ក្រុមហ៊ុនស៊ូស្សូគី នឹងបង្ហាញខ្លួនក្នុងការប្រណាំងម៉ូតូជីភីវិញ នៅឆ្នាំ២០១៥
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនស៊ូស្សូគី (Suzuki) នឹងត្រឡប់ទៅចូលរួមការប្រណាំងពានរង្វាន់ម៉ូតូជីភី (MotoGP) វិញ នៅឆ្នាំ២០១៥ បន្ទាប់ពីក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានធ្វើតេស្តសាកល្បងម៉ូតូគំរូរបស់ខ្លួនបានជោគជ័យនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទកន្លងទៅ។
ស៊ូស្សូគី ធ្លាប់បានឈ្នះពានរង្វាន់ពិភពលោកប្រភេទម៉ាស៊ីន ៥០០ស៊េស៊េ (500cc) ចំនួន៣សម័យកាល ក្រោមថ្វីដៃកីឡាករអង់គ្លេសបារី ស្សីណេ (Barry Sheene) និងកីឡាករអាមេរិក២រូបទៀត ឃេវីន ស្ស័កវាន់ (Kevin Schwantz) និង ឃិនី រ៉ូបឺត (Kenny Roberts)។
ប៉ុន្តែពួកគេបានដកខ្លួនពីការប្រណាំង កាលពីឆ្នាំ២០១១ ដោយពូកគេនិយាយថា ក្រុមហ៊ុនត្រូវកាត់បន្ថយចំណាយ ព្រោះខ្លាចវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកធ្លាក់ចុះ។ ហើយពួកគេនិយាយក្នុងពេលនោះថា នឹងចូលរួមប្រណាំងវិញនៅឆ្នាំ២០១៤។
ក្រុមហ៊ុនផលិតគ្រឿងយន្តមួយនេះ បានមកចូលរួមសាកល្បងម៉ូតូជីភី នៅឯទីលានប្រណាំងទីក្រុងបាសេឡូណា (Barcelona) កាលពីថ្ងៃច័ន្ទកន្លងទៅ ហើយបានចេញសេចក្តីថ្លែងការណ៏ថា ពួកគេនឹងធ្វើតេស្តសាកល្បងជាបន្តទៀត នៅប្រទេសជប៉ុន នាពេលបន្ទាប់។
ក្នុងសេចក្តីថ្លែងការណ៏នោះ បាននិយាយថា «ក្រុមហ៊ុនសាជីវកម្មរបស់ម៉ូតូស៊ូស្សូគី នឹងចូលរួមប្រកួតប្រជែង ក្នុងការប្រណាំងម៉ូតូជីភី ចាប់ពីឆ្នាំ២០១៥ទៅ។»
អ្នកប្រណាំងអ៊ីតាលី ដេវីដ ប្រីវីយ៉ូ (Davide Brivio), អតីតអ្នកប្រណាំងក្រុមយ៉ាម៉ាហា (Yamaha) វ៉ាឡិនទីណូ រ៉ូស្សី (Valentino Rossi) និងអ្នកប្រណាំងសញ្ជាតិបារាំង រែនឌី ដេភូនែត (Randy De Puniet) នឹងក្លាយជាអ្នកបើកសាកល្បងម៉ាស៊ីនថ្មី ១០០០ស៊េស៊េ (ប្រភេទម៉ូតូធំ)។
ការវិលត្រឡប់របស់ក្រុមហ៊ុនស៊ូស្សូគីនេះ នឹងធ្វើឲ្យការប្រកួតពានរង្វាន់ម៉ូតូជីភី មានក្រុមហ៊ុនធំៗ ចំនួន៤ផ្សេងៗគ្នា ក្នុងនោះមានដូចជា ក្រុមហ៊ុនហុងដា (Honda), យ៉ាម៉ាហា (Yamaha) និងក្រុមហ៊ុនឌូកាទី (Ducati) បន្ទាប់ពីក្រុមហ៊ុនកាវ៉ាសាគី (Kawasaki) បានដកខ្លួនកាលពីឆ្នាំ២០០៩មក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ