ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តីបំរើការក្នុងសណ្ឋាគារ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 01, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ដូមីនិក ស្ត្រូសកាន់ និងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ទំនងនឹងត្រូវជួបគ្នា នៅថ្ងៃទី៧ធ្នូរនេះ នៅទីក្រុងញ៉ូយក។ កាសែត បារាំង ឡឺម៉ុង បានលើកយកបញ្ហានេះ មកបកស្រាយ នៅថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបានបញ្ជាក់ដំណឹងសម្រុះសម្រួលគ្នានេះ ពីប្រភពស្និត នឹងអតីតនាយកមូលិធិរូបិយវត្ថុអន្តរជាតិនោះផង។
លោក ដូមីនិក ស្ត្រូសកាន់ នៅចំពោះមុខចៅក្រមក្រុងញ៉ូយក ថ្ងៃទី១៩ឧសភា ឆ្នាំ២០១១។ រូបថត AFP។
កាសែតបារាំង ឡឺម៉ុង (Le Monde) បានសរសេរថា លើកនេះ នៅចំពោះមុខចៅក្រម ឌូគ្លាស ម៉ាក់គែន (Douglas McKeon) ក្នុងសង្កាត់ប៊្រូណ ភាគីទាំងសងខាង នឹងត្រូវចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយ ដើម្បីបញ្ចប់រឿងក្ដីក្ដាំង នៅតុលាការរដ្ឋប្បវេណី ដែលប្ដឹងដោយអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ (Nafissatou Diallo) ស្រ្តីអ្នកបំម្រើការនៅក្នុងសណ្ឋាគារ សូហ្វីតែល ប្រឆាំងនឹងលោក ដូមីនិក ស្ត្រូសកាន់ (Dominique Strauss-Kahn) អតីតនាយកមូលិធិរូបិយវត្ថុអន្តរជាតិ។ តែដំណឹងនេះ ត្រូវបានមេធាវីទាំងសងខាង ច្រានចោលទាំងស្រុង។
អតីតនាយកមូលិធិរូបិយវត្ថុអន្តរជាតិរូបនេះ ដែលតែងតេធ្វើដំណើរទៅទីក្រុងញ៉ូយក ជាញយដង ក្នុងរយះពេលចុងក្រោយនេះ បានខ្សិបប្រាប់ អ្នកជិតដិតរបស់លោកថា ចំនុចសំខាន់ៗ នៃកិច្ចព្រមព្រៀង បានបញ្ចប់រូបរាង ជាផ្លែផ្ការបស់វារួចរាល់ហើយ។ តាមប្រភពអ្នកស្និតនឹងលោកនោះដដែល បាននិយាយថា លោក ស្ត្រូសកាន់ ទំនងជាត្រូវបង្វិលប្រាក់ ៦លានដុល្លា (៤,៦៤លានអ៊ឺរ៉ូ) ទៅអោយស្រ្តីអ្នកចោទ ទៅលើលោក ពីបទរំលោភសេពសន្ធវះ។
អ្នកជិតដិតនោះ បានបង្ហើបបន្ថែមថា លោក ស្ត្រូសកាន់ ខ្លួនឯង មិនមានប្រាក់រហូតដល់កំរិតនេះនោះទេ។ ដើម្បីរកប្រាក់អោយបានគ្រប់ លោកត្រូវធ្វើកិច្ចសន្យា ខ្ចីប្រាក់ពីធនាគារ ប្រមាណជា ៣លានដុលា។ រីឯអតីតភរិយារបស់លោក ដែលបានលែងលះគ្នា តាំងពីរដូវក្ដៅមកនោះ ក៏បានជួយអោយលោកខ្ចីប្រាក់៣លានដុល្លា នៅសល់នោះដែរ។
អតីតភរិយារបស់លោក ដែលជាអ្នកកាសែត និងជានាយិការបស់គេហទំព័រ ហ៊ូហ្វីងតោន ប៉ុស្ដិ៍ (Huffington Post) ផងនោះ ក៏ធ្លាប់និយាយថា ប្រាក់កក់១លានដុល្លា ត្រូវបានធ្វើរួចរាល់ហើយ ក្នុងអំឡុងពេលរងចាំ ប្រាក់៥លានដុល្លាផ្សេងទៀត ដើម្បីអនុញ្ញាតិអោយស្វាមីរបស់គាត់ បាននៅក្រៅឃុំ កាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០១១ បន្ទាប់ពីត្រូវនគរបាលក្រុងញ៉ូយក ចាប់ឃាត់ខ្លួននោះមក។ លោកស្រីអាន ស៊ាំងក្លែ (Anne Sinclair) ក៏ធ្លាប់និយាយដូចគ្នាដែរ ថាផ្ទះជួលស្នាក់នៅ ដែលតុលាការដាក់អោយស្ថិត នៅក្រោមការឃ្លាំមើលប្ដីលោកស្រីនោះ មានតម្លៃថ្លៃរហូតដល់ ៣៨ ៦៦០ដុល្លាក្នុងមួយខែ។ បន្ទាប់មកទៀត លោកស្រីថា បានចំណាយប្រាក់ បង់ថ្លៃមេធាវីអាមេរិកាំង ការពារក្ដីរបស់លោកស្ត្រូសកាន់ មួយចំណែកធំថែមទៀត។
គួររំលឹកឡើងវិញថា តុលាការសហព័ន្ធទីក្រុងញ៉ូយក បានទំលាក់ការចោទប្រកាន់ កាលពីថ្ងៃទី ២៣សីហា ឆ្នាំ២០១១ លើអតីតនាយកមូលិធិរូបិយវត្ថុអន្តរជាតិរូបនេះ ពីបទឧក្រិដ្ឋ ស្ដីពីការរំលោភសេពសន្ធវះ ទៅលើ ស្រ្តីអ្នកបំម្រើការនៅក្នុងសណ្ឋាគារ ដោយមកពី ដើមចោទមិនមាននិតិភាពគ្រប់គ្រាន់ ក្នុងការធ្វើពាក្យបណ្ដឹង។ តែអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ នៅបានបន្តបណ្ដឹងរបស់អ្នកស្រី ទៅខាងតុលាការរដ្ឋប្បវេណីទៀត ដើម្បីទាមទារសំណងជំងឺចិត្ត ពីបទប្រព្រឹត្តអំពើហឹង្សា ក្រឡិកក្រឡុច ធ្វើចរិកបឈ្ឈឺ និងបំបាក់ភាពខ្ពង់ខ្ពស់របស់ស្ត្រី ប្រឆាំងនឹងលោក ស្ត្រូសកាន់។
នៅសហរដ្ឋអាមេរិក សំនុំរឿងក្ដីក្ដាំង នៅតុលាការរដ្ឋប្បវេណី ប្រមាណជា ៩០% តែងតែដោះស្រាយបញ្ចប់ តាមផ្លូវចរចារដោយការនិយាយស្រុះស្រួល រវាងភាគីដើមចោទ និងចុងចោទ ដូចជាផ្ដល់លុយកាក់ជាដើម។ ជាធម្មតា ការស្រុះស្រួលគ្នានេះត្រូវបានធ្វើ ឡើងជាលាយលក្ខអក្សរ ជាពិសេស ស្ដីពីការរក្សាការសម្ងាត់នៃការផ្ទេរប្រាក់។ សម្រាប់អ្នកដែលរំលោភ នឹងការរក្សាការសម្ងាត់នេះ ត្រូវអាចរង នូវការប្ដឹងបកតបវិញ។
តែទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ នៅថ្ងៃដដែល បានស្រង់សម្ដី របស់លោក ដូមីនិក ស្ត្រូសកាន់ និងមេធាវីរបស់លោក ដែលបានបដិសេធ ពីដំណឹងស្ដីពី ទឹកប្រាក់៦លានដុល្លានេះ។ មេធាវីបាននិយាយថា មានការជជែកគ្នា ពីការទូទាត់ផ្នែកហិរញ្ញវត្ថុ តែមិនទាន់មានការព្រមព្រៀងណា ត្រូវបានធ្វើនៅឡើយ។ ដូច្នេះអ្វីដែលកាសែតឡឺម៉ុង និយាយពីទឹកប្រាក់ ៦លាននោះ ជារឿងមួយខុសទាំងស្រុង៕
--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ