សម្ភាសព្រះសង្ឃ ញ៉ាញ់ លីម៖ ពលរដ្ឋខ្មែរត្រូវរស់នៅ ក្នុង«តុល្យភាព»សង្គម
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្តាប់ព្រះសង្ឃមួយអង្គ ដែលនិមន្តមកពីខេត្តកំពង់ឆ្នាំង ចូលរួមធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ បង្ហាញពីមោទនភាព ចំពោះការទទួលយកស្នាមមេដៃ របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថានឹងមានសង្ឃឹមក្នុងការស្វែងរកដំណោះស្រាយនៃវិបត្ត និងភាពជាប់គាំងនៃបញ្ហានយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។
ព្រះសង្ឃ ញ៉ាញ់ លីម ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - បាតុកម្ម ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ មកពីតាមបណ្តាខេត្ត-ក្រុងទាំង២៤ មកចូលរួមនាទីលានប្រជាធិបតេយ្យ ដូចអ្វីដែលគណបក្សមួយនេះបានគ្រោងទុក។ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ ក៏មានវត្តមានព្រះសង្ឃដែលមិនតិចជាងប្រាំរយអង្គដែរ បានគង់នៅផ្នែកខាងមុខ ក្បែរឆាកក្រោមកំដៅថ្ងៃដ៏ក្តៅហែងស្ទើរតែរលាកកាយ និងមានព្រះសង្ឃប្រមាណជាជិតមួយរយអង្គ បានចូលរួមនិមន្តដោយថ្មើរជើង ជាមួយដំណើរដង្ហែរនាំ«ញត្តិ»ពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ។
ក្រោយពីបានប្រគល់«ញត្តិ» និងទទួលដោយមន្រ្តីតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ព្រះសង្ឃព្រះនាម ញ៉ាញ់ លីម បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា នេះជាឱកាល និងពេលវេលាមួយល្អ ដែលអាចឲ្យសហគមអន្តរជាតិជួយដល់កម្ពុជាបាន។
ក្នុងព្រះជន្ម៣០ព្រះវស្សា ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា «មានតែអង្គការសហប្រជាជាតិ និងប្រទេសដ៏ទៃទៀតដែលអាចជួយបាន»។ ព្រះអង្គផ្ទាល់ មានជំនឿជឿជាក់យ៉ាងខ្លាំង លើអង្គការសហប្រជាជាតិ ព្រោះគេក៏បានតាមដាន និងឃ្លាំ សង្កេតមើលពីដំណើរការនៃការការពាសិទ្ធិមនុស្ស និងច្បាប់នៅកម្ពុជាដែរ នោះគេនឹងរកដំណោះស្រាយឲ្យ។ ព្រះអង្គគិតថាមិនមានតែព្រះអង្គទេ ព្រះសង្ឃដ៏ទៃទៀត ក៏មានគំនិត និងអារម្មណ៍មិនខុសគ្នាដែរ គឺ ចង់បានឯករាជ្យ ចង់បានឲ្យមានយុត្តិធម៌ក្នុងសង្គម។ ប្រជាជនកម្ពុជាភាគច្រើនមានការលំបាកណាស់ ដូចជាអ្នកសុំ«ទាន»(អ្នកក្រ) កាន់តែច្រើនឡើង រីឯអ្នកមាន (ប្រាក់អំណាច) ក៏កាន់តែ«មាន»ដល់កំពូល។ «ធ្វើយ៉ាងណាត្រូវឲ្យមានតុល្យភាពនេះ បានស្មើគ្នា។ (...) អាត្មារំពឹងថា គេនឹងជួយដល់កម្ពុជា កុំឲ្យមានតែអ្នកមាន ឯអ្នកក្ររង់ចាំតែការស្លាប់ និងការរស់នៅដោយភាពវេទនា ជាមួយនឹងការគាបសង្កត់។»
មកពីខេត្តកំពង់ឆ្នាំង ព្រះអង្គបានបង្ហាញនូវទស្សនៈផ្ទាល់ព្រះអង្គ ដែលជំរុញឲ្យមានព្រះអង្គ ចូលរួមក្នុងមហាបាតុកម្មថា ដោយសារតែឃើញភាពអយុត្តិធម៌ក្នុងសង្គមច្រើន ដូចជាករណីសម្លាប់លោក ជា វិជ្ជា ជាដើម។ ព្រះអង្គបន្តរថា ពិសេសនៅស្រុកព្រះអង្គផ្ទាល់តែម្តង រដ្ឋាភិបាលបានយកដីស្រែចំការ ដីព្រៃ ដែលប្រជាពលរដ្ឋធ្លាប់តែប្រកបរបរដាំដំណាំចិញ្ចឹមជីវិត កន្លែងស្មៅដែលធ្លាប់តែគង្វាល និងជាចំណីគោ ក្របី ដីព្រៃដែលធ្លាប់តែរកចំណី អុស ក៏ត្រូវបានធ្វើសម្បទានអស់គ្មានសល់ និងក៏មិនមានដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋនោះដែរ។
ការគង់នៅជាមួយនឹងការសិក្សា ក្នុងវត្តថាន់ នារាជធានីភ្នំពេញ ព្រះអង្គបានមានសង្ឃដីការបន្តរថា ព្រះអង្គនឹងបន្តរការចូលរួមក្នុងមហាបាតុកម្មនេះគ្រប់បីថ្ងៃ ដោយចាប់បីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាចទើបនិមន្តសឹងនៅវត្តវិញ។ ករណីនេះព្រះអង្គបានបង្ហាញថា នេះជាសិទ្ធិរបស់ព្រះអង្គជាប្រជាពលរដ្ឋខ្មែរ ជាការសម្តែងមតិរបស់ព្រះអង្គ ព្រះអង្គនឹងមិនខ្លាចអ្វី ដែលព្រះអង្គមិនបានធ្វើខុសច្បាប់នោះទេ។ អ្វីដែលព្រះអង្គធ្វើ ព្រោះតែចង់ចូលរួមការពារនូវច្បាប់ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានពេញលេញ។
ព្រះអង្គបានរម្លឹកកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ថាក្រោយការរាប់សន្លឹកឆ្នោត និងការប្រកាសប៉ុន្មាននាទីដំបូង ឃើញថាស្ទើរគ្រប់ខេត្ត និងស្រុកទាំងអស់គណបក្សង្គ្រោះជាតិជាអ្នកជាប់(ឈ្នះ) ឯលទ្ធផលទើបតែប្រកាសបាន«បន្តិច» បែរជាធ្វើការ«ផ្អាក»ទៅវិញ ហើយបានប្រកាសជាសរុប ដោយធ្វើការ«សន្មត» ដោយ គ.ជ.ប ថាគណបក្សប្រជាជនកម្ពុជាបាន៦៨កៅអីតែម្តង។ ទាក់ទិននឹងការហែរ«ញ្ញតិ»នេះ ព្រះអង្គបានបង្ហាញនូវការជឿទុកចិត្តថា «អាត្មាសង្ឃឹមមួយរយភាគរយ ជឿជាក់ថាបានលទ្ធិផលល្អ ក្រោមការជួយរបស់អង្គការសហប្រជាជាតិ។ (...) មានតែពេលនេះហើយដែលគេមើលឃើញ គេបានដឹងពីសង្គមខ្មែរ គេជួយ គេងើបឈរទាំងក្នុងនិងក្រៅប្រទេស ធ្វើការតស៊ូ។»
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ