ទិវាកុមារអន្តរជាតិ និងស្ថានភាពកុមារក្នុងប្រទេសកម្ពុជា
- ដោយ: ក. សេងហុង ដោយ ក.សេងហុង (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកុមារ តែងតែងត្រូវការថ្នាក់ថ្នម នឹងការថែទាំពីមនុស្សនៅជុំវិញ ខ្លួន ដើម្បីធ្វើឲ្យដំណើរជីវិតរបស់ពួកគេ អាចក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់សង្គម ដូចសុភាសិតខ្មែរតែងពោលថា៖«ទំពាំងស្នងឬស្សី ជនប្រុសស្រីស្នងប្រទេស» ដែលបង្ក្រប់អត្ថន័យនៃការផ្តល់សារៈសំខាន់ដល់កុមារ ដែលជាអ្នកស្នងប្រទេសជាតិ ឬពិភពលោកនាពេលពួកគេធំឡើង។ ផ្ទុយទៅវិញ ប្រសិនជាកុមារទាំងឡាយ ជួបបញ្ហាអ្វីមួយ ដូចជាវិបិត្តផ្លូវចិត្ត ឬពិការាងកាយ ដោយសារទង្វើររបស់មនុស្សធំវិញនោះ បញ្ហានេះនឹងក្លាយ ជាបន្ទុកមួយដ៏គ្រោះថ្នាក់ សម្រាប់មនុស្សជាតិជាមិនខាន។ ហេតុដូច្នេះហើយ ការការពារសិទ្ធិកុមារគឺជាកាតព្វកិច្ចរបស់មនុស្សពេញវ័យ និងចាស់ត្រូវធ្វើដើម្បីធានា និងទទួលខុសត្រូវ ចំពោះការលូតលាស់មួយ ដ៏ប្រសើរសម្រាប់កុមារ។
ស្នាមញញឹមរបស់កុមារីខ្មែរ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។ (រូបថត MONOROOM.info/ D.KEO)
ទិវាកុមារអន្តជាតិត្រូវបានប្រារព្ធឡើង ពីប្រទេសជាច្រើន នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ដោយកំណត់យកថ្ងៃទី០១ មិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធរំលឹកពីសិទ្ធិកុមារទាំងឡាយ ដែលកុមារត្រូវតែទទួលបាន។ ក្នុងចំណោមសិទ្ធិសំខាន់ៗទាំងអស់ សិទ្ធិធំបីដែលកុមារត្រូវទទួលបានគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួម។
ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្ធជាលើកដំបូង ដោយសន្និសិទពិភពលោក សម្រាប់សុខុមាល ភាពរបស់កុមារនៅក្នុងឆ្នាំ ១៩២៥ និងបានប្រកាសជាសាកល នៅឆ្នាំ ១៩៤៥។ ថ្ងៃបុណ្យនេះ ចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥០ តាមរយៈការប្រារព្ធឡើងដោយសហព័ន្ធប្រជាធិបតេយ្យស្រ្តីអន្តរជាតិ (Women's International Democratic Federation) ក្នុងសមាថក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទីទី ២២ ខែវិច្ចិកា ឆ្នាំ១៩៤៩។ ដោយឡែក អង្គការសហប្រជាជាតិបានអនុម័តថ្ងៃទី ២០ ខែវិច្ចកា ជាថ្ងៃបុណ្យសកលនៃទិវាកុមារអន្តរជាតិ។
រីឯអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលត្រូវបាន អនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ត្រូវ ចូលជាធរមាននៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ១៩៩០ ខណៈប្រទេសកម្ពុជាបានក្លាយជារដ្ឋភាគីនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ១៩៩២។ លើសពីនេះ ប្រទេសកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ពិធីសារបន្ថែមមួយចំនួនទៀតដូចជា ពិធីសារបន្ថែម នៃអនុសញ្ញាស្តីពីសិទ្ធិកុមារពាក់ព័ន្ធ និងការចូលរួមរបស់កុមារ ក្នុងជម្លោះប្រដាប់អារុធ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០០៤ ពិធីសារបន្ថែម នៃអនុសញ្ញាស្តីពីសិទ្ធិកុមារពាក់ព័ន្ធនឹងការលក់កុមារ ពេស្យាកម្មកុមារ និងរូបភាព ឬសម្ភារៈអាសអាភាសកុមារ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០០២ ប៉ុន្តែពិធីសារបន្ថែម លើអនុសញ្ញាស្តីពីសិទ្ធិកុមារ ពាក់ព័ន្ធនឹងនីតិវិធីបណ្តឹង ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១១ ប្រទេសកម្ពុជាមិនទាន់ក្លាយ ជាភាគីហត្ថលេខីនៅឡើយទេ។
ទោះយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ( Human Right watch) បានផ្សាយពីថា កុមាររាប់លាននាក់នៅលើពិភពលោក នៅតែរស់នៅដោយមិនបានទទួលការអប់រំ ធ្វើការងារ ច្រើនម៉ោង ដោយប្រឈមនឹងហនិភ័យការងារ ការបង្ខំឲ្យក្លាយជាឧបករណ៏សង្គ្រាមក្នុងជម្លោះ ប្រដាប់អាវុធ ឬត្រូវចាប់ដាក់គុក ឃុំឃាំង ជួញដូរ កេងប្រវ័ញ្ញទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ព្រមទាំងអំពើអមនុស្សធម៌ ដោយគ្មានការថែទាំងនិងការពារជាច្រើនទៀត។
ស្ថានភាពកុមារនៅកម្ពុជា
យោងតាមគេហទំព័ររបស់អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានបង្ហាញពីស្ថានភាពកុមារកម្ពុជា នៅតែទទួលបានការរំលោភបំពានផ្សេងៗ ព្រមទាំងក្លាយជា កម្មវត្ថុនៃអំពើហិង្សា ការកេងប្រវ័ញ្ច ការរំលោភបំពានផ្លូវភេទ ការជួញដូរមនុស្ស និង ការប្រឈមគ្រោះថ្នាក់លើពលកម្មកុមារ។ សូម្បីតែសិទ្ធិសេរីភាព ក្នុងការទទួលបានពត៌មាន របស់កុមារក៏ត្រូវស្ថិតក្នុងកំរិតទាបដែរ ជាពិសេសការចូលរៀននៅថ្នាក់បឋម។ តាមរយៈ អង្គការលីកាដូ ក៏បានបង្ហាញ ពីការព្រួយបារម្ភរបស់ស្ថានភាពកុមារមួយចំនួន ដែលរស់នៅក្នុង ពន្ធធនាគារជាមួយម្តាយ ទាំងពួកគេគ្មានកំហុសអ្វីទាំងអស់។ល។
បញ្ហារំលោភសិទ្ធិកុមារទាំងនេះ នៅតែជាបញ្ហានៃការព្រួយបារម្ភមួយរបស់ប្រទេសកម្ពុជា ខណៈពេលរដ្ឋាភិបាលបានប្រារព្ធទិវានេះលើកទី ៦៥ ទៅហើយ។