សមាជិក គ.ជ.ប មានសិទ្ធិចូលរួមក្នុង«បញ្ហាសង្គម»?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 06, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាស្ត្រាចារ្យជំនាញច្បាប់ម្នាក់ មកពីសកលវិទ្យាល័យច្បាប់មួយ នៃប្រទេសកម្ពុជា បានលើកឡើងថា ការចូលរួម របស់លោក រ៉ុង ឈុន ដែលជាសកម្មភាពសង្គម មិនមានអ្វីខុសទៅនឹងច្បាប់ថ្មីរបស់ គ.ជ.បនោះឡើយ។ រីឯលោក រ៉ុង ឈុន ក៏ដូចជាសមាជិក គ.ជ.ប ដទៃទៀត ក៏មានសិទ្ធិ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដើម្បីចូលរួម ក្នុងការងារនានា នៃសកម្មភាពសង្គម ដូចជា ទិវាពលកម្មអន្តជាតិ ទិវានារីអន្តរជាតិ ទិវាកុមារអន្តរជាតិ ទិវាសិទ្ធិមនុស្សអន្តរជាតិ មាឃបូជា ពិសាខបូជា ឬចូលឆ្នាំសកលជាដើម។
ការថ្លែងរបស់សាស្ត្រាចារ្យខាងលើ បានធ្វើឡើងជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយយោងតាមមូលហេតុ «ការងារ» របស់លោក។ ការថ្លែងរបស់លោក បានកើតឡើង បន្ទាប់ពីការចូលរួម របស់លោក រ៉ុង ឈុន សមាជិកថ្មី នៃ គ.ជ.ប ជាមួយបណ្តាពលរដ្ឋ នាមុខរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ដែលជាថ្ងៃសម្រាកពីការងារ និងក្រៅម៉ោងធ្វើការ បានបង្កឲ្យមាន ជាសង្គ្រាមពាក្យសម្ដី និងមានការបកស្រាយច្បាប់ ទៅតាមនិន្នាការរៀងៗខ្លួន។
ការចូលរូមសកម្មភាពសង្គម របស់លោក រ៉ុង ឈុន ក្នុង«ទិវាពលកម្មអន្តរជាតិ»នេះ បានរងការចោទប្រកាន់ ពីសំណាក់គណបក្សនយោបាយមួយចំនួន និងជាពិសេស ពីប្រធាន គ.ជ.ប ខ្លួនឯងផង ថាជាការដាក់ខ្លួនឯង ឲ្យស្ថិតក្នុងភាព «មិន»ឯករាជ្យ។ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ភ្លាមៗនោះ បានចាត់ទុកថា សកម្មភាពរបស់លោក រ៉ុង ឈុន គឺជាសកម្មភាព«ខុសប្រក្រតី» ដែលមិនធ្លាប់មានពីមុនមក សម្រាប់សមាជិក គ.ជ.ប។
តបទៅនឹងការចោទប្រកាន់ និងក្ដីបារម្ភខាងលើ លោកសាស្ត្រាចារ្យច្បាប់ បានពន្យល់ដោយយកទិដ្ឋភាពច្បាប់ មកបកស្រាយថា៖ «លោក (រ៉ុង ឈុន) អាចចូលរួមសកម្មភាពសង្គមបាន ដែលសកម្មភាពទាំងនោះ មិនមែនជាសកម្មភាពបំរើ ឲ្យផ្នែកនយោបាយ ឬគណបក្សនយោបាយឡើយ។ (...) បញ្ហាសង្គម ជាបញ្ហារបស់មនុស្សគ្រប់រូប។ មនុស្សគ្រប់រូប មានសិទ្ធិចូលរូម ក្នុងសកម្មភាពសង្គម ដោយស្មើភាពគ្នាចំពោះមុខច្បាប់ និងក្នុងនាមចាពលរដ្ឋដូចគ្នា។»
អ្នកជំនាញច្បាប់ បានសំអាងលើច្បាប់ រដ្ឋធម្មនុញ្ញា ត្រង់មាត្រា៣៥ ដែលបានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។»
លោកថា ការកំហិតនូវសិទ្ធិ សមាជិក គ.ជ.ប ណាម្នាក់ ក្នុងនាមជាពលរដ្ឋ (ក្រៅម៉ោងការងារ) ក្នុងការចូលរូបបញ្ហាសង្គម ដែលមិនមែនជាបញ្ហា របស់បក្សនយោបាយ ឬនយោបាយ) ជាការកំហែង ការគាបសង្គត់ ទោះតាមរយៈថ្នាក់ដឹកនាំខ្លួន ឬបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយក៏ដោយ ជាការរំលោភច្បាប់ និងសិទ្ធិពលរដ្ឋ។ លោកបន្តថា ពិសេសរំលោភ លើច្បាប់រដ្ឋធម្មនុញ្ញផង និងរំលោភបំពានច្បាប់ថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបនឹងអនុម័ត នាពេលថ្មីៗនេះផង។
លោកបានអះអាង ការថ្លែងរបស់លោក តាមមាត្រា១៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចែងថា៖ «ប្រធាន អនុប្រធាន សមាជិក គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួន ដោយមិនលំអៀង ដោយឈរលើគោលការគោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគម្រាមកំហែង ការបំភិតបំភ័យ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោល ពីបុគ្គល ឬស្ថាប័នណាមួយឡើយ។»
លោកសាស្ត្រាចារ្យច្បាប់ បានបន្តថា ក្នុងច្បាប់ថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត មិនបានចែងកំហិត ឬហាមឃាត់សមាជិករបស់ខ្លួន មិនឲ្យចូលរួមក្នុងកិច្ចការសង្គម និងក្រៅម៉ោងការងារ ក្នុងនាមជាពលរដ្ឋម្នាក់នោះឡើយ។ លោកថា បើមានច្បាប់ផ្សេង ចែងកំហិតពីករណីនេះ នោះពលរដ្ឋម្នាក់ៗតោងត្រូវគោរព ហើយការគោរពនោះ ក៏ត្រូវតែមានភាពស្មើគ្នាដែរ។
ដោយឡែក លោក រ៉ុង ឈុន បានលើកឡើង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នេះជាបញ្ហាសាមញ្ញ និងតូចតាចបំផុត សម្រាប់ការងារ គ.ជ.ប ដែលត្រូវយកចិត្តទុកដាក់។ តែលោកមិនបានបង្ហាញអ្វីលំអិត ពីការសម្រេចកំហុសរបស់លោកឡើយ ដោយលោករុញ ឲ្យជួបលោក ហង្ស ពុទ្ធា ដែលជាអ្នកនាំពាក្យ គ.ជ.ប វិញ។ លោកគ្រាន់តែបញ្ចាក់ យ៉ាងខ្លីដូច្នេះថា៖ «វាមិនមានរឿងអ្វីធ្ងន់ធ្ងរទេ គ្រាប់តែជាបញ្ហាតូចតាចប៉ុណ្ណោះ។ (…) ដូចដែលខ្ញុំធ្លាប់បានជម្រាបហ្នឹង ជាគំនិតខ្ញុំហើយ មិនមានអ្វីប៉ះពាល់ ទៅលើភាគីណាមួយទេ។»
យ៉ាងណាក៏ដោយ ថ្ងៃទី៤ ខែឧសភា ក្រោយកិច្ចប្រជុំការងារច្បាប់ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ករណីរបស់លោក រ៉ុង ឈុន ត្រូវបានលើកមកជជែក តែគ្រាន់ជាការក្រើនរំលឹកប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រធាន គ.ជ.ប ស្នើឲ្យសមាជិក គ.ជ.ប ទាំងអស់ ត្រូវប្រយ័ត្ននូវរាល់សកម្មភាពរបស់ខ្លួន។ លោកថា នៅក្នុងករណីណាក៏ដោយ ត្រូវប្រយ័ត្ន និងគេចឲ្យផុត ពីមតិរិះគន់នៃសាធារណៈជន។ ក្នុងនាមជាសមាជិក នៃស្ថាប័នឯករាជ្យ ត្រូវព្យាយាមក្នុងនាមជាសមាជិក គ.ជ.ប ដែលមានភាពឯករាជ្យ អព្យាក្រឹត្យ និងការគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន៕