អ្នក​ជំនាញ អ.ស.ប៖ «ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​​បោះឆ្នោត មិន​ខុស​ច្បាប់​ទេ»

សម្រាប់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានពន្យល់ថា ការអំពាវនាវរបស់ក្រុមមេដឹកនាំ គណបក្សប្រឆាំង នៅក្នុងរយៈពេលចុងក្រោយ ឲ្យពលរដ្ឋធ្វើពហិការ ដោយមិនចេញទៅបោះឆ្នោតនោះ មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យអ្វី ហើយមិនបានប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈដែរ។
អ្នក​ជំនាញ អ.ស.ប៖ «ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​​បោះឆ្នោត មិន​ខុស​ច្បាប់​ទេ»
លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបានចាត់តាំងឡើង ដោយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 15, 2018
  • ប្រធានបទ: បោះឆ្នោត ២០១៨
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការថ្លែង​​របស់ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក កាលពីពេលថ្មីៗ ស្វែងរកការចាត់វិធានការផ្លូវច្បាប់ ទៅលើនរណាក៏ដោយ ដែលអំពាវនាវ ឲ្យធ្វើពហិការមិនទៅបោះឆ្នោតនោះ បានរងប្រតិកម្មខ្លាំងៗមកវិញ ពីសំណាក់អ្នកជំនាញ ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញ ដែលរួមមានទាំងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស​ អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជានោះផង បានចាត់ទុកការអំពាវនាវ ឲ្យធ្វើពហិការនោះ ថាជាការទុកឲ្យពលរដ្ឋ ជាអ្នកសម្រេចដោយសេរី នៃការត្រូវទៅ​​ចូលរួមបោះឆ្នោត ឬមិនត្រូវទៅ។

សេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅមុននេះបន្តិច ពីទីស្នាក់ការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ដែលមានទីតាំងនៅក្រុង ហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ថា «តាមច្បាប់កម្ពុជា ការបោះឆ្នោតមិនមែនជាកាតព្វកិច្ចទេ» ហើយបានហៅ​ការអំពាវនាវ ឲ្យអ្នកបោះឆ្នោតធ្វើពហិការ មិនទៅបោះឆ្នោត ពីសំណាក់​មេដឹកនាំ​​គណបក្សប្រឆាំង​នោះ ថា​គ្រាន់​​«ជាសញ្ញាមួយនៃការតវ៉ា»​ប៉ុណ្ណោះ​។

ផ្ទុយទៅវិញ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដែលត្រូវបានចាត់តាំងឡើង ដោយគណបក្សប្រជាជនកម្ពុជា បានអំពាវនាវកាលពីខែកន្លងទៅ ឲ្យចាត់វិធានការផ្លូវច្បាប់ ទៅលើអ្នកដែលអំពាវនាវ ឲ្យធ្វើពហិការការបោះឆ្នោត។ ប្រធាន គ.ជ.ប បានអះអាងថា ការអំពាវនាវបែបនេះ ប៉ះពាល់ដល់សណ្ដាប់​ធ្នាប់​សាធារណៈ និងសន្តិសុខជាតិ និងបណ្តាលឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្ត ក្នុងការបោះឆ្នោត។

សម្រាប់ក្រុមអ្នកជំនាញ បានពន្យល់ថា៖ «ទោះជាការបោះឆ្នោត មានចរិតលក្ខណៈបែបណាក៍ដោយ ក៏ត្រូវតែគោរព និងធានាសិទ្ធិមនុស្សទាំងអស់ដែរ។ យើងលើកទឹកចិត្ត ដល់អាជ្ញាធរកម្ពុជា ឲ្យធានាថា មនុស្សគ្រប់រូបអាចបង្ហាញទស្សនៈនយោបាយ និងមតិផ្សេងៗទៀតរបស់គេ ដោយសេរី រួមទាំងការជម្រើស មិនបោះឆ្នោត ឲ្យគណៈបក្សណាមួយ ផងដែរ។»

សេចក្ដីថ្លែងការណ៍ បានស្រង់សំដីរបស់ក្រុមអ្នកជំនាញ របស់អង្គការពិភពលោក មកបញ្ជាក់ទៀតថា៖ «ទោះជាច្បាប់សិទិ្ធមនុស្សកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហាមប្រាមយ៉ាងត្រឹមត្រូវ ចំពោះការបំភិតបំភ័យ ឬការគំរាមកំហែងអ្នកបោះឆ្នោតក៍ដោយ ក៏ការអំពាវនាវ​ឲ្យធ្វើពហិការ មិនទៅបោះឆ្នោត មិនមែនជាការបង្ខិតបង្ខំ ឬបំភិតបំភ័យឡើយ ហើយការអំពាវនាវនោះទៀតសោធ ក៍មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ ផ្ទុយទៅវិញ ការអំពាវនេះ គឺទុកឲ្យអ្នកបោះឆ្នោតសម្រេចដោយសេរី ថាត្រូវចូលរួម ឬមិនចូលរួមបោះឆ្នោត។»។

ឆ្លៀតក្នុងឱកាសនោះ សេចក្ដីថ្លែងការណ៍ បានលើកឡើងជាថ្មី ពីការស្នើដោយទទូច របស់អ្នកស្រី រ៉ូណា ស្មីត ដែលសុំឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ នូវមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ និងសុំឲ្យដកចេញ នូវបម្រាមលើគណបក្សប្រឆាំង មិនឲ្យចូលរួម​ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ផងដែរ ដើម្បី«ធានាលទ្ធិប្រជាធិបតេយ្យពហុបក្សមួយពិតប្រាកដ» នៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...