ស្ពានសម្រាប់អ្នកថ្មើរជើងមួយ បាក់ធ្លាក់ពីលើថ្នល់ល្បឿនលឿន
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ សីហា ២០១៦
- កែប្រែចុងក្រោយ: August 29, 2016
- ប្រធានបទ: គ្រោះបាក់ស្ពាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ពានសម្រាប់អ្នកថ្មើរជើងមួយ ដែលសង់កន្លងពីលើថ្នល់ល្បឿនលឿន លេខ «M20» បានបាក់ធ្លាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានប៉ះជាមួយ រថយន្ដដឹកទំនិញមួយគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យអ្នកបើកបរម៉ូតូម្នាក់រងរបួស ហើយចរាចរណ៍ទាំងពីរទិស របស់ថ្នល់ល្បឿនលឿន ដែលឆ្ពាប់រាជធានី ឡុងដ៍ មកកាន់ច្រកសមុទ្រ ម៉ង់ (Manche - ច្រកនេះមុជ ពីខាងក្រោមសមុទ្រម៉ង់ ដើម្បីភ្ជាប់ទៅដីទ្វីប កាត់តាមប្រទេសបារាំង) បានបិតអស់ជាច្រើនម៉ោង។ នេះបើតាមការអះអាង របស់នគរបាល នៅក្នុងតំបន់ដែលកើតហេតុ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលបានឲ្យដឹងថា គេបានជូនដំណឹង មកកាន់នគរបាល អំពីគ្រោះថ្នាក់នេះ នៅវេលាម៉ោង ១១ និង០៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង១៦ និង០៧នាទី ម៉ោងនៅកម្ពុជា)។ សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ទៀតថា៖ «នៅខណៈនេះ ហេតុការណ៍នេះ វាដូចជាកើតឡើង ដោយសាររថយន្ដដឹកទំនិញ បានបើកបុកស្ពាន សម្រាប់អ្នកថ្មើរជើងខាងលើ មុននឹងវាបានបាក់ធ្លាក់ចុះមកលើផ្លូវថ្នល់»។
នគរបាលបានបញ្ជាក់បន្ថែមថា អ្នកបើកបរម៉ូតូម្នាក់ បានរងរបួស ពីការបាក់ធ្លាក់ស្ពាននេះ តែមិនធ្ងន់ធ្ងរនិងប៉ះពាល់ ដល់ជីវិតនោះទេ។ នេះអាចចាត់ទុកជាសំណាងមួយ ដែលគ្រោះថ្នាក់នេះ មិនបានបង្កឲ្យនរណាផ្សេងទៀតរងគ្រោះ ដោយសារតែថ្នល់ល្បឿនលឿននេះ មានចរាចរណ៍ច្រើន បណ្ដាលមកពីពេលនេះ ជាពេលចុងសប្ដាហ៍។ ប៉ុន្តែអាជ្ញាធរបានបញ្ជា ឲ្យបិទការធ្វើចរាចរណ៍ ទាំងពីរទិស ជាបណ្ដោះអាសន្នសិន។
ទូទស្សន៍ ប៊ីប៊ីស៊ី (BBC) បានស្រង់សំដីសាក្សីម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ មកផ្សព្វផ្សាយថា អ្នកបើកម៉ូតូនោះ បានបើកមកដល់ចំពេលស្ពានបាក់ ហើយបានផ្ដួលម៉ូតូ ក្រាបទៅលើដី ដើម្បីគេចផុតពីស្ពានសង្កត់ពីលើ។ ការផ្ដួលខ្លួនទៅលើដីនេះហើយ ដែលធ្វើឲ្យបុរសរូបនោះ បានរងរបួស៕