រៀលម៉ាឌ្រីដ ដាក់លក់អាវលេខ១១ របស់ប៊េល មុនប្រកាសផ្លូវការ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានតាំងបង្ហាញលក់នូវអាវលេខ១១ ដែលមានឈ្មោះខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេសខាងលិច ហ្គារែត ប៊េល (Gareth Bale) កាលពីថ្ងៃព្រហស្បតិ៏ ខណៈការទិញក្នុងតម្លៃកំណត់ត្រាពិភពលោក សម្រាប់កីឡាករក្រុមទតិនហេម (Tottenham) រូបនេះ បានឈានជិតដល់ដំណាក់កាលបញ្ចប់រួចរាល់ហើយ។
កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។
ការចចារគ្នា រវាងក្លិបយក្សរបស់អេស្ប៉ាញ និងក្លិបបច្ចុប្បន្នរបស់ប៊េល ទតិនហេម ហតស្ពឺ (Tottenham Hotspur) សម្រាប់ការផ្ទេរដ៏ធំនេះ ត្រូវបានគេជឿថានឹងអាចឈានដល់ដំណាក់ការមួយព្រមព្រៀងគ្នា។ ប៉ុន្តែទោះជាយ៉ាងណា កីឡាករវ័យ២៤ឆ្នាំ មិនទាន់ធ្វើដំណើរទៅកាន់កីឡាដ្ឋាន បឺណាប៊ូ (Bernabeu) នៅឡើយទេ។
ប្រភពពត៌មានដ៏ធំមកពីទីក្រុងម៉ាឌ្រីដ ម៉ាកា (Marca) និង អេអេស (As) បានចេញផ្សាយពីគេហទំព័រផ្លូវការរបស់ក្លិបរៀលម៉ាឌ្រីដ ថាពួកគេបានបង្ហាញលក់នូវអាវរបស់ប៊េល ដែលមានលេខ១១ នៅក្នុងក្រុម។ ប៉ុន្តែលុះដល់ពេលល្ងាច គេហទំព័ររបស់ក្លិប ក៏បានលុបចោលវិញ។
កាសែតអេអេស បានចេញផ្សាយថា ការដាក់លក់ទំនិញនៅក្នុងហាង ជាការគ្រប់គ្រងដោយយីហោរ ដែលឧបត្ថម្ភដល់ក្លិប អេឌីដាស់ (Adidas) ហើយមិនមែនក្លិបជាអ្នកគ្រប់គ្រងទេ។
តាមសេចក្តីរាយការណ៏ ប៊េលនឹងផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប ៩សម័យកាល ក្នុងតម្លៃមួយខ្ពស់ជាងតម្លៃ ៨០លានផោន (១២៣.៦លានដុល្លា, ៩៣.២លានអ៊ឺរ៉ូ) ដែលក្លិបរៀលម៉ាឌ្រីដ ទិញយកគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) មកពីក្រុមម៉ែនញូ (Manchester United) កាលពីឆ្នាំ២០០៩ ទៅទៀត។
គួររំឮកថា កាលពីឆ្នាំមុន ក្លិបរៀលម៉ាឌ្រីដ ក៏បានដាក់បញ្ចូលឈ្មោះកីឡាករក្រូអាត លូកាស ម៉ូឌ្រិក (Luka Modric) ជាកីឡាករក្នុងក្រុមនៅក្នុងគេហទំព័ររបស់ក្លិប មុនពេលដែលពួកគេមិនទាន់ទិញបានផងដែរ។ ប៉ុន្តែក្លិបអេស្ប៉ាញមួយនេះ បានធ្វើការបកស្រាយថា នោះជាទង្វើរបស់ពួកហែកឃឺ (hackers)។
គ្រូបង្វឹកក្រុមស្ពឺ លោក អេនដ្រេ វីឡាសបូអាស (Andre Villas-Boas) បានធ្វើការបដិសេធម្តងទៀត ក្នុងការបំភ្លឺចំពោះរឿងអនាគតរបស់ខ្សែបម្រើ ប៊េល។
គ្រូបង្វឹកវ័យក្មេង ៣៥ឆ្នាំរូបនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៏ ខណៈដែលក្រុមស្ពឺ យកឈ្នះ៥-០ លើក្រុមឌីណាម៉ូ ធីប៊ីលីស៊ី (Dinamo Tbilisi) ក្នុងការប្រកួតពានរង្វាន់ អ៊ឺរ៉ូផាលីក (Europa League) ថា៖ «ខ្ញុំមិនអាចនិយាយអ្វីទាំងអស់ ចំពោះអនាគតរបស់គាត់ ព្រោះគោលជំហររបស់ខ្ញុំនៅតែដដែល ខ្ញុំចង់ឲ្យគាត់នៅបន្ត។ ប៉ុន្តែខ្ញុំមិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯងបានទេ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ