ប្រតិកម្មម្ចាស់ផ្ទះជួល ជុំវិញច្បាប់គ្រប់គ្រងផ្ទះរបស់ ហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 11, 2015
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីសម្រេចបញ្ចុះតម្លៃទឹក និងភ្លើងពិសេសទៅដល់កម្មកររោងចក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសាធារណៈនៅពេលនេះទៀតថា លោកនឹងឲ្យក្រុមការងារ រៀបចំសរសេរច្បាប់សម្រាប់គ្រប់គ្រងផ្ទះជួលជាបន្ត។ ថ្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១០ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី បានពន្យល់ថា ច្បាប់នេះមានបំណងរារាំងកុំឲ្យម្ចាស់ផ្ទះជួល អាចតម្លើងថ្លៃជួលស្រេចតែនឹងចិត្ត។ ប៉ុន្តែការលើកឡើងពីគម្រោងបង្កើតច្បាប់នេះ បានបង្កឲ្យម្ចាស់ផ្ទះមួយចំនួន សម្ដែងការមិនពេញចិត្ត និងមួយចំនួនទៀត និយាយថា នេះជានយោបាយប្រជាភិថុតរបស់លោកនាយករដ្ឋមន្ត្រី។
ម្ចាស់ផ្ទះជួលមួយក្នុងម្ដុំត្រពាំងឈូក អ្នកស្រី ដួង សារឿន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រីមានបន្ទប់ជួលជាច្រើនបន្ទប់។ ក្នុងនោះមួយចំនួន អ្នកស្រីជួលឲ្យនិស្សិត ដែលឡើងមកពីតាមបណ្តាខេត្ត និងមួយចំនួនទៀត ជួលឲ្យអ្នកធ្វើការនៅតាមរោងចក្រនានា ក្នុងរាជធានីភ្នំពេញ។ ជាធម្មតា តម្លៃនៃបន្ទប់មួយ ដែលអ្នកស្រីជួលសព្វថ្ងៃចាប់ពី៤០ដុល្លា ទៅ៦០ ដុល្លា តាមទំហំ និងសោភ័ណ្ឌភាពនៃបន្ទប់ (បន្ទប់ខ្លះចាក់សាបធម្មតា ខ្លះក្រាលការ៉ូជាដើម)។ អ្នកស្រីបន្តថា ចំណែកការឡើងថ្លៃបន្ទប់វិញ មិនមែនអ្នកស្រីចេះតែឡើងថ្លៃនោះទេ។ ពេលខ្លះ៣ឆ្នាំ អ្នកស្រីមិនដែលរំលឹកពីការឡើងថ្លៃផង ឯពេលខ្លះបានត្រឹមតែមួយឆ្នាំ ក៏សម្រេចចិត្តឡើងថ្លៃបន្ទប់ទៅ។
អ្នកស្រីបន្ថែមដូច្នេះថា៖ «វាពិបាកណាស់ ក្នុងការឡើងថ្ងៃបន្ទប់ម្តងៗ។ ព្រោះយើងដឹងថា ពួកគាត់មករៀន ឬមកធ្វើជាកម្មករ ប្រាក់ខែក៏មិនច្រើន។ ចឹងយើងមិនចង់ឡើងថ្លៃទេ តែអ្វីៗលើទីផ្សារគិតតែពីឡើងថ្លៃ។ សម្ភារៈជួលផ្ទះ ពេលដោះដូរជូនពួកគាត់ក៏ថ្លៃ ចឹងបើមិនឡើងថ្លៃធ្វើម៉េចអាចទប់ទល់ នឹងទំនិញលើទីផ្សារបានទៅ។»
យ៉ាងណា អ្នកស្រីមិនជំទាស់ នឹងការបង្កើតច្បាប់របស់រដ្ឋាភិបាលឡើយ។ អ្វីដែលអ្នកស្រីត្រូវស្នើដល់រដ្ឋាភិបាល ទាក់ទងនឹងច្បាប់នេះ នោះគឺរដ្ឋាភិបាល«គួណាស់មកពិភាក្សា ឬស្តាប់យោបល់ពីម្ចាស់ផ្ទះជួល ក៏ដូចជាអ្នកជួលជាមុនសិនដែរ កុំធ្វើតែតាមអ្វីដែលខ្លួននឹកឃើញ និងអាងអំណាចនោះ។»
អ្នកស្រី អ៊ុក ផល្លា ម្ចាស់ផ្ទះជួលនៅម្តុំវត្តអង្គតាម៉ិញ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទដែរថា អ្នកស្រីនឹងប្រឆាំងច្បាប់ជួលផ្ទះនេះ បើច្បាប់មួយនេះ មិនបានគិតពីប្រយោជន៍ សម្រាប់ភាគីទាំងសងខាង ឲ្យស្មើភាពគ្នាទេនោះ។ អ្នកស្រីបន្តថា រដ្ឋាភិបាលគួណាស់យកចិត្តទុកដាក់ ទៅលើតម្លៃជួលផ្ទះធំៗ ដូចជាផ្ទះជួលទាំងមូល ឬទាំងជុង ជួលខុនដូរ ផ្ទះសំណាក់ ឬសណ្ឋាគារជាដើម ទើបប្រសើរជាង។ អ្នកស្រីថា បើទោះជាមានច្បាប់មែន ក៏ត្រូវតែជាច្បាប់មួយ ដែលបង្ហាញពីតុល្យភាពរវាងម្ចាស់ផ្ទះ និងអ្នកជួលដែរ។
អ្នកស្រី ផល្លា បានបញ្ជាក់ថា៖ «បើរដ្ឋាភិបាលពិតជាមានចិត្ត ឬចេតនាចង់ជួយដោះបន្ទុកអ្នកជួលផ្ទះ ដែលអាចបានផ្ទះមួយស្អាត និងតម្លៃសមរម្យនោះ រដ្ឋាភិបាលខ្លួនឯង ត្រូវតែធ្វើការទាញបញ្ចុះតម្លៃទំនិញលើទីផ្សារ ឲ្យបានទាបជាងសព្វថ្ងៃនេះ និងមាននិរន្តរភាពមិនឡើងថ្លៃ ពិសេសតម្លើងថ្លៃប្រាក់ឈ្នួលកម្មករ ឲ្យបានខ្ពស់ជាងសព្វថ្ងៃ។»
ឯលោក យឹម សារ៉ុម ម្ចាស់ផ្ទះសំណាក់មួយផ្សេងទៀត ក៏បានលើកឡើងស្រដៀងគ្នានេះដែរ លោកបានសង្កត់ធ្ងន់ទៅលើរូបិយវត្ថុរបស់កម្ពុជា ដែលកំពុងតែធ្លាក់ថ្លៃក្នុងទីផ្សារកម្ពុជា (តម្លៃថោក) ដែលនាំឲ្យរូបិយវត្ថុបរទេសឡើងថ្លៃ និងនាំឲ្យទំនិញឡើងថ្លៃតាមនោះដែរ។ លោកបន្តអះអាងថា៖ «ជាម្ចាស់ផ្ទះជួលមួយ ការពិតទៅ មិនបានឡើងថ្លៃផ្ទះ ឬថ្លៃបន្ទប់អ្វីទេ។ តម្លៃនេះ វានៅស្ថេរ បើធៀបទៅនឹងទំនិញលើទីផ្សារ ។ ដូច្នេះមានន័យថា តម្លៃនេះវាចាំបាត់ត្រូវដើរតាម ទំនិញក្នុងទីផ្សារដែរ។»
លោកបានលើកឧទាហរណ៍មួយថា៖ «ពីមុនមួយដុល្លា ស្មើជិត៣០០០រៀល អាចចាក់សាំងបានមួយលីត្រ ហើយសល់លុយទៀត។ តែឥឡូវទៅទិញសាំង បានត្រឹមជាងកន្លះលីត្រប៉ុណ្ណោះ។ ដូច្នេះដើម្បីបានសាំងមួយលីត្រ ត្រូវតែចំណាយលុយជិត២ដុល្លាទៅហើយ។ (...) មួយទៀត សាច់គោ មួយគីឡូប្រើលុយត្រឹមតែ ៤០០០រៀលប៉ុណ្ណោះពីមុន ដែលស្មើនឹងមួយដុល្លាពេលនេះ។ តែឥឡូវបើមានលុយ មិនដល់បីម៉ឺនរៀលទេ មិនអាចទិញសាច់គោបានមួយគីឡូឡើយ ។ ដូច្នេះបើធៀបនឹងប្រាក់ដុល្លា ស្មើនឹងជាង៧ដុល្លាអាមេរិកឯណោះ។ ពីមុន១០ដុល្លា ទិញសាច់គោបាន១០គីឡូ តែឥឡូវ ១០ដុល្លាយ៉ាងម៉េចដែរ បើមួយគីឡូ ឡើងជិត៨ដុល្លាហើយនោះ! ចុះតម្លៃផ្ទះជួលយ៉ាងម៉េចដែរ?»
យ៉ាងណាក៏ដោយ ក៏ការលើកឡើងរបស់លោក ហ៊ុន សែន ដែលបានរបូតអសនៈសភារបស់ខ្លួន អស់ជាង២០កៅអី ក្នុងអាណត្តិថ្មីនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ថា តើច្បាប់នេះនឹងអាចចេញនៅពេលណា ឬដាក់ឲ្យអនុវត្តន៍របៀបណានោះដែរ។ លោក ហ៊ុន សែន គ្រាន់តែបានបង្ហាញជំនឿចិត្តថា លោកមានការឯកភាពគ្នា រវាងរូបលោកផ្ទាល់ និងលោក សម រង្ស៊ី ហើយ។ ហើយលោកក៏បានបង្ហើបទៀតដែរថា៖ «យើងត្រូវធ្វើច្បាប់មួយ ដើម្បីការពារទាំងសងខាង។ (...) ដើម្បីធានាទទួលខុសត្រូវទាំងសងខាង។»
រីឯនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ក៏បានសរសេរយល់ស្រប ថាគណបក្សទាំងពីរនៅរដ្ឋសភា ចាប់ផ្តើមរៀបចំធ្វើច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងតម្លៃឈ្នួលផ្ទះ ប្រហាក់ប្រហែលនេះដែរ។ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរទៀតថា៖ «ច្បាប់នេះមានបំណងកំណត់យ៉ាងច្បាស់លាស់ អំពីកាតព្វកិច្ចទាំងសងខាង រវាងម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ របស់ភាគីទាំងពីរ ដោយឈរលើយុត្តិធម៌ និងសមធម៌។»៕