បាល់ទាត់ពិភពលោក២០១៤ នៅប្រេស៊ីល៖ សំបុត្រចាប់ផ្តើមដាក់លក់ហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំបុត្រសម្រាប់ចូលទស្សនា កំពូលព្រឹត្តិការណ៏ដ៏ធំ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញលក់ហើយ ដែលអ្នកគាំទ្រក្រុមបាល់ទាត់ទាំងអស់ អាចចូលទៅបំពេញបែបបទសុំទិញបាន នៅលើគេហរទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា «ហ្វីហ្វា» (Fifa)។
បុរសម្នាក់ កំពុងពិគ្រោះគេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក។ (រូបថត MONOROOM.info)
ហ្វីហ្វា បានរំពឹងទុកថា នឹងមានចំនួនអ្នកចូលទស្សនា ប្រហាក់ប្រហែលទៅនឹងព្រឹត្តិការណ៏ឆ្នាំ២០០៦ នៅប្រទេសអាឡឺម៉ង់ដែរ ហើយសំបុត្រមាន៧ប្រភេទ ក្នុងចំណោមការប្រកួតសរុមមាន ៦៤ប្រកួត។
សំបុត្រប្រមាណ ៣.៣លានសំបុត្រ នឹងត្រៀមលក់សម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ ហើយវានឹងមានតម្លៃពី ៥៨លានផោន (៩០ដុល្លា) សម្រាប់ការប្រកួតជុំដំបូង រហូតដល់តម្លៃ ៦៣២ផោន (៩៩០ដុល្លា) សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាកីឡាដ្ឋាន ម៉ារ៉ាហ្គាណា (Maracana Stadium) ក្នុងទីក្រុង រីយ៉ូ ដឺជែណឺរ៉ូ (Rio de Janeiro)។
ប៉ុន្តែសម្រាប់ប្រជាជនប្រេស៊ីល ដែលមានអាយុលើស៦០ឆ្នាំ, សិស្សសាលា និងសមាជិកកម្មវិធីពិសេសណាមួយ នឹងអាចទិញសំបុត្របានក្នុងតម្លៃត្រឹមតែ ១៥ផោន (២៣ដុល្លា) តែប៉ុណ្ណោះ។
នាយកទីផ្សាររបស់ហ្វីហ្វា លោកធារី វ៉េល (Thierry Weil) បាននិយាយថា៖ «វាពិតជាពិបាកព្យាករណ៏ខ្លាំងណាស់ អំពីចំនួនអ្នកដែលចូលមកទស្សនា។ ប៉ុន្តែខ្ញុំជឿថា វានឹងមានចំនួនប្រហាក់ប្រហែលទៅនឹងព្រិត្តិការណ៏នៅប្រទេសអាឡឺម៉ង់ ជាងនៅអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ២០១០។»
ហ្វីហ្វាបានប្រាប់ឲ្យដឹងថា បាល់ទាត់ពិភពលោកឆ្នាំ២០០៦ នៅប្រទេសអាឡឺម៉ង់ មានចំនួនអ្នកទស្សនា ប្រមាណជាង ៣.៣លាននាក់។ ប៉ុន្តែសម្រាប់ឆ្នាំ២០១០ ដែលអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះនោះ សំបុត្រលក់អស់ត្រឹមតែ ២លានប៉ុណ្ណោះ ដែលជាចំនួនមួយធ្លាក់ចុះខ្លាំង។
ចំពោះតម្លៃសេវាកម្មមួយចំនួន នៅបាល់ទាត់ពិភពលោកប្រេស៊ីល សូមមើលនៅខាងក្រោមនេះ៖
• សំបុត្រ (វគ្គចែកពូល)៖ ៩០ដុល្លា - ១៧៥ដុល្លា
• សំបុត្រ (វគ្គផ្តាច់ព្រ័ត្រ)៖ ៤៤០ដុល្លា - ៩៩០ដុល្លា
• សណ្ឋាគារ៖ ២២៨.៥ដុល្លា - ១២៤៨ដុល្លា (ក្នុងមួយយប់)
• អាហារសម្រន់៖ ១៧.២៣ដុល្លា
• អាហារពេលល្ងាចមធ្យម៖ ៤៥.៤ដុល្លា
• អាវយឺត៖ ២០.៣៦ដុល្លា
• ទឹកសុទ្ធ៖ ២ដុល្លា (១ដប)
• ស្រាបៀរក្រៅប្រទេស៖ ៦ដុល្លា (១កំប៉ុង)
• ស្រាបៀរក្នុងស្រុក៖ ៣ដុល្លា (១កំប៉ុង)
• កាហ្វេ៖ ៤ដុល្លា (១កែវ)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៏បាល់ទាត់ពិភពលោកឆ្នាំ២០១៤នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ ខែមិថុនា ខណៈដែលក្រុមម្ចាស់ផ្ទះប្រេស៊ីល នឹងបើកឆាកប្រកួតមុនគេ នៅក្នុងទីក្រុង សៅប៉ូឡូ (Sao Paulo)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ