យុវជនភ្នំពេញក្រោន ត្រៀមសងសឹកក្រុមយុវជនទីម័រខាងកើត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ដើម្បីស្វាគមន៏ក្រុមភ្ញៀវ ក្រុមយុវជនជម្រើសជាតិទីម័រខាងកើត ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅវេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃសៅរ៏ ទី០៦ ខែកក្កដាស្អែកនេះ ក្នុងកីឡាដ្ឋានស្តាតចាស់។
ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន។
យុវជនរបស់ក្រោនសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសងសឹកក្រុមយុវជនទីម័រវិញ ខណៈដែលខ្លួនជាម្ចាស់ផ្ទះ ត្រូវតែយក៣ពិន្ទុឲ្យបាន បន្ទាប់ពីប្រកួតជើងទី១ នៅទីក្រុងដេលី ក្រុមកម្ពុជាបានចាញ់ម្ចាស់ផ្ទះទីម័រ ដោយលទ្ធផល ៤-១ ម្តងមកហើយ។
បន្ទាប់ពីចាញ់ទីម័រហើយ ក្រុមដែលតំណាងឲ្យប្រទេសកម្ពុជា (ក្រោន) បានប្រកួតចាញ់ក្រុមឆុនបូរី (Chonburi FC) នៅក្នុងប្រទេសថៃ ៣-០ ទៀត កាលពីថ្ងៃសៅរ៏ ទី២៩ សប្តាហ៏មុន ដែលធ្វើឲ្យក្រុមយុវជនរបស់ក្រោន មានភាពយ៉ាប់យឺនមែនទៀត រហូតធ្លាក់ដល់បាតតារាង ក្នុងពូលអេ (A)។
៥ប្រកួតរបស់ក្រុមយុវជនក្រោន មិនទាន់បានស្គាល់ពាក្យថា «ឈ្នះ» ទេ ស្មើ១ និងចាញ់៤ មានតែ១ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ៦ បាតតារាងគេ ខណៈដែលក្រុមយុវជនទីម័រប្រកួតបាន៦ហើយ ឈ្នះ២ ស្មើ២ និងចាញ់២ មាន៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤។
យុវជនក្រោន មាន១ពិន្ទុ ស្មើគ្នានឹងក្រុមយុវជនក្រុមសិង្ហបុរីដែរ ប៉ុន្តែចាញ់គេត្រង់ឲ្យគេទាត់ចូលទីច្រើនជាង។ ដូច្នេះបើយុវជនក្រោនឈ្នះនៅថ្ងៃស្អែកនោះ ពួកគេនឹងអាចរំកិលឡើងទៅលេង៥ ឈរពីក្រុមយុវជនសិង្ហបុរីវិញ។
ការប្រកួតចុងក្រោយរបស់ក្រុមយុវជនទីម័រ ស្មើគ្នា ១-១ ជាមួយនឹងក្រុមយុវជនសិង្ហបុរី កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ក្នុងការប្រកួតជើងទី២ ខណៈដែលការប្រកួតជើងទី១ ក្រុមទីម័រ បានយកឈ្នះក្រុមសិង្ហបុរី ១-០ ដែរ កាលពីថ្ងៃច័ន្ទសប្តាហ៏មុន។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមយុវជនទីម័រ និងក្រុមយុវជនសិង្ហបុរី កាលពីជើងទី២ បញ្ចប់លទ្ធផលស្មើគ្នាកន្លងទៅនោះ បើតាមកាលវិភាគគ្រោងទុក ត្រូវធ្វើឡើងនៅប្រទេសសិង្ហបុរី ប៉ុន្តែ ដោយសារតែ បញ្ហាអាកាសធាតុនៅប្រទេសសិង្ហបុរីមិនអំណោយផល ក៏ធ្វើការប្រកួតក្នុងប្រទេសទីម័រទាំង២ជើងតែម្តង។
ការប្រកួតក្នុងពូលអេក្រុមដទៃៗទៀត នាចុងសប្តាហ៏នេះមានដូចជា៖ ក្រុមយុវជនម៉ាឡេស៊ី ទទួលភ្ញៀវក្រុមយុវជនថៃ នៅយប់ថ្ងៃសុក្រនេះ ខណៈដែលយុវជនសិង្ហបុរី ត្រូវប៉ះក្រុមខ្លាំង យុវជនវៀតណាម (លេខ១ក្នុងពូល) នៅថ្ងៃសៅរ៏ដែរនោះ។
តើក្រុមយុវជនក្រោនរបស់កម្ពុជា អាចយកឈ្នះក្រុមយុវជនទីម័រខាងកើត និងអាចសងសឹកបានសម្រេចយ៉ាងណានោះ សូមរងចាំមើលលទ្ធផល និងទៅធ្វើការគាំទ្រ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់យុវជនវ័យក្មេងរបស់យើងទាំងអស់គ្នា នៅថ្ងៃស្អែក៕
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ក្នុងពូលអេ និងពូលប៊ី (B) ក្នុងការប្រកួតកន្លងមក៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ