លីវើភូលព្រមានស្វារែស ឲ្យសរសេរជា«លាយលក្ខណ៍អក្សរ» បើចង់ចេញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រាប់ដល់ខ្សែប្រយុទ្ធរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ថា ឲ្យសរសេរសំណើរសុំផ្ទេរ ជា«លាយលក្ខណ៍អក្សរ»មក បើគាត់ពិតជាចង់ចាកចេញពីទឹកដីប្រទេសអង់គ្លេសមែន។
ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ គ្មានបំណងចង់បន្តអនាគតជាមួយក្រុមហង្សក្រហមទៀតទេ បន្ទាប់ពីដឹងថាមានក្រុមរៀលម៉ាឌ្រីដ (Real Madrid) និងក្រុមបាសេឡូណា (Barcelona) ចង់បានរូបគាត់។
ស្វារែស វ័យ២៦ឆ្នាំ បាននិយាយថា គាត់ត្រូវតែចាកចេញ គាត់មិនអាចទ្រាំនៅក្នុងទឹកដីអង់គ្លេសឲ្យគេមើលងាយ និងជាទីប្រមាញ់សម្រាប់អ្នកកាសែតនោះទេ បើទោះបីជាអ្នកគាំទ្រទទូចសុំឲ្យនៅបន្ត ជួយក្លឹបមួយរដូវកាលទៀត យ៉ាងណាក៏ដោយ។
អ្នកគាំទ្រ និងក្លឹបលីវើភូល តែងតែគាំទ្រខ្សែប្រយុទ្ធរូបនេះជានិច្ច បើទោះបីជាគាត់បានធ្វើទង្វើខុសឆ្គង លក្ខណៈផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។ ដូចជាការដែលរឿងជាមួយនឹងកីឡាករផាទ្រិក អេវរ៉ា (Patrice Evra) និងថ្មីៗនេះ គាត់បានខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ជាដើម។
ប៉ុន្តែកីឡាកររូបនេះ មិនត្រឹមតែមិនសងគុណក្លឹបវិញទេ គាត់ថែមទាំងបំបាក់មុខក្លឹបបន្ថែមទៀត ខណៈដែលគាត់កំពុងតែជាប់ភារៈកិច្ចជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) នៅប្រទេសប្រេស៊ីលនោះ គាត់តែងតែនិយាយជាសាធារៈណៈថា គាត់ចង់ចាកចេញ ទៅចូលរួមជាមួយក្រុមរៀលម៉ាឌ្រីដ ទាំងបើកចំហរ ដោយគ្មានភាពអៀនខ្មាស់។
ប៉ុន្តែពេលនេះ អ្នកគាំទ្រ និងក្លឹបលីវើភូលពុំមានការអត់ធ្មត់បន្តទៀតទេ ហើយក្លឹបបានព្រមានដល់កីឡាកររូបនេះថា បើពិតជាចង់ចាកចេញខ្លាំងណាស់ សូមសរសេរសំណើរមកក្លឹបមក ក្លឹបនឹងជួយដោះស្រាយឲ្យ កុំទៅនិយាយទីសាធារណៈដោយបើកចំហរ នាំបាត់បង់កិត្តិយសរបស់ក្លឹប និងកិត្តិយសក្នុងនាមជាកីឡាករអាជីព សម្រាប់ខ្លួនឯងទៀត។
ក្រុមលីវើភូល បានកំណត់តម្លៃស្វារែស ជាង៤០លានផោន (៦២.៧៤លានដុល្លា) ដល់ក្រុមរៀលម៉ាឌ្រីដ ដែលមានបំណងចង់ទិញផ្តាច់កិច្ចសន្យា។ ហើយក្លឹបក៏សង្ឃឹមថា នឹងមានការព្រមព្រាងគ្នាឆាប់ៗ ដើម្បីងាយស្រួលស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មីរូបណាមួយ មកជំនួសដំណែងគាត់វិញដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ