ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​«ឈ្នះ​ចិត្ត» ក្នុង​រឿង​ក្តី​ប្រឆាំង​ ហ៊ុន សែន (vdo)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា នឹងប្តឹងបកទៅ ប្រធានចលនាយុវជន គណបក្សសម រង្ស៊ី ដែលបានប្តឹងលោក ពីបទមនុស្សឃាតគិតទុកជាមុនវិញ ក្នុងករណីមនុស្សផ្អើលជាន់គ្នា នៅកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ចូលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០។ លោកបានថ្លែងឡើង ក្នុងពិធី ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១២ ។
Loading...
  • ដោយ: សុខ ចាន់
  • កែប្រែចុងក្រោយ: December 04, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីជំរះបញ្ជីគ្នា រវាងអ្នកនយោបាយខ្មែរ កំពុងតែកើតមានតទៅទៀត។ លោក សួង សុភណ្ឌ ប្រធាន​ក្រុម​យុវជនគណបក្សប្រឆាំងសម រង្ស៊ី បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការក្រុងភ្នំពេញ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី​ ហើយ​បាន​ប្រាប់មនោរម្យព័ងអាំងហ្វូ ថាលោកនឹង«ឈ្នះចិត្ត» លោកហ៊ុន សែន។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា នឹងប្តឹងបកទៅប្រធានចលនាយុវជនគណបក្សសម រង្ស៊ី ដែលបាន​ប្តឹងលោក ពី​បទ​មនុស្សឃាតគិតទុកជាមុនវិញ ក្នុងករណីមនុស្សផ្អើលជាន់គ្នា នៅកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ចូលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០។ លោកបានថ្លែងឡើង ក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅ ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ។

« តាំងនាមជាប្រជាពលរដ្ឋម្នាក់ ខ្ញុំនិងប្រើសិទ្ធិប្តឹងតប ប្រសិនបើតុលាការ មិនរកឃើញកំហុសរបស់ខ្ញុំ»  នេះជាការ​អះអាង របស់​លោកនាយករដ្ឋមន្រ្តី។  លោកបានបន្តទៀតថា ក្នុងករណីនេះ វាមិនមានសម្ពាធនយោបាយទេ ហើយ​លោក ក៏មិនជ្រៀតជ្រែក ក្នុងនិតិវីធីរបស់ប្រព័ន្ធតុលាការដែរ។

លោក សួង សុភណ្ឌ ប្រធានក្រុមយុវជន គណបក្ស សម រង្ស៊ី បានប្រាប់ឲ្យដឹង កាលពីព្រឹកមិញថា លោកមិនភិត​ភ័យអ្វីទាំងអស់ ចំពោះការប្តឹងបកនោះ។ « ខ្ញុំសប្បាយចិត្តក្នុងនាមខ្ញុំ ជាយុវជនមួយរូប អាចយកច្បាប់ ទៅនិយាយ​ជាមួយ នាយករដ្ឋមន្រ្តី ហើយ​ខ្ញុំសប្បាយចិត្ត ដែលខ្ញុំយកច្បាប់ទៅការពារ ប្រជាពលរដ្ឋខ្មែរ»។ លោកបានបន្ថែម​ដែរថា លោកនឹងធ្វើអ្វីៗ​ទាំងអស់ដើម្បីខ្មែរ បើសិន​ជាខ្មែររងទុក្ខ លោកនឹងវែកមុខ ជនល្មើសដើម្បីឲ្យតុលាការ ផ្តន្ទាទោស។ លោក សុភណ្ឌ អះអាងថា ការបង្ហាញភស្ភុតាង រត់ជាន់គ្នា​របស់រាជរដ្ឋាភិបាល គឺជារឿង​«មិនមែន​ជា​ការពិត និងផ្តេសផ្តាស»។

លោកបញ្ជាក់ថា៖ « ស្ថានភាពនៅកោះពេជ្រ មិនមែនជាការរត់ជាន់គ្នាទេ ប៉ុន្តែវាជា រឿងរៀបចំទុកជាមុន វាជារឿង​រៀបចំឲ្យមាន មនុស្សស្លាប់»

ប្រធានក្រុមយុវជនគណបក្សប្រឆាំងរូបនេះ មានសង្ឃឹមថាលោកនឹង«ឈ្នះចិត្ត» លោកហ៊ុន សែន ក្នុងនាមជាពលរដ្ឋ នៅចំពោះ​ប្រជាពលរដ្ឋទាំងអស់។  តែលោកបានដឹងរួចជាមុនហើយ ថាលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នឹង​ប្រើ​ប្រាស់អំណាច ដើម្បី«គាប​សង្កត់ប្រព័ន្ធតុលាការ» យកឈ្នះលើរូបលោក។

លោកបន្តទៀតថា «គាត់ [ហ៊ុន សែន] មិនអាចបង្វែរថា គាត់មិនបាន ធ្វើរឿងនេះទេ ពីព្រោះការស្លាប់ គឺកើតឡើង​ក្នុង ការគ្រប់គ្រង​របស់គាត់។ ហើយអជ្ញាធរ គ្មានចំណាត់ការអ្វី ក្រៅពីការបាញ់ទឹក ដល់ជនរងគ្រោះ ដែលធ្វើឲ្យ​ពួក​គាត់ ដកដង្ហើមមិនរួចនោះទេ។ ម្យ៉ាងទៀត ច្រកស្ពានកោះពេជ្រខាងលិច ត្រូវបានបិទ។ ស្ពានកោះពេជ្រ [ទីកន្លែង​កើតហេតុ] ត្រូវបានវាយកម្ទេច បំបាត់ភស្តុតាង ព្រមទាំងបាត់ការ​ស៊ើបអង្កេត ទាំងគ្មានហេតុផល បង្កើតពាក្យ​រត់​ជាន់គ្នា បំភាន់ការពិត។»

លោក សួង សុភណ្ឌ បានលើកឡើងពីករណី មនុស្សស្លាប់ ៣៥៣នាក់ និងរបួសជាង៤០០នាក់ ជាភ័ស្តុតាងដាក់​បន្ទុក ក្នុងពាក្យ​បណ្តឹងនេះ។ លោកបានចោទ ក្នុងមាត្រា២០០ ក្នុងក្រមព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា ពីបទមនុស្ស​ឃាតគិតទុកជាមុន ដោយ​សំអាងលើ ខ្សែវីដេអូ រូបថត ដែលថតបាន ក្នុងពេលកើតហេតុខាងលើ។ ហើយលើស​ពី​នេះមូលហេតុមួយទៀត ដែលលោក​បាន​លើកឡើងគឺ ការបិទច្រកខាងលិចនៃស្ពាន កោះពេជ្រ ចំណាត់ការ​ផ្តេស​ផ្តាស និងគ្មានអជ្ញាធរមានសមត្ថកិច្ច នៅតាមគោលដៅ ចាំការពារ។ លោកបន្តថា នេះមិនមែនជារឿងតូចទេ វាជា​រឿងរបស់ប្រជាជាតិ។

ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី បានប្រាប់វិទ្យុ សម្លេងសហរដ្ឋ អាមេរិក កាលពី​ពេលថ្មីៗនេះថា ពាក្យបណ្តឹងរបស់ ប្រធានចលនាយុវជន គណបក្សប្រឆាំង មិនមានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ក្នុងការ​ចោទប្រកាន់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែននោះទេ៕

------------------------------------------------------
ដោយ៖ សុខ ចាន់ - ភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...