ស្រីបីនាក់ស្រាត ស្វាគមន៍អតីតនាយកមូលនិធិអន្តរជាតិចូលតុលាការ (vdo)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 11, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនមានតែអ្នកសារព័ត៌មានទេ ដែលទៅរង់ចាំលោក ដូមីនិក ស្ត្រូសកាន (Dominique Strauss-Kahn) អតីតនាយកមូលនិធិអន្តរជាតិ នៅខាងមុខតុលាការក្រុង លីល (Lille ខាងជើងប្រទេសបារាំង) នោះឡើយ។ តែក្រុមសកម្មជន ហ្វីមេន (Femen) ដែលល្បីខាងតវ៉ា ដោយប្រើវិធីដ៏ពិសេសជាងគេ ដោះអាវទាំងអស់បង្ហាញដើមទ្រូងនោះ ក៏មានវត្តមានរង់ចាំលោក ដូមីនិក ស្ត្រូសកាន ដូចគ្នា។ ប៉ុន្តែជាការរង់ចាំមួយ ដែលគ្មាននរណានឹកស្មានដល់ឡើយ។
គ្មាននរណាដឹងថា យុវតីទាំងបីជាសកម្មជនមកពី ក្រុមហ្វីមេនដូច្នេះទេ ព្រោះពួកនាងបានចូលមកជិតគេឯង ដោយមានសម្លៀកបំពាក់ត្រឹមត្រូវ។ តែនៅពេលដែលរថយន្ដរបស់លោក ដូមីនិក បានបើកមកដល់ច្រកចូល ខាងមុខតុលាការ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ពួកនាងបានស្រាត ដោះអាវខាងលើចោលទាំងអស់ ព្រលែងដើមទ្រូងនៅកណ្ដាលវាល រួចលោតទៅលើរថយន្ដលោក ស្ត្រូសកាន ជាមួយនឹងសម្រែកស្រែកឡើងថា៖ «អាអូនអ្នកឯង ក៏វាប្រកាសទទួលទោសដែរ (បកប្រែក្រៅផ្លូវការ ក្នុងន័យប្រហាក់ប្រហែល ពីឃ្លាបារាំង៖ macs-clients déclarés coupables)»។ ហេតុការណ៍បានកើតឡើង យ៉ាងលឿនជាទីបំផុត ប្រមាណជា១នាទីប៉ុណ្ណោះ។
ប៉ុន្តែជារឿយៗណាស់ ពួកនាងតែងត្រូវបាននគរបាលបារាំងចាប់ក្រៀក និងខ្លះទៀតដាក់ឲ្យដេកផ្ទាល់នឹងដី ដើម្បីដាក់ឲ្យបញ្ចប់ នូវបុព្វហេតុស្រាត-ស្រែក របៀបនេះ។ ចំពោះករណីខាងលើ ពួកនាងត្រូវបាននគរបាលចាប់នាំខ្លួន ចូលទៅក្នុងតុលាការ បន្ទាប់ពីនោះ។
មិនមែនជាលើកទីមួយទេ ដែលក្រុមសកម្មជនរបស់ហ្វីមេន សម្ដែងការប្រឆាំងទៅនឹងលោក ដូមីនិក ស្ត្រូសកាន។ កាលពីឆ្នាំ២០១១ បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទ នៅទីក្រុងញ៉ូយករួច អតីតនាយកមូលនិធិអន្តរជាតិរូបនេះ ក៏ត្រូវបានក្រុមស្ត្រីទាំងនេះ ទទួលស្វាគមន៍យ៉ាងចាស់ដៃដែរ ជាពិសេសពួកគេបានមកធ្វើការតវ៉ា នៅក្រោមផ្ទះលោក ដូមីនិក តែម្ដង។
សូមបញ្ជាក់ដែរថា លោក ដូមីនិក ស្ត្រូសកាន ត្រូវចូលខ្លួនមកក្នុងសវនាការកាត់ក្ដី របស់តុលាការក្រុងលីល ចាប់ផ្ដើមពីថ្ងៃអង្គារទី១០ រហូតដល់ថ្ងៃព្រហ្បត្តិ៍ ទី១២ ខែកុម្ភៈនេះ ទាក់ទងនឹងសំនុំរឿង«ដឹកញ៉ី បន្ស៊ីឈ្មោល» នៅក្នុងកម្មវិធីជប់លៀងមួយ នៅក្នុងសណ្ឋាគារ កាតុន (Carlton) នៃទីក្រុងនេះ។ លោកអាចមានទោសដល់១០ឆ្នាំ ក្នុងពន្ធនាគារ ប្រសិនបើតុលាការរកឃើញថា លោកជាមេគំនិតក្នុងការបង្កើតកម្មវិធីនេះ ដែលគេសង្ស័យថា បាននាំនារីលក់ខ្លួនជាច្រើន មកបម្រើកាមគុណរបស់ខ្លួន និងក្រុមខ្លួន៕