រកឃើញសាកសពបុរសដើមកំណើតខ្មែរម្នាក់ ធ្វើអត្តឃាតតាំងពី៨ឆ្នាំមុន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសដើមកំណើតខ្មែរម្នាក់ ត្រូវបានគេរកឃើញស្លាប់ដោយចងក នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិមួយ នៃតំបន់ជាយក្រុងប៉ារីសប្រទេសបារាំង។ ប៉ុន្តែអ្វីដែលចំឡែកនោះ គឺគេទើបតែរកឃើញសាកសពនេះ ខណៈដែលបុរសបានធ្វើអត្តឃាតតាំងពី«ប្រាំបី»ឆ្នាំមុនម្លេះ ហើយសូម្បីតែញាតិមិត្តរបស់បុរស ឬអ្នកជិតខាង ក៏គ្មាននរណាម្នាក់ត្រូវបានធ្វើឲ្យសង្ស័យ ពីការបាត់ខ្លួនរបស់បុរសនេះដែរ។
តាំងពីប្រាំបីឆ្នាំមកហើយ ដែលតូម៉ាស ងិន រស់នៅក្នុងអាគារនេះ តែបានបាត់ដំណឹងសូន្យឈឹងរហូត។ (រូបថត Le Parisien)
ទីក្រុងប៉ារីស - ការសែតចេញប្រចាំថ្ងៃរបស់បារាំង មានឈ្មោះថា ឡឺប៉ារីស៊ីយៀង (Le Parisien) បានផ្សាយឲ្យដឹងនៅថ្ងៃទី២៣ខែតុលានេះ ថាសាកសពបុរសដែលនៅសល់តែគ្រោងឆ្អឹង ត្រូវបានគេរកឃើញ កាលពីថ្ងៃសុក្រទី១៨ខែតុលាកន្លងទៅ នៅក្នុងផ្ទះរបស់ខ្លួន ដោយចងកនឹងកម្រាលពូក។ បុរសឈ្មោះ តូម៉ាស ងិន (Thomas Ngin) ដែលនឹងមានអាយុ៥០ឆ្នាំក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បានធ្វើអត្ថឃាតតាំងពី៨ឆ្នាំមុនម្លេះ។
មានដើមកំណើតក្នុងប្រទេសកម្ពុជា តូម៉ាស ងិន បានចូលមករស់នៅក្នុងភូមិ ប៊ូស៊ី សាំងហ្សក (Bussy-Saint-Georges) ខាងកើតទីក្រុងប៉ារីស នៅពីឆ្នាំ២០០១។ នគរបាលបានឲ្យដឹងថា តូម៉ាស ទំនងជាបានសម្លាប់ខ្លួន នៅអំឡុងឆ្នាំ២០០៥ ដោយសារតែមានបញ្ហា«ប្រាក់កាស» និងបំណុលជាច្រើនជុំទិស។ បុរសបានចងក ជាមួយនឹងកម្រាលពូក នៅជាប់នឹងទ្វាចូលនៃផ្ទះរបស់ខ្លួន។
មុនពេលសម្លាប់ខ្លួន តូម៉ាស ធ្លាប់ជាភ្នាក់ងារសន្តិសុខមួយរូប ដែលបន្ទាប់មក តូម៉ាស បានប្ដឹងឡើងទៅតុលាការការងារ (prud’hommes) ក្នុងប្រទេសបារាំង ប្រឆាំងនឹងថៅកែរបស់ខ្លួន នៅក្រោយពេលដែល តូម៉ាស ត្រូវបានថៅកែនោះបញ្ឈប់ពីការងារ។
តាំងពីប្រាំបីឆ្នាំមកហើយ ដែលបុរសមិនបានបង់ប្រាក់រំលោះ ដែលគាត់បានបណ្ដាក់ទិញផ្ទះនេះ ហើយធនាគារដែលបានធ្វើកិច្ចសន្យាខ្ចីប្រាក់ទិញផ្ទះជាមួយគាត់ បានសម្រេចចិត្តចាត់ការតាមនិតិវិធីតុលាការ ដើម្បីយកត្រឡប់មកវិញនូវបំណុលដែលបុរសជំពាក់។ ដូច្នេះផ្ទះជាអាប៉ាតឺម៉ង់ (appartement) របស់គាត់ ត្រូវបានរឹបអូស ហើយអាគារស្នាក់នៅទាំងមូល ត្រូវបានដាក់លក់ដេញថ្លែ និងបានលក់ដាច់ កាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៣កន្លងមក ក្នុងតម្លៃ ៤១៥០០០អ៊ឺរ៉ូ។
នៅពេលដែលម្ចាស់ផ្ទះថ្មី បានចូលទៅកាន់អាគារដែលទើបនឹងទិញបាននេះ ស្រាប់តែបានភ្ញាក់ព្រើតនឹងទស្សនីយភាពដ៏រន្ធត់ នៃគ្រោងឆ្អឺងចងក នៅជាប់នឹងទ្វាដែលទើបនឹងត្រូវបានគាស់ឲ្យរបើក ដោយជាងធ្វើសោរមួយរូប។
ការសែតដដែល បានធ្វើសេចក្ដីរាយការណ៍ទៀតថា តូម៉ាស មានបងប្អូនប្រុសពីរនាក់ និងស្រីម្នាក់ រស់នៅក្នុងតំបន់មួយទៀតនៅជាប់នឹងទីក្រុងប៉ារីសដែរ។ នៅមុខនេះ១០ឆ្នាំ តូម៉ាស បានរស់នៅជាមួយបងប្រុសរបស់ខ្លួន តែក្រោយមកក៏មានជម្លោះទាស់ទែង ជាមួយនឹងបងប្រុសនោះ ដែលធ្វើឲ្យតូម៉ាស ចេញទៅទិញផ្ទះនៅក្នុងភូមិ ប៊ូស៊ី ស៊ាំងហ្សក និងបានផ្ដាច់ខ្លួនចេញពីគ្រួសារតាំងពីពេលនោះមក។
ចំណែកអ្នកជិតខាងវិញ បានគិតថា បុរសឯកោទំនងជាបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបាត់ទៅហើយ។ អ្នកជិតខាងខ្លះទៀត បានទៅគោះទ្វាផ្ទះបុរសនេះជាច្រើនដង ដោយហេតុថា គាត់មិនបានបង់ថ្លៃបន្ទុកសម្រាប់អាគារស្នាក់នៅនេះ តាំងពីច្រើនខែមកហើយនោះ។ អាជ្ញាធរបារាំងបានឲ្យដឹងថា គ្រោងឆ្អឹងរបស់តូម៉ាស នឹងត្រូវគេយកទៅពិនិត្យធ្វើកោសលវិច័យ ក្នុងថ្ងៃខាងមុខ ដើម្បីដឹងឲ្យច្បាស់ពីពេលវេលា និងហេតុការណ៍ពិតប្រាកដនៃមរណភាពនេះ៕
-----------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ