៣គ្រាប់របស់ទីចាហ្គូ ជួយឲ្យអេស្ប៉ាញលើកពានអ៊ឺរ៉ូ អាយុក្រោម២១ឆ្នាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រធានក្រុម ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) រកគ្រាប់បាល់បញ្ចូលទីបាន ៣គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះក្រុមជម្រើសជាតិអ៊ីតាលី ដោយលទ្ធផល ៤-២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អ៊ឺរ៉ូអាយុក្រោម២១ឆ្នាំ (European Under-21) កាលពីយប់ថ្ងៃអង្គារ៏។
ទីចាហ្គូ អាល់ខាន់តារ៉ា កីឡាករជម្រៀសជាតិអេស្ប៉ាញ ក្រោមអាយុ២១ឆ្នាំ។
ម្ចាស់ការពារដំណែងជើងឯក (អេស្ប៉ាញ) ហាក់ដូចជាមានការពិបាកបន្តិច ក្នុងការគ្របដណ្តប់ទៅលើក្រុមអ៊ីតាលី ប៉ុន្តែទោះជាយ៉ាងណា ក៏មានការធូរស្បើយមកវិញ បន្ទាប់ពីកីឡាករទីចាហ្គូ របស់ក្រុមបាសេឡូណា (Barcelona) តែតបញ្ចូលទីយ៉ាងងាយស្រួលនៅនាទីទី៦, កាប់ពីចំងាយបញ្ចូលទីនៅនាទីទី៣១ និងទាត់បាល់ពិន័យ (ប៉េណាល់ទី) ១គ្រាប់ទៀត នៅនាទីទី៣៨។
ការឈ្នះពានរង្វាន់អ៊ឺរ៉ូ អាយុក្រោម២១ឆ្នាំនេះ មានន័យថាក្រុមជម្រើសជាតិអេស្ប៉ាញ បានកាន់កាប់ពានរង្វាន់ធំៗអន្តរជាតិទាំងអស់ រួមមានបាល់ទាត់ពិភពលោក (World Cup), អ៊ឺរ៉ូ (ឈុតធំ) និងពានរង្វាន់អ៊ឺរ៉ូ អាយុក្រោម១៩ឆ្នាំផងដែរ។
ទីចាហ្គូ បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលអាចរកគ្រាប់បាល់បញ្ចូលទីបាន ៣គ្រាប់តែម្នាក់ឯង ក្នុងវគ្គផ្តាច់ព្រ័ត្រ បើគិតចាប់តាំងពីឆ្នាំ១៩៩៤មក។
ក្រុមអ៊ីតាលី ក៏មានសង្ឃឹមមកវិញដែរ ខណៈដែលខ្សែប្រយុទ្ធក្រុមជីណូអា (Genoa) ស៊ីរ៉ូ អ៊ីម៉ូបៃ (Ciro Immobile) ទាត់បំប្លោងផុតដៃអ្នកចាំទីអេស្ប៉ាញ ដេវីដ ដេហ្គែ (David De Gea) នៅនាទីទី៩ ហើយបានជួយឲ្យអ៊ីតាលី តាមបានស្មើ ១-១។ ប៉ុន្តែក៏ត្រូវក្រុមអេស្ប៉ាញ វាយបកបាន ៤-១ វិញ បន្ទាប់ពីកីឡាករអ៊ីស្កូ (Isco) ទាត់បាល់ពិន័យប៉េណាល់ទី គ្រាប់ទី៤ បានសម្រេចនៅនាទីទី៦៦។
ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ហ្វាប៊ីយ៉ូ បូរីនី (Fabio Borini) រកគ្រាប់បាល់ទី២ ឲ្យក្រុមអ៊ីតាលី បានសម្រេចនៅនាទីទី៨០ បន្ទាប់ពីទាត់កាប់មួយទំហឹងពីចំងាយក្រៅតំបន់គ្រោះថ្នាក់ បានយ៉ាងល្អ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនអាចជួយឲ្យអ៊ីតាលី តាមបានស្មើវិញដែរ។
គ្រូបង្វឹកអេស្ប៉ាញ លោកជូឡិន ឡូប៉េតេហ្គី (Julen Lopetegui) បាននិយាយថា «យើងពិតជារីករាយខ្លាំងណាស់ មិនត្រឹមតែជ័យជំនះទេ ពោលគឺយើងពេញចិត្តនូវទម្រង់លេងរបស់ក្រុម។ ខ្ញុំគិតថា កីឡាកររបស់យើង សម្រេចចិត្តលេងលក្ខណៈបច្ចេកទេសរៀងៗខ្លួន បានយ៉ាងឥតខ្ចោះ។ ហើយខ្ញុំជឿថា នេះជាចំនុចសំខាន់របស់ក្រុមយើង។»
ចំណែកឯគ្រូបង្វឹកអ៊ីតាលីវិញ លោកដេវីស ម៉ាំងហ្គែ (Devis Mangia) បានលើកឡើងថា ក្រុមរបស់លោកខ្វះនូវបទពិសោធន៏ ក្នុងការប្រកួតពានរង្វាន់ធំៗ។
លោកម៉ាំងហ្គែ បាននិយាយថា «ប្រហែលជាកីឡាកររបស់ខ្ញុំ ខ្វះនូវបទពិសោធន៏ ព្រោះការប្រកួតធំៗដូចនេះ អ្នកចាំបាច់ត្រូវតែមានបទពិសោធន៏។ ពួកគេមានបទពិសោធន៏ តិចជាងក្រុមអេស្ប៉ាញ។ ប៉ុន្តែកីឡាកររបស់ខ្ញុំ ក៏លេងបានយ៉ាងអស្ចារ្យដែរ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ