អ្នកស៊ើបអង្កេតបន្តគិតថា យន្ដហោះបានធ្លាក់ក្នុងសមុទ្រឥណ្ឌាខាងត្បូង
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកការិយាល័យសុវត្ថិភាពគមនាគមន៍ របស់ប្រទេសអូស្ត្រាលី នៅតែបន្តអះអាងកាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ពីទឡ្ហីករណ៍ច្បាស់លាស់របស់ក្រុមអ្នកស៊ើបអង្កេត ដែលបង្ហាញថា តួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ពិតជាមាននៅលើមហាសមុទ្រឥណ្ឌា។
រូបថត ពីលើយន្ដហោះ ដែលត្រូវបានបញ្ជូនឲ្យទៅរុករកយន្ដហោះបាត់ខ្លួន។ (រូបថត Reuters)
បាត់យន្ដហោះ - បើតាមផ្កាយរណប ដែលបានតាមដានដំណើររបស់យន្ដហោះប៊ូអីង រហូតដល់យន្ដហោះបានបាត់ខ្លួនទាំងស្រុងនោះ នៅថ្ងៃទី៨ ខែមីនានោះ បានឲ្យដឹងថា យន្ដហោះប្រាកដជាបានធ្លាក់បោកខ្លួន នៅកន្លែងណាមួយ នៃរង្វង់ដែលគេបានគូស ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ឬអាចទៅខាងជើងនៃប្រទេសថៃ ឆ្ពោះទៅប្រទេសកាហ្សាស្ដង់។
អ្នកជំនាញបានគិតថា តួយន្ដហោះនឹងត្រូវបានរកឃើញ បន្ទាប់ពីពួកគេបានទទួលបាន នូវរលកសម្លេងនៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខាងលិច នៃប្រទេសអូស្ត្រាលី។ការទទួលបាននូវសម្លេងនេះហើយ ដែលធ្វើឲ្យគេបានបោះបង់ចោល នូវការរុករកយន្ដហោះ ឆ្ពោះទៅទិសខាងជើង។ ហើយដោយសារតែការទទួលបាន នូវរលកសម្លេងទាំងនេះដែរ ទើបធ្វើឲ្យក្រុមអ្នករុករកមកពីប្រទេសជាច្រើន នៅក្នុងតំបន់ បានប្រមូលគ្នាសម្រុកទៅស្វែងរកយន្ដហោះ នៅទីនោះ ដោយបានប្រើប្រាស់នូវមធ្យោបាយសំខាន់ៗ និងចាំបាច់នានា សំដៅធ្វើយ៉ាងណារុករកយន្ដហោះនៅក្រោមសមុទ្រឲ្យបាន។
ការស្វែងរក«ម្ជុលនៅបាតសមុទ្រ» បានបន្តធ្វើរហូមកដល់ថ្ងៃទី២៩ ខែឧសភាមុននេះ ដែលនៅទីបំផុត យុទ្ធនាការរុករក ត្រូវបានបោះបង់ចោល ដោយសារតែការវិភាគថ្មីបានឲ្យដឹងថា រលកសម្លេងដែលទទួលបាន ទំនងចេញពីនាវា ឬប្រព័ន្ធអេឡិចត្រូនិករបស់យានជ្រមុជទឹក តែមិនមែនចេញពីប្រអប់ខ្មៅ របស់យន្ដហោះប៊ូអីងនោះឡើយ។ ប៉ុន្តែពួកអ្នកស៊ើបអង្កេត នៅតែបន្តគិតថា យន្ដហោះពិតជាបានធ្លាក់នៅតំបន់នោះ។
លោកនាយកការិយាល័យសុវត្ថិភាពគមនាគមន៍ របស់ប្រទេសអូស្ត្រាលី លោក ម៉ាទីន ដូលេន (Martin Dolan) បាននិយាយប្រាប់អ្នកការសែតថា៖ «នៅតំបន់នោះ ជាកន្លែងសង្ស័យខ្លាំងជាងគេបំផុត»។ លោកបានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃនេះ មិនមានអ្វីមកបញ្ជាក់ពីកន្លែង ដែលក្រុមអ្នករុករកបានស្វែងរកយន្ដហោះនោះ ថាជាកន្លែងមិនត្រូវនោះឡើយ។ «ប៉ុន្តែយើងនឹងធ្វើការវិភាគឲ្យលំអិត ដើម្បីកំណត់ពីតំបន់រុករកនោះ ឲ្យច្បាស់ជាងនេះ»។
បើតាមលោក ម៉ាទីន ដូលេន ទិន្និន័យដែលផ្ដល់ដោយប្រព័ន្ធផ្កាយរណប របស់ក្រុមហ៊ុន អ៊ីនម៉ាសាត (Inmarsat) មានលក្ខណៈប្រាកដ និងច្បាស់ ដែលគេនៅតែអាចយកមកធ្វើ ជាហេតុផលក្នុងការវិភាគនេះបាន។
ឆ្លើយតបនឹងសំនួររបស់អ្នកការសែត ដែលបានលើកឡើងពីគ្រួសារជនរងគ្រោះ ដែលបានចោទប្រកាន់អាជ្ញាធរម៉ាឡេស៊ី ថាបានលាក់ព័ត៌មាននោះ លោក ដូលេន បានថ្លែងថា លោកយល់ពីកំហឹងរបស់ពួកគេ ប៉ុន្តែលោកបានបដិសេធ ពីការសង្ស័យទាំងនោះ។ លោកបាននិយាយថា «យើងដឹងច្បាស់ណាស់ថា បណ្ដាជនទាំងនោះ មិនជឿជាក់ទៅលើការវិភាគនេះទេ។ ទំនុកចិត្តរបស់យើង មានទំហំធំជាងការវិភាគនោះឆ្ងាយណាស់។ តែយើងនឹងធ្វើការត្រួតពិនិត្យឲ្យបានទ្វេដង ដើម្បីបញ្ជាក់ពីទំនុកចិត្តនេះ។»៕