ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

យ៉ាងហោចណាស់កម្មករ កម្មការិនី ចំនួន១២៣រូប របស់រោងចក្រ ហ្វូគួយ ឬឆាងតុងព្រីនធីង បានរងគ្រោះ ព្រោះ​ថៅកែ​ជន​ជាតិ​ចិន​តៃវ៉ាន់ «លប»រត់ និង«បិទ»រោងចក្រចោល ខណៈកម្មករទាំងអស់ រវល់ទៅចូលឆ្នាំប្រពៃណីជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 06, 2015
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឈប់របស់កម្មករ កម្មការិនី នៃរោងចក្រហ្វូគួយ មានភាពចម្លែក ដោយសាររោងចក្រអនុញ្ញាត ឲ្យឈប់សម្រាក ពេល​ចូលឆ្នាំខ្មែរ តាំងពីថ្ងៃទី១០ និងចូលធ្វើការវិញ នៅថ្ងៃទី២០ ខែមេសា។ ការឈប់នេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដែល​ឲ្យ​ឈប់មុនមួយថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។

កម្មការនី រុណ ចាន់លីណា បានផ្តល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់ធ្វើការនៅរោងចក្រ «ហ្វូគួយ ឬឆាងតុងព្រីនធីង» ស្ថិតក្នុងសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។ កម្មការិនីបន្តថា ការ​ធ្វើការតវ៉ានាពេលនេះ បន្ទាប់ពីដឹងថា ថៅកែ(ចិន)រត់ចោល និងបិទរោងចក្រ តាំងពីថ្ងៃទី២០។ កញ្ញាបន្តថា កម្មករទាំងអស់ ដែលមិនទទួលបានប្រាក់ខែ ក៏បាននាំគ្នា ធ្វើការតវ៉ាជាបន្តបន្ទាប់ រហូតមកដល់ក្រសួងការងារ តែនៅគ្មានដំណោះ​ស្រាយ​ណាមួយ សមស្របឡើយ។

កញ្ញារូបនេះបន្តថា ក្នុងថ្ងៃទី៤ ខែឧសភានេះ តំណាងកម្មករទាំង១២៣នាក់ បានចូលទៅកាន់ ក្រសួងការងារជាលើកទី៣ ដើម្បីធ្វើការជជែក ស្វែងរកដំណោះស្រាយ បន្ទាប់ពីបរាជ័យ ក្នុងជំនួបមុនៗ ចាប់ពីចុងមេសាមក។ កញ្ញា ចាន់លីណា បាន​ថ្លែងឡើងថា៖ «ពួកខ្ញុំនៅតែធ្វើការតវ៉ា ដើម្បីទទួលបានដំណោះស្រាយ។ (...) បើគ្មានដំណោះស្រាយ ពីក្រសួងការងារទេ នឹងទៅដល់នាយករដ្ឋមន្រ្តីតែម្តង។»

កម្មការិនី ខាន់ ស្រីល័ក្ខ បានលើកឡើងថា ថៅកែរោងចក្រ«ហ្វូគួយ» បានរត់គេចខ្លួនបាត់ ដោយមិនបានបើប្រាក់ខែ ឲ្យ​កម្មករ​ចំនួន១២៣នាក់ និងប្រាប់បន្ទាប់បន្សំ ជាច្រើនទៀត។ កម្មការិនី បានបញ្ជាក់ថា៖ «មិនបានបើកប្រាក់ខែ មុនចូលឆ្នាំ​ខ្មែរ (សម្រាប់ខែមេសា)។ ដល់ត្រឡប់មកវិញ គេបិទរោងចក្រតែម្តង។(...) កម្មករម្នាក់ ត្រូវទទួលបានប្រាក់ខែ ចំនួនចាប់​ពី​ពីររយ ដុល្លាអាមេរិកឡើងទៅ ទាំងការងារថែមម៉ោង។ រូមទាំងអត្ថប្រយោជន៍ ប្រាំចំណុច តាមច្បាប់ការងារ។»

ដោយឡែកកញ្ញា រស្មី កម្មការិនីរោងចក្រ ហ្វូគួយ ដដែលនេះ បានពន្យល់ពីការទាមទារ នូវប្រាក់អត្ថប្រយោជន៍ ចំនួនប្រាំ​ចំណុច ក្នុងនោះមាន ប្រាក់ជូនដំណឹង ប្រាក់បំណាច់បណ្តេញចេញ ប្រាក់ជំងឺចិត្ត ប្រាក់បំណាច់ឆ្នាំ និងប្រាក់ខែចុងក្រោយ ដែលមិនទាន់បានបើក។ កញ្ញា រស្មី បានបញ្ជាក់ថា៖ «សហជីព បានខិតខំចូលស្វែងរកដំណោះស្រាយ តែដូចជាគ្មាន​លទ្ធផលទេ។ (...) បើនៅតែគ្មានដំណោះស្រាយបែបនេះ ពួកខ្ញុំនឹងនាំគ្នាដាក់លិខិត ទៅដល់នាយករដ្ឋមន្រ្តីកម្ពុជា។»

ដោយឡែក តំណាងកម្មករលោក អន ភារិទ្ធិ មកពីសហជីពកម្មករនិយោជិក បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្រោយ​ពីបញ្ចប់ជំនួប ជាមួយនឹងតំណាងក្រសួងការងារថា កម្មករកម្មការិនី ទាំង១២៣នាក់ ដែលបាននាំគ្នា មកដល់មុខក្រសួង​ការងារនេះ គឺដើម្បីដាក់ញត្តិ ឲ្យរដ្ឋមន្រ្តីក្រសួងការងារ ជួយអន្តរាគម ដើម្បីដោះស្រាយបញ្ហាថៅកែរោងចក្រ ហ្វូគួយ ដែល​រត់​គេច មិនបើកប្រាក់ខែ ឲ្យកម្មករ និងថែមទាំងបិទរោងចក្រ។ លោកបន្តថា «ការជួបនាថ្ងៃនេះ ហាក់ដូចជាគ្មាន​លទ្ធផល​អ្វី​ទេ បានត្រឹមតែពាក្យថា រង់ចាំ។ (...) ខាងក្រសួងការងារ ចង់ឲ្យក្រសួងស្វែងរកមុខ ថៅកែរោងចក្រ ដើម្បីចូលខ្លួន មក​ដោះ​ស្រាយ​បញ្ចប់​បញ្ហា ជាមួយកម្មករ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង ជាមួយអ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ពីបញ្ហា នៃដំណោះស្រាយជំនួប​នោះឡើយ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែតាមការបញ្ជាក់ របស់លោក អន ភារិទ្ធិ តំណាងកម្មករ បាននាំសំដី តំណាង​ក្រសួងការងារ មកថ្លែងថា ក្រសួងការងារ និងបញ្ជូនឯកសារ នៃការស្នើសុំរបស់កម្មករទាំងអស់ ទៅកាន់លោករដ្ឋមន្រ្តី ដើម្បី​ធ្វើការសម្របសម្រួល និងដោះស្រាយទៅតាមអ្វី ដែលជាការស្នើសុំរបស់កម្មករ។

យ៉ាងណា លោកមិនបានបង្ហាញ ពីមូលហេតុនៃការរត់ចោលរោងចក្រ របស់ថៅកែចិនរូបនោះទេ ដោយគ្រាន់តែបាន​បង្ហាញ តាមការអះអាងរបស់កម្មករទាំងអស់ថា ថៅកែរោងចក្រនេះ បានអនុញ្ញាតឲ្យកម្មករទាំងអស់ ឈប់សម្រាក​សម្រាប់​ថ្ងៃ ចូលឆ្នាំខ្មែរ តាំងពីថ្ងៃទី១០ មេសា និងចូលមកធ្វើការវិញនៅថ្ងៃទី២០។ លោកថា ពេលកម្មករត្រឡប់​មក​ធ្វើការ​វិញ ក៏ស្រាប់តែឃើញ រោងចក្របិទទ្វាតែម្តង។ យ៉ាងណាក៏ដោយ លោកនឹងជម្រុញ ឲ្យថៅកែរោងចក្ររូបនេះ ធ្វើការសង និងគិតគូរ នូវអតីតភាពការងាតកម្មករ ដែលបានធ្វើការក្នុងរយៈកាល១៥ឆ្នាំមកហើយ ហើយក៏នឹងត្រូវទទួលបាន ប្រាក់​អតីតភាព​ការងាររបស់ខ្លួន រហូតដល់ប្រាំពាន់ដុល្លាអាមេរិក។

លោកបានលើកឡើងថា ដំបូងឡើយ លោកក៏ស្វែងរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋានដែរ តែគ្មានដំណោះស្រាយ ពិសេស​ក្នុងការស្វែងរក ថៅកែរោងចក្រ ដែលបានរត់គេចខ្លួន ដើម្បីមកធ្វើការដោះស្រាយ។ តំណាងសហជីពរូបនេះ ក៏​បាន​លើកឡើងថា ក្រៅពីខាងអាជ្ញាធរមូលដ្ឋាន និងក្រសួងការងារនេះ ក្រុមរបស់លោក ក៏បានដាក់ញត្តិទៅកាន់​ស្ថាន​ទូត​ចិន ប្រចាំនៅកម្ពុជាដែរ។ ចំពោះដំណោះស្រាយវិញ ត្រូវបានតំណាងស្ថានទូតចិនលើកឡើងថា ថៅកែចិននោះ ជាចិន​តៃវ៉ាន់ ឯស្ថានទូតគ្រប់គ្រង តែលើចិនដីគោក ដូច្នេះមិនអាចជួយអ្វីបានឡើយ។ លោកបញ្ជាក់ជាចុងក្រោយថា បើនៅតែ​គ្មាន​ដំណោះស្រាយ ពីក្រសួងការងារទេ លោកនឹងត្រៀមដាក់លិខិត «ទៅកាន់ខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបន្ត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...