សាលាដំបូងកោះ កឹម សុខា ឲ្យចូលបំភ្លឺជុំវិញបណ្ដឹង«បរិហារកេរ្ដិ៍»របស់ ជុំ ម៉ី
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្ស សង្គ្រោះជាតិ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជនរងគ្រោះ និងជាអ្នករស់មានជីវិតពីការសម្លាប់នៅគុកទួលស្លែងដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ហើយដើមបណ្តឹងនឹងចូលខ្លួនបំភ្លឺនៅ ថ្ងៃទី ២៤ ខែមិថុនា។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មថ្ងែទី២៤ខែមេសា។ (រូបថត MONOROOM.info/O. Vary)
ដើមបណ្ដឹងម្នាក់ក្នុងចំណោមបួននាក់ លោក ជុំ ម៉ី មានប្រសាសន៍ថា សាលាដំបូងរាជធានី ភ្នំពេញបានចាប់ផ្ដើមដំណើរការបណ្ដឹងរបស់លោក ដោយសម្រេចកោះហៅលោក និងជនរងគ្រោះបីនាក់ទៀតដែលជាដើមបណ្ដឹង ឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែមិថុនា និងកោះហៅចុងបណ្ដឹងឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែមិថុនា ដូចគ្នា។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំប្ដឹងលោក កឹម សុខា ទាមទារជំងឺចិត្ត ១ពាន់ដុល្លារ ហើយថវិការទាំងនោះខ្ញុំយកដើម្បីទៅរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅគុកទួលស្លែង»។
លោកបានឲ្យដឹងទៀត អ្នកដែលប្ដឹងលោក កឹម សុខា មានចំនួន៤រូប គឺរូបលោក - លោក នង ចាន់ផល - នង ចាន់ថន និងអ្នកស្រី ជិន ម៉េត ដែលសុទ្ធតែជាអតីតជនរងគ្រោះ នៅមន្ទីរឧក្រិដ្ឋកម្មទួលស្លែង ឬស.២១។
លោក គួយ ធុនណា មេធាវីការពារក្តីឱ្យលោកជុំ ម៉ី និងជនរងគ្រោះបីនាក់ទៀតបានថ្លែងឲ្យដឹងថា មូលហេតុដែលកូនក្ដីលោកសម្រេចប្ដឹងទៅតុលាការនោះ ដោយសារតែពួកគាត់កើតទុក្ខមិនសុខចិត្តចំពោះសំដីលោក កឹម សុខា ដែលធ្វើឲ្យគាត់ឈឺចាប់។ លោកបានបញ្ជាក់ថា ៖ «គាត់ឈឺចាប់ផ្ទាល់នៅគុកទួលស្លែង នារបបកម្ពុជាប្រជាធិបតេយ្យរួចទៅហើយ តែបែរជាលោកកឹម សុខា មកបន្ថែមឲ្យគាត់ឈឺចាប់មួយកំរិតថែមទៀត»។
លោក កឺម សុខា ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ ដោយលោកជាប់រវល់បំពេញបេសកម្ម នៅឯប្រទេសអូស្ត្រាលី។ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះលោក កឹម សុខា ពុំទាន់បានទទួលដីការនោះនៅឡើយទេ ពីព្រោះលោកនៅបំពេញបេសកម្មនៅឯប្រទេសអូស្ត្រាលី។ លោកបានថ្លែងឲ្យដឹងថា ៖ «ខ្ញុំមិនខ្វល់ចំពោះបណ្តឹងឡប់ឡែ ដែលគ្រាន់តែរៀបចំឡើង ដើម្បីឲ្យមានការរំខានទៅដល់ការបោះឆ្នោតនៅពេលខាងមុខនេះតែប៉ុណ្ណោះ។ ខ្ញុំយកពេលវេលាទៅគិតគូដល់ជាតិវិញ វាសំខាន់ជាង ដូចជាករណីរំលោភដីធ្លី ពលរដ្ឋក្រក្រីជាដើម»។
រីឯ លោក កែម ឡី អ្នកវិភាគឯករាជ្យបានថ្លែងឲ្យដឹងថា តុលាការគួរតែចាត់វិធានការទៅលើករណីបទឧក្រិដ្ឋមួយចំនួន ដែលបានពន្យាពេលពី៤ទៅ៦ខែ ជូនប្រជាជនវាប្រសើជាង មិនគួររើសយករឿងមួយដែលពាក់ព័ន្ធនឹងនយោបាយនេះទេ រីឯគណបក្សនយោបាយវិញ ក៏មិនគួរប្រគួតប្រជែងគ្នាយករឿងបុគ្គលមកនិយាយនោះដែរ វាគ្មានចំណេញអ្វីដល់ពលរដ្ឋនោះឡើយ។ លោកបានលើកឡើងថា ៖ «នៅពេលដែលតុលាការធ្វើការបែបនេះ គឺវាជះឥទ្ធិពលមកល្អមកលើប្រព័ន្ធតុលាការ ដែលធ្លាប់ល្បីពីមុនមកថាមិនឯករាជ្យនោះទៀតផង។ ការបញ្ចេញទស្សនៈនយោបាយមិនគួរយកមកដោះស្រាយគ្នាតាមប្រព័ន្ធតុលាការនោះទេ គឺគួរតែធ្វើការអប់រំ។ ចុះអ្នកដែលរិះគន់គេ តាមវិទ្យុនិងទូរទស្សន៍មួយចំនួន ម៉េចក៏មិនប្តឹងទៅតុលាការផង»។
សូមរម្លឺកថា អ្នកទោសរួចពីការស្លាប់ក្នុងគុកទួលស្លែង បានមកដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៣ ដោយប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ។ ហើយនៅថ្ងៃ៩ ខែមិថុនា លោក ជុំ ម៉ី បានដឹកនាំបាតុករប្រមាណជា ១ម៉ឺននាក់ ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែ លោក កឹម សុខា បដិសេធ ដោយលោកទៅធ្វើវេទិការសាធារណៈមួយនៅឯខេត្តកំពត៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ