សម្ភាស​ សុខ សំអឿន៖ ពីរ​ចំណុច​ដើម្បី​ក្លាយ​ជា​«​​ការ​​ញុះញង់»

រាល់ការញុះញង់ មិនប្រាកដថាត្រូវតែមានទណ្ឌកម្មនោះទេ។ ត្រូវតែ ធ្វើយ៉ាងណាកំណត់ឲ្យបានច្បាស់​លាស់ ពី​ប្រភេទ​នៃ«ការញុះញង់»នោះ។ បើញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬកាន់អាវុធ​ឲ្យប្រឆាំងរដ្ឋាភិបាល ទើបអាច​ចាត់ទុក​ថា ជា​ការញុះញង់ដែលត្រូវទទួលទោស។ បើជាការញុះញង់ នណាម្នាក់ឲ្យ«ស្នេហាជាតិ» ដែលមាន​ន័យ​​ស្មើ​នឹង​ញុះញង់ កុំឲ្យ​កើតមាននូវហឹង្សានោះ ជាប្រភេទញុះញង់ដែរ តែវាមិនបានបង្ក​នូវ​អសន្តិសុខ​នោះ​ទេ ផ្ទុយ​ទៅ​វិញ វាជា​រឿង​មួយល្អ​​សម្រាប់​ជាតិទៅវិញ។ នេះជាការលើកឡើង របស់លោក សុខ សំអឿន នាយក​ប្រតិបត្តិ នៃអង្គការ​ក្រុម​អ្នក​ច្បាប់​ការពាសិទ្ធិកម្ពុជា។
សម្ភាស​ សុខ សំអឿន៖ ពីរ​ចំណុច​ដើម្បី​ក្លាយ​ជា​«​​ការ​​ញុះញង់»
ហេតុការណ៍ដុតឡាន នៅមុខវត្តស្ទឹងមានជ័យ បន្ទាប់ពីមានការវាយបង្ក្រាបយ៉ាងខ្លាំងក្លា ពីសំណាក់អាជ្ញាធរ ទៅលើក្រុមកម្មករ។ (រូបថត MONOROOM.info
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៩ សីហា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: January 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ភាស - ក្នុងកិច្ចសម្ភាសមួយ ជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាយកប្រតិបត្តិ នៃអង្គការ​ក្រុម​អ្នក​ច្បាប់​ការពាសិទ្ធិកម្ពុជា លោក សុខ សំអឿន បាន​បញ្ជាក់ថា អាច​ចាត់ទុកជាការ​«ញុះញង់»បាន លុះត្រាតែ​ការ​ញុះ​ញង់​នោះ ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋជាក់លាក់ណាមួយ នៅតាមទី​សាធារណៈ ឬផ្សព្វ​ផ្សាយ​ជាសាធារណៈ ឬតាម​ខិតប័ណ្ណជាដើម ទោះបីមិនទាន់សម្រេចផលក៏ដោយ។ តែករណី​នេះ លោកបានបង្ហាញថា មិនចាំបាច់​សម្រាប់​មនុស្ស​ដែល​មាន​ឥទ្ធិពល ឬគ្មាននោះទេ តែអ្វីដែលចាំបាច់នោះ ត្រូវ​រកឲ្យឃើញនូវអំពើរបស់គាត់ ថាតើគាត់​ធ្វើ​ការ​ញុះញង់ ត្រឹមកំរិតណា គាត់និយាយអ្វី? តើការ​លើក​ឡើង​​របស់​​​គាត់​​នោះ មានប៉ះពាល់ដល់សន្តិសុខជាតិ ឬ​ច្បាប់​រដ្ឋកំណត់ដែរឬទេ?

អ្នកឯកទេសច្បាប់នៅកម្ពុជារូបនេះ បានលើកជាឧទាហរណ៍ដូចជាញុះញង់ ក៏ដូចជាការលើកទឹកចិត្ត នរណា​ម្នាក់ ឲ្យទៅសម្លាប់នណាម្នាក់ផ្សេងទៀត ញុះញង់ឲ្យចាប់គេរំលោភ ឬញុះញង់ឲ្យមានការរើសអើង ដូចជាការ​រើស​​អើង​​ពូជ​សាសន៍ជាដើម នេះទើបចាត់ទុកថាជាបទ«ញុះញង់» ហើយត្រូវទទួល​ខុសត្រូវ ចំពោះមុខច្បាប់​ព្រហ្មទណ្ឌ។ ដោយ​ឡែក​ បើសិនជានណាម្នាក់ គ្រាន់តែជូនផ្កាទៅអ្នកដែលខ្លួនស្រឡាញ់ ឬស្នើរឲ្យនណាម្នាក់ មក​ស្រលាញ់​ខ្លួន​​វិញនោះ មិនអាច​ទុកថា ជាបទញុះញង់នោះទេ។

ក្នុងករណីដូចបានបង្ហាញខាងលើ បើពិនិត្យទៅលើនិយមន័យ តាមក្រមព្រហ្មទណ្ឌជាធរមាន​នៅកម្ពុជា ​មាត្រា​២៨ បាន​ចែងថា៖

«ត្រូវចាត់ទុកជាអ្នកផ្តើមគំនិត ក្នុងបទឧក្រិដ្ឋឬ បទមជ្ឈិម ចំពោះបុគ្គលណា ដែលជំរុញ​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ បទបជ្ឈិមតាមការណែនាំ ឬ ការបញ្ជា,បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយ​ផ្តល់​អំណោយ ដោយ​​ការ​សន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏​ដោយ​​ការរំលោភ​អាជ្ញា ឬ អំណាចរបស់​ខ្លួន។»

«អ្នកផ្តើមគំនិតនឹងត្រូវអាចផ្តន្ទាទោសបាន លុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិមត្រូវបានសម្រេច ឬប៉ុន​ប៉ង។ អ្នក​ផ្តើមគំនិតបទឧក្រិដ្ឋ ឬបទ​មជ្ឈិម​ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។»

នាយកប្រតិបត្តិនៃអង្គការ ក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា បានបន្តរថា ការញុះញង់ក្នុងន័យធម្មតា ដូចជា​ការ​បញ្ចូល​​ចិត្ត​ ឲ្យនណាម្នាក់ធ្វើអ្វីមួយ ដើម្បីឲ្យ​បានសំរេចតាមគោលបំណង ដែលខ្លួនចង់បាន។ លោកបាន​បញ្ជាក់​ថា ជាទូទៅ​ជាគោល​បំណង«អាក្រក់»។ តែបើពិនិត្យមើល តាមន័យច្បាប់ចខាងលើ «ញុះញង់» ជាការ​ផ្តើមគំនិត ឲ្យអ្នកណាមួយ​ប្រព្រឹត្តបទ​ល្មើសឧក្រិដ្ឋ ឬ បទមជ្ឈិម មានន័យស្មើនឹងអ្នកញុះញង់ មិនបានប្រព្រឹត្តិ នូវ​បទ​ល្មើសដោយ​ខ្លួន​ឯង​នោះ​ទេ តែគាត់​ជាអ្នក​ផ្តើមនូវគំនិត ក្នុងការប្រព្រឹត្តបទល្មើសនេះ។ ភាគ​ច្រើន​គេ​ហៅ​អ្នក​ញុះញង់ ថាជា«ចារីខាងគំនិត» រីឯអ្នកប្រព្រឹត្តជា​«ចារី​ខាង​អំពើ»។ ជាប្រព័ន្ធច្បាប់ខ្មែរ គេចាត់ទុកអ្នក​ញុះ​ញង់ ជា​«អ្នក​សម​គំនិត»មិនមែនជាចារីទេ។

លោកបានចាត់ទុកថា ការញុះញង់ កើតឡើងតាមកត្តាពីរចំណុច៖

ទីមួយ«ការណែនាំ»អាចចោទថា«ញុះញង់» បាន​នោះ លុះត្រាតែអ្នកនោះ ឲ្យការណែនាំ ឬការបញ្ជាដល់អ្នក​ប្រព្រឹត្ត​​ផ្ទាល់ ឬមួយក៏ផ្តល់​ពត៌មាន​ដល់​អ្នក​ប្រព្រឹត្តផ្ទាល់ ពីរបៀប​ប្រព្រឹត្ត ពីពត៌មាននៃគោលដៅ ដែលជា​កម្មវត្ថុ​នៃការ​ប្រព្រឹត្តជាដើម។

ជាឧទាហរណ៍៖ «ករណីលួច» ប្រាប់ពីកន្លែងទុកទ្រព្យ, ប្រាប់ពីពេលវេលាដែលម្ចាស់មិននៅផ្ទះដើម។ សរុបមក​អ្នក​នោះ​​ប្រាប់ពីពត៌មាន ដើម្បីសំរួល​ដល់ការប្រព្រឹត្ត។

ទីពីរ«ការបង្ករ»ដែលត្រូវបំពេញលក្ខខ័ណ្ឌបីយ៉ាង៖ ១-មានគំនិតច្បាស់​លាស់ក្នុងការធ្វើបទល្មើស។ ២-ត្រូវ​សំដៅ​​ទៅលើបុគ្គលណាជាក់លាក់។ ៣- ត្រូវមានទម្ងន់ជម្រុញ ដូចជាការផ្តល់​អំណោយ ការសន្យា ការ​គំរាម​កំហែង ការ​​ញុះញង់ ការលួងលោម ឬការរំលោភអាជ្ញា ឬ អំណាច។ ឧទាហរណ៍៖ បើជន​ទីមួយ ចង់បំផ្លាញ​ផ្ទះ​ជន​ទីពីរ ដោយ​មិនចេញមុខធ្វើខ្លួនឯង តែជនទីមួយនេះបានបញ្ចុះបញ្ជូល ឲ្យជនទីបីផ្សេងទៀតជា​អ្នកទៅ​ដុត​ផ្ទះ​ជនទីពីរ​ចោល តាម​រយៈការសន្យានានា ឬថានឹងឲ្យប្រាក់ជាដើម ឬក៏ជាការដាក់បញ្ជោផ្ទាល់​លើជនទីបី​នោះ (ដោយ​មិន​អាច​​ប្រកែក​បាន) ឲ្យប្រព្រឹត្តិតែម្តង។

រីឯក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ បានចែងថា៖

«ការញុះញង់ ដែលអាចផ្តន្ទាទោសបាន បើអំពើនោះត្រូវបានប្រព្រឹត្តិឡើង ដោយសម្តីតាមប្រភេទណា​ក៏​ដោយ ដែលប្រកាសនៅក្នុង ទី​សាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ដោយសំណេរ ឬគំនូរ តាម​ប្រភេទ​ណាក៏​ដោយ ដែលត្រូវផ្សព្វផ្សាយនៅក្នុង ចំណោម​សាធារណៈជន ឬតាំងឲ្យ​សាធារណៈ​ជន​មើល។ ដោយគ្រប់​​មធ្យោបាយ ទូរគមនាគមន៍ សោធទស្សន៍ សម្រាប់សាធារណៈជន។»

ហើយការញុះញង់ខាងលើនេះ ប្រសិនបើគ្មានប្រសិទ្ធិភាពទេ នឹងត្រូវផ្តន្ទាដាក់ពន្ធនាគារពីប្រាំមួយខែ ទៅពីរឆ្នាំ និង​ពិន័យ​ជាប្រាក់ពីមួយលានរៀល ទៅបួនលានរៀល ស្របតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌដដែលនេះ។

ទៅជាយ៉ាងណាក៏ដោយ ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន លោកសុខ សំអឿន ក៏បានធ្វើការរិះគន់ទៅលើ​ប្រព័ន្ធ​តុលាការ​ដែរ ថាមិនមានការអនុវត្ត​ច្បាប់​គ្រប់​ជ្រុង​ជ្រោយ និងមិនបានធ្វើការបែងចែកឲ្យបានច្បាស់ និងដាច់​ស្រលះ​ពីគ្នានូវ​បទ​ល្មើស​នានា ពិសេសសូចករណី«ញុះញង់»នេះជាដើម។ លោកថា​ឲ្យតែមាន​ករណី​នេះ​កើត​ឡើង តុលាការ​តែងតែ​ប្រមូល​មកទាំងអស់ ហើយភាគច្រើន មិនសូវបានរួចខ្លួននោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...