សុខ ទូច៖ អ្នក​ទទួល​ខុស​ត្រូវ​ជា​ព្រះមហាក្សត្រ បើ​ទ្រង់​មិន​ព្រម​តាម​សំណើ​មេ​បក្ស​ប្រឆាំង

នៅទីបំផុតទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើឲ្យព្រះមហាក្សត្រ ទ្រង់ជួយព្រះ រាជអន្តរាគមន៍ ដើម្បរកដំណោះស្រាយជុំវិញភាពមិនប្រក្រតី ពេលបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ស្របតាមការចង់បាន​របស់ពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ អ្នកវិភាគនយោបាយកម្ពុជា លោក បណ្ឌិត សុខ ទូច បានហៅការស្នើសុំរបស់​លោក សម រង្ស៊ី ថាជាការត្រឹមត្រូវ ហើយប្រសិនបើ ព្រះមហាក្សត្រទ្រង់មិនយល់ព្រមតាមសំណើ របស់មេបក្សប្រឆាំង​ទេនោះ បើមានបញ្ហាអ្វីមួយកើតឡើង គឺអង្គព្រះ មហាក្សត្រទៅវិញទេជាអ្នកទទួលខុសត្រូវ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: September 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុតទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើឲ្យព្រះមហាក្សត្រ ទ្រង់ជួយព្រះ រាជអន្តរាគមន៍ ដើម្បរកដំណោះស្រាយជុំវិញភាពមិនប្រក្រតី ពេលបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ស្របតាមការចង់បាន​របស់ពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ អ្នកវិភាគនយោបាយកម្ពុជា លោក បណ្ឌិត សុខ ទូច បានហៅការស្នើសុំរបស់​លោក សម រង្ស៊ី ថាជាការត្រឹមត្រូវ ហើយប្រសិនបើ ព្រះមហាក្សត្រទ្រង់មិនយល់ព្រមតាមសំណើ របស់មេបក្សប្រឆាំង​ទេនោះ បើមានបញ្ហាអ្វីមួយកើតឡើង គឺអង្គព្រះ មហាក្សត្រទៅវិញទេជាអ្នកទទួលខុសត្រូវ។


លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)

ការស្នើរបស់លោកមេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ របស់លោក សម រង្ស៊ី ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ០២ ខែកញ្ញាកន្លងទៅ ពោលគឺភ្លាមៗបន្ទាប់​ពីលោកបញ្ចប់សន្និសិទការសែតស្តីពីគោលជំហរចុងក្រោយ របស់គណបក្សសង្រ្គោះជាតិ ក្នុងការធ្វើបាតុកម្ម​អហិង្សា។ លិខិតដែលបានផ្ញើរថ្វាយព្រះ មហាក្សត្រនោះ ត្រូវបានគណបក្សប្រឆាំង ទើបតែធ្វើការផ្សព្វផ្សាយ​ជាសាធារណៈ នៅថ្ងៃ​ពុធ ទី ០៤ ខែកញ្ញា នេះ ។ ក្នុងលិខិតនោះ បានលោក សម រង្ស៊ី បានសរសេរថា «អាស្រ័យលើស្មារតីរដ្ឋធម្មនុញ្ញ ទូល​ព្រះ​បង្គំសូមព្រះអង្គទ្រង់មេត្តាជួយធ្វើព្រះរាជអន្តរាគមន៍ ដើម្បីរកដំណោះស្រាយចំពោះភាពមិន ប្រក្រតីក្នុងការបោះឆ្នោត ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលជាការចង់បានរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត»។

ក្រៅពីខ្លឹមសារនេះ លោក សម រង្ស៊ី ក៏បានទូលថ្វាយព្រះមហាក្សត្រអំពីគម្រោងធ្វើមហា បាតុកម្មរបស់លោកផងដែរ ដើម្បី​ទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយ ក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ។

លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថា នា​ពេលកន្លងមក លោកតែងតែនិយាយជារឿយៗឲ្យអ្នកនយោបាយខ្មែរ ស្នើព្រះមហាក្សត្រជួយអន្តរាគមន៍​ជុំវិញបញ្ហារាំង​ស្ទះនយោបាយនៅកម្ពុជានេះ។ លោកថា លោក សម រង្ស៊ី គួរតែធ្វើបែបនេះយូរហើយ មិនមែនទើបតែត្រូវធ្វើក្នុង​ពេលនេះ​នោះទេ។ តែលោកថា លោក សម រង្ស៊ី ធ្វើបែបនេះ គឺជាការត្រឹមត្រូវ ក្នុងកាលៈទេសៈប្រទេសកម្ពុជាបច្ចុប្បន្ននេះ។

លោក បណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ បានពន្យល់ថា លោក សម រង្ស៊ី ធ្វើបែបនេះ គឺវាស្របទៅនឹងច្បាប់​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងនៅក្នុងមាត្រា ៨ និងមាត្រា ៩ ថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជា​និមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរព​សន្ធិសញ្ញា​អន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាច​សាធារណៈ​ឲ្យមានភាពទៀងទាត់។ ដូច្នេះលោកថា ការស្នើសុំរបស់លោក សម រង្ស៊ី នៅ ពេលនេះ គឺជាការ «ត្រឹមត្រូវ​បំផុត»។

អ្នកវិភាគនយោបាយឯករាជ្យរូបនេះ បានបញ្ជាក់ថា «ប្រសិនបើលោក សម រង្ស៊ី ស្នើសុំទៅព្រះមហាក្សត្រ ឲ្យជួយ​អន្តរាគមន៍យ៉ាងនេះហើយ ព្រះមហាក្សត្រទ្រង់មិនយល់ព្រម ផ្តល់ការអន្តរាគមន៍នៅក្នុងបញ្ហាបោះឆ្នោត តាមការ​ស្នើ​សុំ​របស់លោក សម រង្ស៊ី ទេនោះ អ្នកដែលខុសមិនមែនលោក សម រង្ស៊ី ទេ គឺ ព្រះមហាក្សត្រឯណោះវិញទេ ដែលជាអ្នក​ទទួលកំហុស។ លោក បន្តថា ប្រសិនបើមានអំពើហិង្សា ឬភាពចលា ចលកើតឡើងមែននោះ ព្រះមហាក្សត្រ គឺជាអ្នក​មានចំណែកក្នុងបញ្ហានេះ។»

នៅក្នុងព្រះរាជលិខិតចុះថ្ងៃទី ០៣ ខែកញ្ញា ដែលឆ្លើយតបទៅនឹងលិខិតរបស់លោក សម រង្ស៊ី មានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទទទួលរូចហើយនូវលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី ០២ ខែកញ្ញា។ ខ្ញុំសូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានសម្តែងនូវការគោរព និងដង្ហែតាមព្រះរាជតម្រិះ ដែលមានចែងនៅក្នុងព្រះរាជសាររបស់ខ្ញុំចុះថ្ងៃទី ៣០ ខែសីហា កន្លងទៅ។»

ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ បានបញ្ចប់ទៅ ភាពចម្រូងចម្រាស់រវាង គណបក្សធំៗទំាង​ពីរដែលជាប់ឆ្នោតបានពុះកញ្ច្រោលឡើង។ ភាពចម្រូងចម្រាស់ ដោយសារគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់​លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដោយគណបក្សនេះបានរកឃើញថាការបោះឆ្នោតមានភាពមិនប្រក្រតី មិន​មាន​ភាពសេរី និងអយុត្តិធម៌។ ភាគីទាំងពីរបាន បញ្ចេញប្រតិកម្មកំញោងដាក់គ្នាទៅវិញទៅមក ដោយគណបក្ស​ប្រឆាំង​គម្រាម​ធ្វើបាតុកម្ម ប្រឆំាងទៅនឹងលទ្ធផលបោះឆ្នោត ដើម្បីបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតពីភាពមិនប្រក្រតី​ពេល​បោះឆ្នោត។ ចំណែកគណបក្សប្រជាជន គឺខាងរដ្ឋាភិបាលវិញ បានធ្វើការចល័តទ័ពនៅរាជធានីភ្នំពេញ និងនៅតាម បណ្តាលខេត្តមួយចំនួន ដើម្បីត្រៀមទប់ទល់ទៅនឹងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។

ការប្រឈម​មុខដាក់គ្នានេះ បានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនមានការភ័យខ្លាច ដោយពួកគេបារម្ភពី​ភាពចលាចល​មួយ​កើតឡើង ដោយពលរដ្ឋទាំងនោះអំពាវនាវគណបក្សទាំងពីរ ដោះស្រាយនូវបញ្ហាបោះឆ្នោត តាមរយៈការចរចាគា្ន​ដោយ​សន្តិវិធី៕

---------------------------------
ដោយ៖ ធីរិទ្ធ - ភ្នំពេញថ្ងៃទី៤ កញ្ញា ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...