ផៃ ស៊ីផាន៖ បទពិសោធន៍នាំឲ្យរដ្ឋាភិបាល និងបាតុករយល់គ្នាលើកនេះ
មហាបាតុកម្មអហិង្សាលើកទី៣ របស់គណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តទៅ ក្នុងលក្ខខណ្ឌប្រសើរជាងលើកមុន ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ហាក់ដូចជាមានការសហការគ្នាល្អរវាងរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ បើទោះជាមានភាពរកាំរកូសខ្លះៗក៏ដោយ។ ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ដោយសារទទួលបានបទពិសោធន៍មិនល្អកាលពីលើកមុន បានជាជម្រុញឲ្យភាគីពាក់ព័ន្ធ សហការគ្នាល្អនៅពេលនេះ។
លោក ផៃ ស៊ីផាន ឆ្លើយតទល់នឹងប្រជាពលរដ្ឋ កាលពីអំឡុងខែកញ្ញាឆ្នាំ២០១៣កន្លងមក។ (រូបថតចម្លងពីអេក្រង់វីដេអូ)
រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា រដ្ឋាភិបាលចង់ឃើញក្រុមបាតុករ ដែលមកចូលបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ បញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនា ដោយថ្លៃថ្មូរ តាមបែបប្រជាធិបតេយ្យ មិនមែនជាការជួបប្រជុំ ជេរប្រមាថ ឬការប្រើអំពើហិង្សាតាមរូបភាពផ្សេងៗនោះទេ។
អ្នកនាំពាក្យរូបនេះបន្តថា តាមរយៈបទពិសោធន៍ ក្នុងកំឡុងពេលធ្វើបាតុកម្ម កាលពីលើកមុនៗ ដែលគ្រប់ភាគីបានទទួល នាំឲ្យគណបក្សសង្រ្គោះជាតិ និងក្រសួងមហាផ្ទៃ មានការសោកស្តាយ ចំពោះភាពគ្មានសណ្តាប់ធ្នាប់ និងអំពើហិង្សាដែលបានកើតឡើង ដូច្នេះពួកគេចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការរៀបចំធ្វើបាតុកម្មលើកនេះ ខណៈគ្រប់ភាគីសុទ្ធតែជាខ្មែរ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ក្នុងលិទ្ធិប្រជាធិបតេយ្យ បាតុករត្រូវផ្តល់ភាពថ្លៃថ្នូរ ដែលយើងត្រូវគោរព ដូច្នេះគ្នានអ្វីក្រៅពីការផ្តល់សេវាកម្មល្អប្រសើរ ដល់អ្នកដែលធ្វើតាមច្បាប់នោះទេ យើងនឹងមានប្រតិកម្មចំពោះអ្នកមិនគោរពច្បាប់ ក៏ប៉ុន្តែចំពោះអ្នកគោរពច្បាប់ គ្នានអ្វីក្រៅពីការផ្តល់សេវាកម្មល្អនោះទេ»។
គួរបញ្ជាក់ថា បើគិតពីក្រោយការបោះឆ្នោត គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានរៀបចំធ្វើមហាតុកម្មអហិង្សា ចំនួន២លើកមកហើយ ដើម្បីតវ៉ា ទាក់ទងនឹងភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត តែត្រូវបានរដ្ឋាភិបាលបដិសេធ និងមិនផ្តល់ការសហការល្អ ក្នុងការរៀបចំនោះទេ។
ចំពោះមហាបាតុកម្មអហិង្សា លើកទី៣នេះ ដែលមានរយៈពេល៣ថ្ងៃនោះ ត្រូវបានគណបក្សសង្រ្គោះជាតិអះអាងថាធ្វើឡើងក្នុងគោលបំណងពីរសំខាន់។ ទី១ ទាមទារឲ្យរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បន្តរក្សាសុពលភាពរបស់កិច្ចព្រមព្រៀងនេះ។ ទី២ ស្នើឲ្យអង្គការសហប្រជាតិ និងសហគមន៍អន្តរជាតិ ជួយដោះស្រាយអំពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានកត់សម្គាល់ថា ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិលើកទី៣នេះ មានភាពល្អប្រសើរជាងលើកមុន ព្រោះកងកម្លាំងអាជ្ញាធរ មិនមានការរឹងត្បិតខ្លាំង ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលមកចូលរួមបាតុកម្មនេះទេ ហើយថែមទាំងផ្តល់ការសហការជាមួយគណបក្សសង្រ្គោះជាតិ បានល្អប្រសើរជាងលើកមុនៗ។
យ៉ាងណាក៏ដោយ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្មីៗនេះ តាមរយៈសារពត៌មានក្នុងស្រុក នៅតែបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពដែលនាំឲ្យកើតមានអំពើហិង្សា ក្នុងកំឡុងពេលធ្វើបាតុកម្ម ព្រោះរដ្ឋមន្រ្តីដដែលនេះ បានលើកឡើងថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ មិនបានបង្ហាញពីកិច្ចសហការល្អ ជាមួយសាលារាជធានីភ្នំពេញ ក្នុងការរៀបចំមហាបាតុកម្មអហិង្សានេះទេ។
លោក ស ខេង បញ្ជាក់ថា៖ «ផលប្រយោជន៍គណបក្សយើងខ្ញុំ មិនហ៊ានបដិសេធទេ ប៉ុន្តែយើងគិតអំពីផលប្រយោជន៍ជាតិជារួម ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍ជាតិ វាធំជាងផលប្រយោជន៍គណបក្ស»៕
-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២២៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ