នុងត្រឡោកនោះ។
ក្នុងរយៈពេលជាងប្រាំខែក្នុងពន្ធនាគារ
ក្នុងបទសម្រៀងនេះ លោក វ៉ន ពៅ មិនបានបង្ហាញពីទិដ្ឋភាពទូទៅ នៃការរស់នៅនៃអ្នកទោសទាំងអស់ឡើយ។ លោកគ្រាន់តែរៀបរាប់ ពីការរស់នៅជាមួយនឹងជំងឺប្រចាំការ រួមផ្សំនឹងរបួសដែលត្រូវបានវាយដំ ដោយក្រុមទាហានបន្ទាប់ពីចាប់ខ្លួននោះ។ លោកបានបន្ថែមថា ក្នុង«ទ្រុង»ដែកនៃគុកពាំងផ្លុង ជាប់ព្រំប្រទល់ប្រទេសវៀតណាមដោយ «គ្មាន»កំហុស ដោយមិនបានធ្វើអ្វី«ខុស»ដូចការចោទប្រកាន់នោះ។ លោកបានបង្ហាញនូវការហួសចិត្ត ចំពោះការចាប់ខ្លួននោះ ដែលធ្វើឲ្យពួកគាត់ត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែង និងប្រពន្ធកូន។
នេះជាឃ្លាដំបូង ដែលលោកបានច្រៀងរៀបរាប់ដូច្នេះថា «២ មករា ប្រហារដួងចិត្ត ទាហានគ្មានអាណិត ប្រុងផ្តាច់ជីវិតឲ្យក្ស័យសង្ខា ឈាមក្រហមឆ្អៅដឹតជាប់ឱរ៉ា ឈឺស្ទើរមរណា សែនអនិច្ចារជិវិតពួកខ្ញុំ។ គ្មានទោសអ្វីសោះគេចាប់ខ្លួនឃុំ ខ្ញុំឈ្លាតឆ្ងាយទ្រនំធ្លាប់រស់សុខំជុំប្រពន្ធកូន។»
លោកបានលើកឡើងថា ជីវិតសម្រាប់រូបគាត់ ឬអ្នក២០នាក់ផ្សេងទៀត ត្រូវបានទទួលនូវបាយពូតជាដុំដាក់ក្នុង«ត្រឡោក» ដែលលោកចាត់ទុកថា ជាការរស់នៅសែន«ថោក»។ លោកបានរៀបរាប់ថា៖ «ស្រណោះខ្លួនណាស់របួសផ្ទួនៗ ជំងឺរុកគួន រស់ក្នុងទ្រុងដែក។ (...) ជីវិតរស់នៅសែនថោក រស់នៅស្មោករោគ ញាំបាយត្រឡោក ពូតបាយជាដុំ។»
ក្នុងបទចម្រៀងនេះ ដោយឆ្លងកាត់ការដាក់ទោស លើអ្នកគ្មានកំហុស នៅពន្ធនាគារ«ម៣» ព្រំដែនខ្មែរយួន បានស្តែងជាមេរៀនជិវិត សម្រាប់អ្នកតស៊ូដើម្បីសេរីភាពបុគ្គល និងប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះ លោកក៏អំពាវនាវដល់ខ្មែរគ្រប់រូប ឲ្យរស់នៅដោយសាមគ្គីភាព គិតពីប្រយោជន៍ជាតិ និងសង្គមជាធំ។
ក្នុងវគ្គបញ្ចប់ក្នុងបទចម្រៀងដដែល លោកបានពោលដូច្នេះថា «ត្រពាំងផ្លុង(ម៣) ព្រំដែនខ្មែរ-យួន ដួងចិត្តខ្ញុំអង្រួន ប្រាប់ញាតិបងប្អូន ឲ្យរួបរួមសាមគ្គី ខ្មែរអើយក្រោកឡើងនាំគ្នាមូលមី ខ្មែរគ្រប់ទិសទី ខិតខំ សំភីដើម្បីជាតិយើង»៕
សូមទស្សនាវីដេអូ នៃបទចម្រៀងនេះដូចខាងក្រោម៖