អង្គការតម្លាភាពកម្ពុជាបង្ហាញភាពមិនប្រក្រតី និងស្នើរឲ្យកែទម្រង់យន្តការបោះឆ្នោត
ស្របពេលដែលគណបក្សសង្រ្គោះជាតិ បានបន្តប្រកាន់ជំហរម៉ឺងម៉ាត់ បដិសេធការចូលប្រជុំសភាលើកដំបូង និងនៅតែទាមទារឲ្យមានការបង្តើត គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត អង្គការតម្លាភាពកម្ពុជា ក៏បានបង្ហាញរបាយការណ៍ ភាពមិនប្រក្រតីពាក់ព័ន្ធ នឹងការបោះឆ្នោតដែលអង្គការនេះ បានរកឃើញនាពេលកន្លងមក។
លោកសុខ សំអឿន និង លោក ព្រាប កុល នៅក្នុងសន្និសិទការសែតបង្ហាញភាពមិនប្រក្រតីនៃការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)
រាជធានីភ្នំពេញ - ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៣ នេះនៅសណ្ឋាគារអ៊ីភើរៀល អង្គការតម្លាភាពកម្ពុជាបានបង្ហាញពីភាពមិនប្រក្រតីជាច្រើន ដែលអង្គការនេះបានរកឃើញក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ អង្គការនេះបានលើកមកបង្ហាញនូវចំនុចជាច្រើន ក្នុងនោះរួមមាន មានឈ្មោះស្ទួន ឈ្មោះខ្មោច ចុះឈ្មោះច្រើនលើសកម្រិត ខ្វះតម្លាភាពសម្រាប់គណបក្សនយោបាយ ក្នុងការប្រើប្រាស់មធ្យោបាយ និងធនធានផ្សេងៗ ៦០ភាគរយនៃការិយាល័យបោះឆ្នោត អ្នកបោះឆ្នោតដែលមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ មិនអាចរកឈ្មោះគេឃើញ និងការបដិសេធបិទបញ្ជីឈ្មោះនៅតាមភូមិមុនពេលជាដើម។
របាយការណ៍ដដែលនេះ ក៏ស្មើរឲ្យមានការកែទម្រង់ច្បាប់ និងស្ថាប័នសំខាន់ៗមួយចំនួនផងដែររួមមាន ច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ធានាឲ្យបាននូវឯករាជ្យភាពស្ថាប័នរបស់រដ្ឋ ដើម្បីទទួលបានូវទំនុកចិត្ត ចំពោះការបោះឆ្នោតនៅពេលអនាគត។
ប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានចាត់ទុកការឆ្នោតជ្រើតាំងតំណាងរាស្រ្តនីតិកាលទី៥ ក្នុងឆ្នាំ២០១៣ នេះថា៖ «ជាការបោះឆ្នោតដែលមានការចាប់អារម្មណ៍ មានការប្រកួតប្រជែង និងមានការឈឺចាប់បំផុត»។ លោក ព្រាប កុល អះអាងថាគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប មិនមានភាពឯករាជ្យ និងប្រព័ន្ធច្បាប់បោះឆ្នោតរបស់កម្ពុជាមានភាពខ្វះចន្លោះ ដូចច្នេះចាំបាច់ណាស់ដែលទាមទារឲ្យមានការកែទម្រង់។
បើទោះជាបន្ទប់ស្ថានការណ៍ ដែលមានក្រុមអង្គការសង្គមស៊ីវិលច្រើនជាង៤០ បានរកឃើញ និងបង្ហាញពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោតថា មានភាពធ្ងន់ធ្ងរជាបន្តបន្ទាប់យ៉ាងណាក្តី ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា តែងតែបដិសេធ និងលើកឡើងថាភាពមិនប្រក្រតី មានចំនួនតិចតួចបំផុត ហើយក៏មិនបណ្តាលឲ្យមានផលប៉ះពាល់ ដល់លទ្ធផលបោះឆ្នោតនោះទេ។
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្រ្គោះជាតិលោកស្រី មួ សុខហួរ ដែលបានចូលរួមក្នុងកម្មវិធីបង្ហាញរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជានោះដែរ បានអះអាងថា ភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោតមានភាពធ្ងន់ធ្ងរ ហើយបញ្ហាដែលបានកើតឡើងនេះ មិនមែនជាបញ្ហារបស់អ្នកណាម្នាក់នោះទេ វាគឺជាបញ្ហារួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ តំណាងរាស្រ្តរូបនេះបញ្ជាក់ថា៖ «ចាំបាច់ណាស់ដែលកម្ពុជា ត្រូវធ្វើការកំណែទម្រង់ស្ថាប័នសំខាន់មួយចំនួន ដើម្បីធានាថាកម្ពុជានឹងមានការអភិវឌ្ឍន៍ត្រឹមត្រូវ តាមបែបលទ្ធិប្រជាធិបតេយ្យ»។
ចំណែកឯលោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា បានថ្លែងឲ្យដឹងដូច្នេះថា៖ «ច្បាប់បោះឆ្នោតមិនអាច ធ្វើឲ្យអ្នកដែលប៉ុនប៉ងបន្លំក្នុងការបោះឆ្នោត ខ្លាចបាននោះទេ»។ លោក សុខ សំអឿន បន្ថែមថានៅពេលដែលគេរកឃើញភាពមិនប្រក្រងងផងិងិង គេមិនអាចរកអ្នកមកទទួលខុសត្រូវ មកផ្ដន្ទាទោសបាន តែបែជាមានតែការសម្របសម្រួលនោះទៅវិញ៕
-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ