ពិធីបួងសួងសុំសន្តិភាព មានដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប លើកទី២ (VDO)
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ «សូមខ្មែរប្រុសស្រីមកទទួលនូវសន្តិភាព មេដឹកនាំពិតត្រូវតាំងចិត្តឲ្យជ្រះថ្លា ដោះស្រាយបញ្ហាធ្វើយ៉ាងណាឲ្យរាស្រ្តបានសុខ។ (...) យើងអាចធ្វើបានតាមលំអានសន្តិភាព ខិតខំខ្មីឃ្មាតបន្ថែមទៀត ជួយជាតិខេមរា។» នេះជាបទចម្រៀងមួយបទ ដែលនិយាយពីការដឹកនាំប្រទេសមួយ ប្រកបដោយសន្តិភាព និងសេចក្តីសុខដល់ប្រជាពលរដ្ឋ។
ពិធីបួងសួងសុំសន្តិភាព របស់ក្រុមសង្គមស៊ីវិល នៅវត្តភ្នំរាជធានីភ្នំពេញ ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/O. Vary)
បទចម្រៀងនេះត្រូវបាន ព្រះសង្ឃ និងប្រជាពលរដ្ឋចាស់ក្មេង ប្រុសស្រី និងអង្គការសង្គមស៊ីវិលជិតបីរយនាក់ ធ្វើការជ្រើសរើសមកច្រៀង ក្នុងពិធីបួងសួង សុំសុខសន្តិភាព និងភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែសីហានេះ។
នេះជាការជួបជុំនាថ្ងៃសីលលើកទីពីរ ក្នុងការបែរបន់តាមបែបព្រះពុទ្ធសាសនា ក្រោយពេលការបោះឆ្នោតត្រូវបានបញ្ចប់ និងស្របពេលរាជរដ្ឋាភិបាល បានបញ្ជូននូវកម្លាំងទាហាន និងការចល័យរថពាសដែក និងរដក្រោះ ជាច្រើនចូលមកក្នុងទីក្រុងភ្នំពេញ ហើយបានធ្វើឥឲ្យ្រជាពលរដ្ឋ មានការព្រួយបារម្ម ដោយខ្លាចសង្គ្រាមសម្លាប់ពូជសាសន៍ឯង វិលត្រឡប់មកវិញជាលើកទីពីរ។ ជាមួយគ្នានេះដែរពិធីបួងសួងនេះ កើតឡើងក៏ដោយសារតែមានពាក្យចចាមអារ៉ាមជាច្រើន ថានឹងមានមហាបាតុកម្មប្រឆាំងមួយ នឹងកើតឡើងប្រឆាំងទៅនឹងលទ្ធផលឆ្នោត ប្រសិនបើគ្មានដំណោះស្រាយណាមួយ ដោយយុត្តិធម៌នោះទេ។
ចម្រៀងដ៏មានអត្ថន័យ សម្រាប់ការបួងសួងសុំសន្តិភាព ដោយតំណាងសហគមន៍ នៃអ្នករងគ្រោះនៃការបណ្តេញចេញពីដីធ្លី រួមមានតំបន់បឹងកក់ បុរីកីឡា ថ្មគោល និងបឹងឈូក និងក្រុមការងារដើម្បីសន្តិភាពដែលមាន អង្គការសង្គមស៊ីវិល សហព័ន្ធសហជីព បានមកបរមូលផ្តុំគ្នានៅមុខនាឡិការដ៏ធំ នៃរមណីយដ្ឋានវត្តភ្នំ ដោយផ្ញើជាសារ«សន្តិភាព»ទៅដល់រដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ ឲ្យមានភាពអត់ធ្មត់ អហិង្សា ជាបន្តរបន្ទាប់រហូតដល់មានការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ដើម្បីឈានទៅដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីនាពេលខាងមុខនេះ។
«យើងជាយុវជន យើងត្រូវការសន្តិភាព និងភាពយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតទាំងអស់គ្នា ហើយយើងសំណូមពរដល់អ្នកនយោបាយ ដែលឈ្នះឆ្នោតឱ្យដោះស្រាយបញ្ហានយោបាយតាមសន្តិវិធី រួមគ្នាធ្វើការដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងជម្រុញឱ្យមានការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ។» នេះជាការលើកឡើង របស់លោកទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា និងជាក្រុមការងារដើម្បីសន្តិភាព។
ការបួងសួងលើកទីពីរនេះ ក៏ជាសារមួយថ្មីភ្ជាប់ទៅនឹងបញ្ហានៃការចាប់ខ្លួនយុវជនបួននាក់ ដែលមានបំណងជូនផ្កា ទឹកសុទ្ធដល់កម្លាំងមានសមត្ថកិច្ច ក្នុងបំណងសុំសន្តិភាព។ ផ្ទុយទៅវិញ ពួកគេបែរជារងនូវការចោទប្រកាន់ ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ ផ្ដួលរលំរដ្ឋាភិបាល។
លោក អ៊ូ វីរះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគឯករាជ្យ បានសម្តែងនូវសុទិដ្ឋិនិយមថា បើប្រជាពលរដ្ឋទូទាំងប្រទេស យក«សន្តិភាព»ជាគោល ហើយជម្រុញសារមួយនេះទៅថ្នាក់ដឹកនាំ នោះមានភាគរយច្រើននឹងទទួលបានពីរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលបានទទួលយកនូវសំណើរ របស់ប្រជាពលរដ្ឋច្រើន តាមរយៈការសម្តែងនូវឆន្ទៈ របស់ពួកគាត់នាពេលបោះឆ្នោតកន្លងទៅ។ «ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ នាំឲ្យមានការបួងសួងសុំសន្តិភាព វាជាប្រសិទ្ធិភាពមួយ ងាយនិងទទួលបានដោយបក្សាឈ្នះឆ្នោតទាំងពីរ។ (...) គណបក្សប្រជាជនមិនចងឲ្យមានមហាបាតុកម្ម ឯគណបក្សសង្គ្រោះជាតិក៏មិនចង់ឲ្យមានការប្រើប្រាស់នូវអំពើហឹង្សា បង្រ្កាបនូវបាតុកម្មអហិង្សាដែរ។ (...) បញ្ហាសំខាន់ស្ថិតនៅលើគោលជំហរ របស់ថ្នាក់ដឹកនាំទាំងពីរ ដែលត្រូវបន្ទន់ឥរិយាបទរកគ្នា ដើម្បីជាសវាងការជាប់គាំងផ្នែកនយោបាយ។»
អ្នកចូលរួមទាំងអស់បានធ្វើធម្មយាត្រា ប្រទាក់សិនជុំវិញវត្តភ្នំមួយជុំ ពួកគេក៏បានបន្តរ ថ្លែងសារ និងបួងសួងរួមគ្នាឧទ្ទិសទៅដល់វត្ថុស័ក្កសិទ្ធិ និងបុព្វបុរសខ្មែរដែល ស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ សូមជួយថែរក្សាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតឱ្យទទួលបានយុត្តិធម៌ និងសន្តិភាព និងស្នើឱ្យរាជរដ្ឋាភិបាលបញ្ឈប់ការចល័តទ័ព អាវុធ គ្រប់រូបភាព ដែលជាការបំភិតបំភ័យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ម្ចាស់ទឹកដីដែលត្រូវការសន្តិភាព។
ក្រុមអ្នកចូលរួមទាំងអស់បាននាំយកមកជាមួយនូវទង់សាសនា ទង់ជាតិប្រទេស ទាន ធូប ផ្កាឈូក រួមទាំងពាក្យស្លោកសរសេរជាភាសាខ្មែរ និងអង់គ្លេស បាននាំគ្នាធ្វើពីធីស្មឹងស្មាធិ៍ និងសមាទានសិល បួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សុំសន្តិភាពដោយនាំគ្នាស្រែកថា «យើងត្រូវការយុត្តិធម៌ សេរីភាព។ ជយោ!សន្តិភាព ជយោ!សន្តិភាព ជយោ!សន្តិភាព៕»
ខាងក្រោមនេះ ជាវីដេអូយកការណ៍នៃពិធីនេះ៖
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ