សង្គមស៊ីវិល និងជនរងគ្រោះ ជួបគ្នាដើម្បីរកដំណោះស្រាយជម្លោះដីធ្លី
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: July 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងជម្លោះដីធ្លី បានលើកឡើងថា បញ្ហាជម្លោះដីធ្លី ជាបញ្ហាដ៏ស្មុកស្មាញមួយ ដែលពិបាកដោះស្រាយ និងកាន់តែរីករាលដាលធំឡើងៗស្ទើពេញផ្ទៃប្រទេស។ នោះជាមូលហេតុ ដែលធ្វើឲ្យកិច្ចពិភាក្សាមួយ បានកើតរូបរាងឡើង ដើម្បីរកចំនុចរួមក្នុការដោះស្រាយនេះ។
សិក្ខាសាលា ស្តីពីស្ថានភាពសិទ្ធដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធមនុស្ស។ (រូបថត MONOROOM.info/ S. Chum Sothun)
ជម្លោះដីធ្លី - នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ អង្គមការសង្គមស៊ីវិលចំនួន៤ ដែលធ្វើការពាក់ព័ន្ធជាមួយដីធ្លី បានរៀបចំធ្វើសិក្ខាសាលា ស្តីពីស្ថានភាពសិទ្ធដីធ្លី និងទំនួលខុសត្រូវរបស់សាជីវកម្ម ដើម្បីលើកកម្ពស់សិទ្ធមនុស្ស។ អង្គការសង្គមស៊ីវិលទាំងនោះរួមមាន គណៈកម្មាធិការប្រព្រឹត្តកម្ម (CHRAC) ទស្សនៈពីភពលោក (World Vision) ក្រុមការងារសិទ្ធិលំនៅដ្ឋាន (HRTF) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum)។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបច្ចុប្បន្នភាព អំពីជម្លោះដីធ្លីនៅកម្ពុជា ទាក់ទងការផ្ដល់ដីសម្បទាន និងដើម្បីយល់ដឹង ក្នុងការប្រើប្រាស់គោលការណ៍ណែនាំ របស់អង្គការសហប្រជាជាតិ ស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស និងកិច្ចប្រតិបត្តិការដោយការទទួលខុសត្រូវ របស់សាជីវកម្មនានា ព្រមទាំងដើម្បីបង្កើតជាអនុសាសន៍រួម សម្រាប់ធ្វើឱ្យមានការឆ្លុះបញ្ចាំងបន្ថែមទៀត ដើម្បីឈានទៅដោះស្រាយបញ្ហា ដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកមេធាវី សុក សំអឿន ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តកម្ម បានឱ្យដឹងថា ការដែលផ្ទុះបាតុកម្មកាន់តែច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានពាក់ព័ន្ធយ៉ាងច្រើនលើសលប់ ជាមួយនឹងករណីមិនមានប័ណ្ណកម្មសិទ្ធ របស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា វាជាកំហុសរបស់អាជា្ញធរ ដែលមិនមានចេតនាចេញប័ណ្ណ ឱ្យប្រជាពលរដ្ឋ ហើយចេះតែរកលេសពន្យាពេល ក្នុងការចេញប័ណ្ណកម្មសិទ្ធដីធ្លី។
លោកបានអះអាងយ៉ាងដូច្នេះទៀតថា ការដែលមានបាតុកម្មទាក់ទងនឹងជម្លោះដីធ្លី គឺបញ្ជាក់យ៉ាងច្បាស់ថា វាជាការបរាជ័យមួយ របស់រដ្ឋភិបាលក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋ។ ចំណែកឯការធ្វើប័ណ្ណសិទ្ធ គឺកាតព្វកិច្ចទាំងស្រុងរបស់រដ្ឋ ប្រសិនរដ្ឋធ្វើព្រងើយចំពោះការធ្វើប័ណ្ណកម្មសិទ្ធនេះ មានន័យថា រដ្ឋកំពុងតែខ្ជះខ្ជាយថវិការបស់ប្រជាពលរដ្ឋ។
លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក បានពន្យល់ដែរថា ដីធ្លីគឺជាប្រភពនៃកត្តាសង្គម និងជាកត្តាប្រភពនៃការបង្កើតសេដ្ឋកិច្ច ព្រោះប្រជាជនខ្មែរភាគច្រើន ប្រកបរបរកសិកម្ម។
លោកបន្តថា៖ «ប្រសិនណាបើការគ្រប់គ្រងប្រកបដោយតម្លាភាព និងការអភិវឌ្ឍន៍មាននិរន្តភាព និងមានកាចូលរួម អញ្ចឹងវាអត់មានការធ្វើទុក្ខបុកម្នេញអ្វី មកលើប្រជាសហគមន៍ទេ ។ ប៉ុន្តែកន្លងមក យើងឃើញថា ការអភិវឌ្ឍន៍ជាហេតុផលចំបងមួយ ទោះបីជាអភិវឌ្ឍន៍សម្បទានក្តី និងបែបទ្រង់ទ្រាយផ្សេងៗក្តី ដែលហាក់ធ្វើឱ្យអាជ្ញាធរជំនាញមានសមត្ថកិច្ច ពុំអាចនឹងរកលទ្ធភាព ក្នុងការរកដំណោះស្រាយបាន។»៕