ក្រសួង​ការងារ​ព្រមាន​រោង​ចក្រ​មិន​គោរព​ច្បាប់ ប្ដឹង​ឡើង​តុលាការ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការតឹងរឹង ចំពោះរោងចក្រណា ដែលមិនគោរពនឹងច្បាប់ការងារ។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋមន្ត្រីក្រសួង នៅថ្ងៃទី១១ ខែកុម្ភៈនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជា​ថ្មី​ម្ដង​ទៀត ដែល​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​លើក​មក​បង្ហាញ នូវ​កំហុស​ជា​ច្រើន របស់​រោងចក្រ​មួយ​ចំនួន ដែល​មិន​គោរព​ច្បាប់​ការងារ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មាន​រោងចក្រ​មួយ​ចំនួន នៅ​មិន​ទាន់​បាន​អនុវត្ត​ការ​ផ្តល់​សេវា​សុខភាព អនាម័យ និង​លក្ខខ័ណ្ឌ​ការងារ​ផ្សេងៗ​ទៀត ជូន​កម្មករ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ នៅ​ក្នុង​ការ​អនុវត្ត​ការងារ ក្នុង​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៤ ទិសដៅអនុវត្តការងារឆ្នាំ ២០១៥ នៃការអនុវត្​តផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ២០១៤០ ដល់ ២០១៨ដែលធ្វើឡើង នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នេះ។

ឆ្លើយតបនឹងបញ្ហានេះ លោក អ៊ិត សំហេង បានថ្លែងបន្តថា បើសិនជារោងចក្រទាំងអស់នោះ នៅតែក្រាញ​ននៀល មិនព្រមអនុវត្តតាមច្បាប់ការងារជូនកម្មករទៀតនោះ លោកនឹងចាត់វិធានការ​ព្រមានដល់រោងចក្រ​ទាំង​នោះ។ នេះជាវិធានការទី ១របស់ក្រសួង។ ប៉ុន្តែបើសិនជាព្រមានហើយ នៅតែមិនគោរព និងអនុវត្ត​ច្បាប់ការងារ​ទៀត នោះក្រសួងនឹងធ្វើការផាកពិន័យ ដោយគិតទៅតាមបទដ្ឋាន នៃមេគុណចំនួនថ្ងៃអនុវត្ត​ការងាររបស់​រោងចក្រ។ សម្រាប់វិធានការទី ៣ ដែលជាវិធានការចុងក្រោយនោះ គឺក្រសួងការងារនឹងបញ្ជូនសំនុំរឿង ឲ្យ​តុលាការដោះស្រាយតែម្តង។

លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា៖ «ព្រមានហើយមិនអនុវត្ត ត្រូវតែផាក ផាកហើយនៅតែមិនអនុវត្តទៀត ត្រូវតែបញ្ចូលទៅតុលាការ។ នេះជានីតិវិធី ដែលមានចែង ក្នុងច្បាប់ស្តីពីការងារ។»

លោកបន្តថា កន្លងមានរោងចក្រមួយចំនួន បានទទួលការពិន័យ ដោយបំពេញកំហុសខ្វះខាតបន្ថែម ជាការចប់។ ពួកគាត់មិនចង់ឡើងដល់តុលាការ រហុតដល់បិទទ្វានោះឡើយ។ លោកបានបញ្ជាក់ដូច្នេះថា៖ «រឿងនេះ មិនដល់ថ្នាក់បិទរោងចក្រទេ ច្រើនណាស់យើងពិនិត្យ យើងព្រមានគាត់ ហើយផាកគាត់។ គាត់មិនចង់ទៅតុលាការទេ យ៉ាងច្រើនគាត់បង់ផាក។ បង់ផាកហើយ គាត់កែសម្រួលបន្តិចទៅចប់ហើយ។»

គួរបញ្ជាក់ថា នៅឆ្នាំ២០១៤ កន្លងទៅនេះ មានរោងចក្រកាត់ដេរប្រមាណ៥០ មាននៅគ្រប់រាជធានី-ខេត្ត ត្រូវ​បាន​ក្រសួងព្រមាន និងផាកពិន័យ ដោយសារតែ មិនគោរពតាមច្បាប់ការងារនៅកម្ពុជា។

លោក អ៊ិត សំហេង បានបញ្ជាក់ទៀតថា ក្រសួងការងារហាមដាច់ខាត មិនឲ្យមានករណីបង្ខំកម្មករ ឲ្យថែមម៉ោង​ធ្វើការ​នោះ​ទេ។ ក្រសួងអនុញ្ញាតឲ្យពួកគេធ្វើការថែមម៉ោង ត្រឹមតែពីរម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា មានការបង្ខំឲ្យថែមម៉ោងនោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកស្នើទៅរោង​ចក្រ​ទាំងអស់ ធ្វើ​យ៉ាង​ណាអនុវត្តច្បាប់ការងារឲ្យបានត្រឹមត្រូវ ព្រោះបើកម្មករធ្វើការងារច្រើនម៉ោងពេក វាធ្វើឲ្យ​ពួក​គេ​អាច​មាន​ការប៉ះពាល់ដល់សុខភាព និងអាចឈានទៅដល់ការដួលសន្លប់ក៍អាចថាបាន ហើយក្រសួងក៍ពិបាក​ដោះស្រាយ​បញ្ហានេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...