ប្រណាំងម៉ូតូ៖ «ម៉ូតូជីភី» នឹងប្រណាំងនៅប្រេស៊ីលចាប់ពីឆ្នាំ២០១៤
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រណាំងម៉ូតូធំ ឬហៅថា «ម៉ូតូជីភី» (MotoGP) នឹងត្រឡប់ទៅធ្វើការប្រកួត នៅក្នុងប្រទេសប្រេស៊ីលវិញ ជាលើកដំបូង បន្ទាប់ពីអវត្តមានអស់១០ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមពីឆ្នាំក្រោយទៅ។
កីឡាករ ម៉ាក ម៉ារកេស នៅក្នុងក្រុមហុងដា នៃការប្រកួតប្រណាំងលើកមុន នៃ«ម៉ូតូជីភី»។ (រូបថត Simone Rosa)
ការប្រកួតពានរង្វាន់ពិភពលោក នឹងប្រារព្វឡើងនៅលើទីលានប្រណាំង អូតូដ្រាម៉ូ អ៊ីថើណែសិណល នេលសិន ភិឃ្វីត (Autodromo Internacional Nelson Piquet) នាទីក្រុង រីយ៉ូ ដឺជែណេរ៉ូ (Rio de Janeiro) ប្រេស៊ីល។
ប្រធានទិញសិទ្ធរបស់ក្រុមហ៊ុន ដូណា (Dorna) លោក ខាម៉េឡូ អេសប៉េឡេតា (Carmelo Ezpeleta) បាននិយាយថា៖ «ប្រេស៊ីល ជាទីផ្សារដ៏មានសារៈសំខាន់បំផុតមួយ នៅលើពិភពលោក សម្រាប់ការប្រណាំងម៉ូតូ»។
គាត់បានបន្ថែមថា៖ «ការត្រឡប់ទៅកាន់ប្រទេសប្រេស៊ីល ជាបំណងប្រាថ្នា សម្រាប់ព្រឹត្តិការណ៏ម៉ូតូជីភីនេះ ជាច្រើនឆ្នាំណាស់មកហើយ»។
ការប្រណាំងគ្រោងនឹងធ្វើឡើង នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៤ ហើយអាចនឹងមានទីលានប្រណាំងនៅតំបន់អាមេរិកខាងត្បូង ១ឬ២ទីលាន នៅលើកាលវិភាគប្រកួត ខណៈដែលប្រទេសអាស្សង់ទីន ក៏ត្រៀមទីលាន១សម្រាប់ការប្រកួតឆ្នាំក្រោយផងដែរ។
ទីលានប្រណាំងនៅប្រទេសប្រេស៊ីលនេះ នឹងត្រូវជួសជុលឡើងវិញ ដែលនឹងចាប់ផ្តើមចុះដំណើរការជួសជុលនៅខែធ្នូរ ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឬខែឧសភាឆ្នាំក្រោយ។
ការប្រណាំងម៉ូតូជីភី ចុងក្រោយនៅប្រទេសប្រេស៊ីល គឺនៅឆ្នាំ២០០៤ ខណៈដែលពានរង្វាន់ដ៏ធំ រ៉ីយ៉ូហ្គ្រែនប្រៃ (Rio Grand Prix) ត្រូវបានទៅលើកីឡាករឆ្នើមវ័យ ៣៦ឆ្នាំ របស់ជប៉ុន ម៉ាកូតូ តាម៉ាដា (Makoto Tamada)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ