សម្ភាស ថេង សាវឿន៖ ខ្ញុំ​មិន​បាក់​ស្បាត មិន​ចុះ​ចាញ់​ជា​ដាច់​ខាត

ទោះបីការជាប់ពន្ធនាគាររយៈពេល៥ខែនេះ បានជួបនូវបញ្ហាលំបាក និងការគម្រាមកំហែងយ៉ាងណាក៏ដោយ លោក ថេង សាវឿន ដែលទើបនឹងមានសេរីភាពថ្មីថ្មោង បានអះអាងថា លោកនឹងមិនបញ្ឈប់នោះទេ នូវសកម្មភាព​ដែល​លោកបានធ្វើកន្លងមក ដើម្បីទាមទារឱ្យមានការរស់នៅសមរម្យរបស់កម្មករ និងទាមទារសិទ្ធិរស់នៅជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋខ្មែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះបីការជាប់ពន្ធនាគាររយៈពេល៥ខែនេះ បានជួបនូវបញ្ហាលំបាក និងការគម្រាមកំហែងយ៉ាងណាក៏ដោយ លោក ថេង សាវឿន ដែលទើបនឹងមានសេរីភាពថ្មីថ្មោង បានអះអាងថា លោកនឹងមិនបញ្ឈប់នោះទេ នូវសកម្មភាព​ដែល​លោកបានធ្វើកន្លងមក ដើម្បីទាមទារឱ្យមានការរស់នៅសមរម្យរបស់កម្មករ និងទាមទារសិទ្ធិរស់នៅជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋខ្មែរ។


លោក ថេង សាវឿន អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - «ក្នុងនាមខ្ញុំជាសកម្មជនការពារសិទ្ធមនុស្ស ខ្ញុំមិនរាងចាលឡើយ ហើយនឹងបន្តយុត្តិនាការ ជាមួយប្រជា​ពលរដ្ឋ កម្មករ កម្មការិនីបន្ថែមទៀត ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រាក់ឈ្នួល» នេះជាការថ្លែងរបស់ អតីត​ជន​ជាប់ចោទ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា កន្លងទៅនៅមុខរោងចក្រយ៉ាកជីន បន្ទាប់ពីការដោះលែង​ឱ្យ​មានសេរីភាព។ លោក ថេង សាវឿន អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបញ្ជាក់ពីជំហរ​របស់​ខ្លួន ក្នុងការបំរើសង្គមបន្តថា បើទោះបីជាការរស់នៅក្នុងពន្ធនាគារ មានការលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏លោក​មិន​បាក់ស្បាតជាមួយនឹងស្ថានភាព ដែលលោកបានជួបប្រទះកន្លងមកនេះដែរ។

លោកថ្លែងបន្តថា៖ «ខ្ញុំសូមផ្តាំផងដែរថា យុវជន ប្រជាពលរដ្ឋ ដែលជាអ្នកស្នេហាជាតិ សូមមេត្តាកុំខ្លាច​ពាក្យថា​ពន្ធនាគារ ឬការចាប់ដាក់គុកដាក់ច្រវ៉ាក់ ពីព្រោះខ្ញុំជាក់ស្តែង បានរស់នៅ៥ខែក្នុងមណ្ឌលកែប្រែត្រពាំងផ្លុងម៣ ដែលជាមណ្ដលមួយ ធ្វើការគាបសង្កត់ទៅលើអ្នកនយោបាយ អ្នកតស៊ូដែលហៅថាការលត់ដំជីវិត។ បើថ្វីត្បិត​តែយើងរស់នៅក្នុងមណ្ឌល ឬក៏នៅក្នុងគុកក៏ពិតមែន តែចិត្តកាយយើងនៅគិតអំពីបញ្ហាជាតិ បញ្ហាប្រជាពលរដ្ឋ បញ្ហារបស់កម្មករជានិច្ច។»

ស្ថានភាពអំឡុងពេលជាប់ឃុំ

នៅពន្ធនាគារត្រពាំងផ្លុង សកម្មជនការពារសិទ្ធមនុស្ស​រូបនេះ បានរៀបរាប់ពីអ្វី​ដែល​លោកបានជួបប្រទះនៅក្នុង​ពន្ធធាគារថា នៅទីនោះ ពួកលោកទាំ២៣ ត្រូវបានរិតត្បិតសេរីភាពជាងគេ ក្នុង​ចំណោម​អ្នកទោសផ្សេងទៀត គឺមិន​ត្រូវបានគេអនុញ្ញាត ឱ្យធ្វើការជួបប្រជុំគ្នាចាប់ពី២នាក់ឡើង សូម្បីតែទៅហូបកាហ្វេ​អង្គុយតុជិតគ្នា ក៏ត្រូវបានគេ​បំបែកដែរ។ ការប្រាស្រ័យទាក់ទងគ្នា ត្រូវស្ថិតនៅចំងាយ១៥ម៉ែត្រពីគ្នា និងត្រូវស្ថិត​ក្នុងការតាមដានរបស់​មន្រ្តីឃ្លាំ​មើលរបស់ពន្ធនាគារ ស្ទើរគ្រប់ពេលវេលាមិនថាយប់ មិនថាថ្ងៃ។

លោកបន្តថា៖ «យើងក៏រងនៅគំនាបផ្សេងទៀត ពីសំណាក់ពីមន្រ្តីពន្ធនាគារ តាមរយៈពាក្យសម្តីដ៏គ្រោតគ្រាត ដែល​ពួកគាត់ប្រើប្រាស់មកលើពួកយើង នៅពេលដែលគាត់គិតថា ពួកយើងជាអ្នកបង្កចលាចលលនៅក្នុងសង្គម និងជា​ជនអនាធិបតេយ្យ»។

មន្រ្តីសង្គមស៊ីវិលរូបនេះបានបញ្ជាក់បន្ថែមថា កាលពីលោកទៅដល់គុកត្រពាំងផ្លុងមុនដំបូង ពួកលោកត្រូវបានគេ​ឱ្យស្រាតសំលៀកបំពាក់ចេញ។ ហើយអ្វី ដែលធ្វើឱ្យលោកមានការឈឺចាប់ជាងនេះ ទៅទៀតនោះ គឺត្រូវបានគេ​បញ្ជាឱ្យលូន និងសំពះដល់មន្រ្តីឆ្មាំពន្ធនាគារនៅទីនោះ។

ដោយសារតែក្នុងពេលបានចាប់ខ្លួន លោកត្រូវបានទាហានកងពលតួចឆ័ត្រយោង វាយឱ្យរបួសយ៉ាងដំណំ និង​មានបែកក្បាលផងនោះ លោកថេង សាវឿន បានឱ្យដឹងថាលោកបានក្អួតឈាមពីរដង តែការយកចិត្តទុកដាក់​ក្នុង​ការព្យាបាលពីគ្រូពេទ្យនៅទីនោះ មិនមាននោះទេ។ ចំណែកឯថ្នាំសម្រាប់ព្យាបាលវិញ គ្មានអ្វីក្រៅពីថ្នាំប៉ារ៉ា អាម៉ុក និងអាស្ពីរីនទេ ទោះជាឈឺជំងឺប្រភេទអ្វីក៏ដោយ។

បណ្តឹងទាស់ទៅនឹងការសម្រេចរបស់សាលាដំបូង

បើទោះបីជាទោសទាំងប៉ុន្មានរបស់លោក ត្រូវបានព្យួរក៏ដោយ ប៉ុន្តែមន្រ្តីការពារសិទ្ធិមនុស្សរូបនេះ អះអាងថា​លោក​មិនអាចទទួលយកបានទេ នូវការសម្រចនេះ។ ការកាត់សេចក្តីរបស់តុលាការ កាលពីថ្ងៃទី៣០ ខែឧសភា ដែល​សម្រេចឱ្យលោកត្រូវជាប់ពន្ធនាគារ៤ឆ្នាំកន្លះ និងពិន័យជាប្រាក់៨លានរៀល ជារឿងមួយដែលអយុត្តិធម៌បំផុត សម្រាប់​ពួកលោក ព្រោះពួកលោកមិនបានប្រព្រឹត្តទោសកំហុសអ្វី ដូចការចោតប្រកាន់របស់តុលាការនោះទេ។ «យើងនឹងប្តឹងទាស់ នូវសាលក្រមដ៏អយុត្តិធម៌របស់តុលាការ (..) ដោយសារតែយើងជាជនរងគ្រោះ» នេះជាការ​បញ្ជាក់​បន្ថែមរបស់អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ៕

សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសនេះទាំងស្រុង ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...