ក្រុមប្រឹក្សាធម្មនុញ្ញ៖ អ្នកថ្កោលទោសច្បាប់ទាំងបី គ្មានមូលដ្ឋាន
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា លោក ព្រហ្ម ញាណវិចិត្រ បានចាត់ទុកការថ្កោលទោស របស់គណៈកម្មការជំនាញច្បាប់អន្តរជាតិថា ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់លាស់ ដោយមិនបានផ្អែកទៅលើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ។ គណៈកម្មការជំនាញច្បាប់អន្តរជាតិ ដែលបានរកឃើញថា ច្បាប់ទាំងបី ដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាទទួលស្គាល់ នឹងឲ្យមានការរំលោភលើឯករាជ្យភាពរបស់ស្ថាប័នតុលាការ និងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)
ច្បាប់ - លោក ព្រហ្ម ញាណវិចិត្រ មន្រ្តីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានពន្យល់ថា គណៈកម្មការជំនាញច្បាប់អន្តរជាតិមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែស្ថាប័នមួយនេះ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្ន ហើយសិក្សាពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ពិសេសច្បាប់ទាំងបីឲ្យបានច្បាស់ មុនធ្វើសេចក្តីសម្រេចណាមួយ។
មន្រ្តីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលបន្តថា ច្បាប់ទាំងបីធ្វើឡើងស្របតាមនីតិវិធី ចាប់តាំងពីស្ថាប័នជំនាញ (គណៈរដ្ឋមន្រ្តី) រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលអាចធានានីត្យាកូលភាពច្បាប់ (ភាពស្របច្បាប់របស់ច្បាប់) ដូច្នេះអ្នកថ្កោលទោស ឬអ្នកចេញសេចក្តីថ្លែងការណ៍ទាំងឡាយទាំងពួង គម្បីមានការទទួលខុសត្រូវ។
លោក ព្រហ្ម ញាណវិចិត្រ បានសង្កត់ធ្ងន់ប្រាប់ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នេះថា៖ «ខ្ញុំមិនព្រមានទេ តែកុំឲ្យការប្រើសិទ្ធិ នាំដល់ការប៉ះពាល់អធិបតេយ្យភាពកម្ពុជា។»
សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ និងក្រុមអង្គការសង្គមស៊ីវិល បន្តរិះគន់ជាបន្តបន្ទាប់ តាំងពីនៅគណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ថាច្បាប់ទាំងនេះ នឹងមិនអាចធានាបានយុត្តិធម៌កម្ពុជាទេ ព្រោះវាបានផ្តល់អំណាចច្រើនដល់រដ្ឋាភិបាល គ្របដណ្តប់លើស្ថាប័នយុត្តិធម៌កម្ពុជា។
តែក្រុមប្រឹក្សាធម្មនុញ្ញ បានច្រានចោលការចោទប្រកាន់ របស់មជ្ឈដ្ឋានទាំងនោះ។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចេញសេចក្តីសម្រេចជាស្ថាពរ និងបិទផ្លូវតវ៉ា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ ដោយអះអាងថាគណៈរដ្ឋមន្រ្តី រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្តយ៉ាងត្រឹមត្រូវ តាមបែបបទដែលមានចែង ក្នុង រដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យច្បាប់ និងអនុម័តច្បាប់ទាំង៣ នោះ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញដដែលនោះ សង្កត់ធ្ងន់ថា៖ «រាល់បញ្ញត្តិនៅក្នុងច្បាប់ទាំងនោះ ពុំមានបទបញ្ញត្តិណាមួយ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។»
ចំពោះគណៈកម្មការជំនាញច្បាប់អន្តរជាតិ មិនបានឲ្យតម្លៃលើការចេញសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានោះទេ។ ស្ថាប័នលំដាប់ថ្នាក់អន្តរជាតិមួយនេះ បានថ្កោលទោសចំពោះសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងវិស័យតុលាការនៅកម្ពុជា ដែលត្រូវបានអនុម័តចុងក្រោយដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយចាត់ទុកថា រំលោភលើឯករាជ្យភាពរបស់តុលាការ។
គណៈកម្មការជំនាញច្បាប់អន្តរជាតិ បានចេញរបាយការណ៍ បង្ហាញក្តីបារម្ភថា សេចក្តីព្រាងច្បាប់ទាំងនោះ នឹងរឹតបន្តឹងលើសិទ្ធិរបស់ចៅក្រម និងព្រះរាជអាជ្ញាទៅនឹងសេរីភាពនៃការបញ្ចេញមតិ និងកង្វះនៃការការពារសុវត្ថិភាពនៃឯករាជ្យភាពតុលាការក្នុងការជ្រើសរើស ការលើកកម្ពស់ ការដកចេញ និងនីតិវិធីដាក់វិន័យលើចៅក្រមជាដើម។ របាយការណ៍ដដែលសង្កត់ធ្ងន់ថា៖ «សេចក្តីព្រាងច្បាប់ទាំងបីនោះ ជាការរំលោភលើឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ ដោយបំពានស្តង់ដារអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា៕»