ពលរដ្ឋមកពីភូមិចំនួន៣ នៃឃុំថ្មដា គ្រោងចេញតវ៉ាប្រឆាំងសន្យាខ្យល់
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិទ្ធិលំនៅដ្ឋាន - អ្នកស្រី កសិ ផល តំណាងប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ឃុំថ្មថា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋនៅទីនោះ កំពុងរស់ជាមួយការសម្រក់ទឹកភ្នែក មិនហានចេញធ្វើការតវ៉ា ដោយសារមានគម្រាមកំហែង ពីក្រុមនិស្សិតវាសវែងដីធ្លី (វគ្គ២) ដែលបានលើកឡើងថា ប្រជាពលរដ្ឋទាំងនេះ សុទ្ធតែជាអតីតទាហានខ្មែរក្រហម បើហ៊ានតវ៉ា សាលាក្តីខ្មែរក្រហមកំពុងរង់ចាំ។
តំណាងប្រជាពលរដ្ឋរូបនេះបានបន្តថា ជាច្រើនលើក ច្រើនសាមកហើយ ដែលក្រុមអាជ្ញាធរចេះតែសន្យាជាមួយ ប្រជាពលរដ្ឋ ថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់។ តាំងពីមានទំនាស់ក្នុងឆ្នាំ២០១០មក ប្រជាពលរដ្ឋបានខ្នេះខ្នែង ស្វែងរកការអន្តរាគមន៍ដល់ភ្នំពេញ ចំនួន៤លើកមកហើយ ក្នុងនោះក៏មានការសន្យាពីខុទ្ធកាល័លលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ តែនៅតែគ្មានដំណោះស្រាយ។ «មួយសប្តាហ៍ទៀត បើនៅតែគ្មានព័ត៌មានអ្វីសម្រាប់ការដោះស្រាយដីធ្លីទេ ពួកខ្ញុំឈប់ខ្លាចហើយ នឹងឡើងទៅសាលាខេត្តដើម្បីសួរបញ្ហាក់ពីបញ្ហាដែលបានសន្យា ហើយមិនឃើញមានការដោះស្រាយនោះ។»
អ្នកស្រីក៏បានធ្វើការរំលឹកថា ដំណក់ទឹកភ្នែកពលរដ្ឋ តែងធ្លាក់ចុះ នៅពេលស្វែងរកដំណោះស្រាយម្តងៗ ពិសេសនៅចំពោះមុខមន្ត្រីសុរិយោដី ក៏ដូចជាអាជ្ញាធរខេត្តពោធិ៍សាត់ ព្រោះខ្លាចបាត់បង់ដីចំការដំណាំ សម្រាប់ចិញ្ចឹមជីវិត។ «អាជ្ញាធរហាក់ដូចជាកាន់ជើងខាងក្រុមហ៊ុន ព្រោះថានៅពេលប្រជាពលរដ្ឋដាំដំណាំ អាជ្ញាធរហាមឃាត់ ព្រមទាំងដាក់កម្លាំងការពារព្រំដែនជើងគោក៨២៥។ ផ្ទុយមកវិញ បើក្រុមហ៊ុននោះឈូសឆាយ និងដុតបំផ្លាញផ្ទះសំបែង និងផលដំណាំប្រជាពលរដ្ឋ អាចធ្វើបានតាមចិត្ត មិនមានការហាមឃាត់ទេ។»
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំងនោះ មានចំនួនជាង២៨១ គ្រួសារមកពីភូមិចំនួនបី ភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។ ក្នុងចំណោមនោះ មានគ្រួសារនៃកងទ័ពព្រំដែនជើងគោក ៨២៥ មួយចំនួនធំ ក៏បានបាត់បង់ដីធ្លីរបស់ខ្លួនដែរ។ គ្រួសារទ័ពទាំងនេះ នឹងចូលរួមទាមទារដីទាំងនោះ ជាមួយប្រជាពលរដ្ឋដទៃទៀតពីក្រុមហ៊ុនមកវិញដែរ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងលោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រងក្រុមហ៊ុនអឹមឌីអេស (MDS) និងលោក ព្រំ ង៉ុន មេឃុំថ្មដា បាននៅឡើយទេ ដោយទូរស័ព្ទរបស់ពួកលោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមការបញ្ជាក់របស់លោក ភួង សុធា មន្រ្តីសម្របសម្រួល សមាគមអាដហុកប្រចាំខេត្តពោធិ៍សាត់ បាននិយាយថា លោកចុះស្រង់ស្ថិតិនៅភូមិសង្គមថ្មី បានបង្ហាញថា ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន៥៣គ្រួសារ ក្នុងនោះ២៣គ្រួសារ ដែលមិនទាន់បានដោះស្រាយ។ ចំណែកភូមិឯកភាព មានចំនួន៤៣ គ្រួសារ តែមាន៩គ្រួសារ ដែលធ្វើការទាមទារនោះ។ ដោយឡែកនៅភូមិកណ្ដាល លោកនៅមិនទាន់មានស្ថិតិពិតនៅឡើយ។ «ចាប់តាំងពីក្រុមហ៊ុន គាត់ចូលមក ប្រជាពលរដ្ឋមិនអាចទៅបង្កបង្កើនផលលើដីនោះបាន ដោយមន្រ្តីជំនាញថា ជាដីតំបន់ការពារ។ (...) ដីនេះ រដ្ឋបានឲ្យក្រុមហ៊ុនទទួលសិទ្ធិសម្បទានសេដ្ឋកិច្ច។ (...) ក្រុមហ៊ុននៅមិនទាន់បានធ្វើអ្វីលើដីនោះទេ ឯប្រជាពលរដ្ឋ បានដាំដំណាំបន្តិចបន្តួច ដូចជាដំឡូងមី ស្រូវ ពោតជាដើម។»
អ្នកភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល បានមករស់នៅ និងបង្កបង្កើនផលតាំងពីឆ្នាំ២០០០មក។ ទើបមកដល់ឆ្នាំ២០១០នេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ចាប់ផ្ដើមមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អឹមឌីអេស របស់លោក ទ្រី ភាព។ ហើយបច្ចុប្បន្ននេះ នៅមានគ្រួសារមួយចំនួនធំកំពុងស្រែកយំ តវ៉ា និងទាមទា ឲ្យមានដំណោះស្រាយ បញ្ហាដីធ្លីនេះ ឲ្យបានឆាប់ជាមួយនឹងក្រុមហ៊ុន ដើម្បីបានបង្កបង្កើនផលចិញ្ចឹមជីវិតទៅថ្ងៃមុខ។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាហុកប្រចាំខេត្តពោធិ៍សាត់ បានលើកឡើងថា មកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋនៅឡើយទេ។ លោកបានបន្តថា នៅពេលក្រុមការងារលោកចុះទៅម្តងៗ តែងតែមានការគេចវេសពីអាជ្ញាធរមូលដ្ឋាន ហាក់គ្មានការទទួលខុសត្រូវអ្វីសោះ។ លោកបានបន្ថែមថា ចាប់តាំងពីក្រុមហ៊ុនបានកាន់កាប់មក ប្រជាពលរដ្ឋទាំងអស់ មិនអាចទៅបង្កបង្កើនផលបានទេ ព្រោះមន្រ្តីជំនាញរបស់រដ្ឋថា ជាដីស្ថិតក្នុងតំបន់ការពារ។ ករណីនេះ លោកបានដាក់ចេញជាចំង៉ល់ថា ហេតុអ្វីបានជាដីទាំងនោះ ស្ថិតក្នុងតំបន់ការពារ បើរដ្ឋបានប្រគល់ដីនេះ ទៅឲ្យក្រុមហ៊ុន ក្នុងលក្ខណៈសម្បទានសេដ្ឋកិច្ចតាំងពីឆ្នាំ២០១០មកនោះ? លោកបានចាត់ទុកថា ការលើកឡើងរបស់មន្រ្តីជំនាញនេះ កំពុងបង្ហាញថាខ្លួន ក៏កំពុងការពារឲ្យក្រុមហ៊ុនដែរ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មិនអាចទំនាក់ទំនងបាននៅឡើយទេ។ តែកន្លងមក ការដោះស្រាយទំនាស់ដីធ្លីនេះ ជាបន្ទុករបស់លោក សួន រិនឌី អភិបាលរងខេត្តពោធិ៍សាត់។ ទាំងលោក សួន រិនឌី និងលោក ភួង សុធា ក៏បានលើកឡើងដូចគ្នាថា បានដោះស្រាយបញ្ចប់បញ្ហាដីធ្លី ឲ្យប្រជាពលរដ្ឋ ភូមិសង្គមថ្មីចំនួនជាង២០គ្រួសារ រួចហើយ។ លោក សួន រិនឌី ថានលើកឡើងថា សម្រាប់អ្នកនៅសល់ នឹងធ្វើការសិក្សា បន្តការដោះស្រាយទៀត៕