ក្ដីប្ដឹងផ្ដល់រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និងដូមីនិក ស្ត្រូសកាន់ បានបិទបញ្ចប់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 12, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចៅក្រម ឌូគ្លាស ម៉ាកន បានប្រកាសកាលពីថ្ងៃច័ន្ទ ថាទទួលបាន នូវកិច្ចព្រមព្រៀងមួយនៅក្នុងតុលាការ នៃសង្កាត់ប៊្រុន ដែលគេ មើលទៅទំនងជា កិច្ចព្រមព្រៀងសម្ងាត់ ទាក់ទងនឹងការផ្ទរលុយ យ៉ាងសន្ធឹកសន្ទាប់ ធ្វើឡើងរវាងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ស្ត្រីបំរើការនៅសណ្ឋាគារសូហ្វីតែល ញ៉ូយក និងលោក ដូមីនិក ស្ត្រូសកាន់ អតីតនាយកមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដើម្បីបញ្ចប់រឿងក្ដី នៅតុលាការរដ្ឋប្បវេណី ក្នុងប្រទេសអាមេរិក។
លោក ដូមីនិក ស្ត្រូសកាន់ (កណ្ដាល) កាន់ដែអតីតភរិយារបស់លោក ចេញពីតុលាការក្រុងញ៉ូយក
កាលពីខែមិថុនាឆ្នាំ២០១១។ រូបថត Mike Segar, Reuters។
ជាកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្ត មានលក្ខណៈជាទឹកប្រាក់ ដែលលោក ដូមីនិក ស្ត្រូសកាន់ (Dominique Strauss-Kahn) ត្រូវផ្ទេរទៅអោយអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ដើមកំណើតមកពីប្រទេសហ្គីយេន ដែលបានចោទលោក ស្ត្រូសកាន់ ថាបានរំលោភសេពសន្ធវៈលើរូបរាងកាយ។ ការប្ដឹងផ្ដល់នេះ ជាសំនុំរឿងវែងអន្លាយ ចាប់ផ្ដើមពីមុនពាក់កណ្ដាលឆ្នាំ២០១១មក នៅតុលាការរដ្ឋប្បវេណី ក្រោយបន្ទាប់ពីខាងតុលាការព្រហ្មទណ្ឌ បានទំលាក់ចោល ការចោទប្រកាន់លើ អតីតនាយករូបិយប័ណ្ណអន្តជាតិរូបនេះរួចមក។ ប៉ុន្តែជាមួយ នឹងកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្តនេះ សំនុំរឿងរដ្ឋប្បវេណីនឹងត្រូវបិតបញ្ចប់ មិនមានការធ្វើជំនុំជម្រះអ្វីឡើយ។ បន្ទាប់ពីនេះតទៅ ក៏នឹងគ្មាននរណាម្នាក់អាចដឹងពីការពិត នូវអ្វីដែលបានកើតឡើង ក្នុងបន្ទប់ស្នាក់នៅ វេលាដែលស្រ្តីអ្នកបំរើការនៅសណ្ឋាគារ ចោទលោក ស្ត្រូសកាន់ ថាបានរំលោភសេពសន្ធវះនោះ យ៉ាងណាដែរ។
កិច្ចព្រមព្រៀងទឹកប្រាក់ បញ្ចប់ក្ដី
ចៅក្រមឌូក្លាស ម៉ាកន (Douglas McKeon) បាននិយាយយ៉ាងខ្លីថា «ក្នុងរយះពេលតែ១០នាទីប៉ុណ្ណោះ យើងសម្រេចបាន នូវកិច្ចព្រមព្រៀងមួយ» ដោយបានបញ្ជាក់ពី ភាពអាថ៌កំបាំងរបស់កិច្ចព្រមព្រៀងនោះ ថាមិនអាចនរណាម្នាក់ និយាយទំលាយចេញមកក្រៅបានឡើយ។ ចៅក្រមរូបនេះដដែល បាននិយាយដែរថា ស្ត្រីបំរើការនៅក្នុងសណ្ឋាគារ ក៏ទទួលព្រមព្រៀងជាមួយ កាសែតញ៉ូយក ប៉ុស្ដ៍ (New York Post) នូវការទូទាត់ជម្ងឺចិត្ត ជាលក្ខណៈទឹកប្រាក់ដូចគ្នា ទល់នឹងបទបរិយាកេរ្ត៍ ដែលកាសែតមួយនេះ ធ្លាប់ចាត់ទុកនាងជា «ស្ត្រីរកស៊ីផ្លូវភេទ»នោះ។
ក្នុងជំនួបនោះ មានវត្តមានតែ អ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ប៉ុណ្ណោះ រីឯវត្តមានរបស់លោក ដូមីនិក ស្ត្រូសកាន់ មិនត្រូវបានតម្រូវអោយមានជាចាំបាច់នោះទេ។ នៅពេលចេញពីជំនួបក្នុងតុលាការនោះរួច អ្នកស្រី ដីយ៉ាឡូ អាយុ៣៣ឆ្នាំ ទទូរកន្សែងពីលើក្បាលផង បានថ្លែងអំណររគុណ ដល់អ្នកគាំទ្រអ្នកស្រី និងដល់ព្រះជាម្ចាស់។
ជាទូទៅ ក្នុងប្រព័ន្ធតុលាការរដ្ឋប្បវេណី នៅសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងមានលក្ខណៈជាទឹកប្រាក់ តែងត្រូវបានគូរបដិបក្ខ យល់ព្រមធ្វើជាញឹកញាប់ ដើម្បីបញ្ជៀសការជំនុំជម្រះដែលប្រើរយះពេលវែង ហើយសាលក្រម នឹងអាចប្រកាសចេញ ដោយមិនដឹងថាខាងណាឈ្នះឬចាញ់។ វាមិនមែនជាការប្រកាសទទួលខ្លួន ពីភាពមានទោសពៃទេ តែវាជួយភាគីជាប់ចោទ មិនអោយបង្ហាញពី ហេតុការណ៍ពិតប្រាកដ ក្នុងពេលកើតហេតុ និងបិទបញ្ចប់សំនុំរឿងក្ដីក្ដាំនេះ ជាស្ថាពរ ជាមួយភាគីដើមចោទ។
«កំហុសនៃសតិសម្បជញ្ញ»
បើទោះជា ខាងភាគីចុងចោទ លោក ដូមីនិក ស្ត្រូសកាន់ អាយុ ៦៣ឆ្នាំ អាចរួចខ្លួនពីការពន្យល់ប្រាប់តុលាការ នូវការពិតដែលបានកើតមាន នៅពេលកើតហេតុនោះក៏ដោយ ក៏រូបភាពរបស់លោក ដែលធ្លាប់ជាបុរសមានឥទ្ធិពលម្នាក់ក្នុងលោក និងក្ដីស្រមៃរបស់លោក ដែលចង់ធ្វើជាប្រធានាធិបតីបារាំង ទំនងជាមិនអាចស្ដារត្រឡប់ឡើងវិញបាននោះទេ។ បន្ទាប់ពីហេតុការណ៍នោះមក ភរិយារបស់លោក អ្នកស្រី អាន ស៊ាំងក្លែ (Anne Sinclair) បានសុំលែងលះ ជាមួយនឹងលោកថែមទៀត។ ចំណែកឯក្នុងប្រទេសបារាំងឯណេះវិញ សំនុំរឿងស៊ើបអង្កេត «មេខ្យល់ ដឹកនារីទៅលក់ខ្លួន» ដែលមានជាប់ទាក់ទង់នឹងរូបលោក ស្ត្រូសកាន់ ដែរនោះ កំពុងតែមានដំណើរការទៅមុខនៅឡើយ។
នៅក្រោយការទម្លាក់បទចោទប្រកាន់ ដោយតុលាការព្រហ្មទណ្ឌអាមេរិកមក លោកស្ត្រូសកាន់ បានវិលមកកាន់ប្រទេសបារាំងវិញ ហើយបានផ្ដល់កិច្ចសម្ភាសតាមកញ្ចក់ទូរទស្សន៍ ដោយបានលើកទទួលស្គាល់ពី «កំហុសនៃសតិសម្បជញ្ញ» នូវអ្វីដែលលោកបានប្រព្រឹត្តិ។ លោកបានទទួលស្គាល់ថា មានទំនាក់ទំនងផ្លូវភេទជាមួយនឹង ស្ត្រីអ្នកបំរើការក្នុងសណ្ឋាគារនោះមែន តែរាល់ដំណើរការក្នុងពេលនោះ បានប្រព្រឹត្តិទៅដោយមានការយល់ព្រមពីស្ត្រីនោះ គ្មានអំពើហឹង្សា គ្មានការប្រទើសប្រទាស់គ្នាអ្វីទាំងអស់។
លោកស្ត្រូសកាន់ ក៏ធ្លាប់បានអ្នកកាសែតស្រី និងជាអ្នកនិពន្ធប្រលោមលោកបារាំងម្នាក់ ប្ដឹងចោទលើរូបលោកថា បានព្យាយាមរំលោភលើរូបរាយកាយរបស់នាង នៅពេលនាងចូលទៅសុំធ្វើសម្ភាសជាមួយ កាលពីឆ្នាំ២០០៣នោះ។ ដោយសារហេតុការណ៍នេះ បានកើតរួចកន្លងផុតជិត១០ឆ្នាំ ហើយគ្មានភស្តុតាងនៅសល់ ដែលអាចដាក់បន្ទុកលើលោក ស្ត្រូសកាន់បាន ជាហេតុធ្វើអោយខាងរដ្ឋអាជ្ញាបារាំង បិតសំនុំរឿងនេះ មិនបន្តទៅមុខទៀត។
សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដើម្បីយល់បន្ថែមទៀតពីសំនុំរឿងក្ដីក្ដាំ ប្រឆាំងលោកលោក ដូមីនិក ស្ត្រូសកាន់ នៅតុលាការ។
សព្វថ្ងៃនេះ លោកស្ត្រូកាន់ មានជីវិតធម្មតាដូចមនុស្សទូទៅ ហើយព្យាយាមបង្ហាញខ្លួនជាសាធារណៈ ម្ដងម្កាល។ លោកបានបង្កើតក្រុមហ៊ុនឯកជនមួយ ផ្នែកពិគ្រោះយោបល់ និងចូលរួមធ្វើសន្និសិត ឬសិក្ខាសាលា នៅបរទេសជាញឺកញាប់។ គេក៏បានឃើញលោក ផ្ដល់កិច្ចសម្ភាសខ្លះៗ ជាមួយនឹងទូរទស្សន៍ និកាសែតប្រចាំថ្ងៃមួយចំនួនផងដែរ។
ចំណែកឯ អ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ វិញ តាំងពីពេលផ្ទុះរឿងអាស្រូវនេះ អ្នកស្រីបានផ្លាស់ប្ដូរលំនៅដ្ឋាន មិនដឹងថាអ្នកស្រីទៅនៅឯណាវិញឡើយ។ អ្នកស្រីក៏នៅមិនទាន់ត្រឡប់ចូលទៅធ្វើការ នៅសណ្ឋាគារ សូហ្វីតែលវិញដែរ ដោយបានព្យួរទុកការងារនេះរហូតមក ដោយមូលហេតុជំងឺ៕
--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ