សង្គម​ស៊ីវិល ស្នើ​ព្រះមហាក្សត្រ​ផ្អាក​​ឡាយ​ព្រះហស្ថលេខា លើ​ច្បាប់​ថ្មី

សង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ ប្រសិនបើរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការ នូវច្បាប់​«ថ្មីៗ»ជាច្រើន ដែលទើបនឹងអនុម័តដោយរដ្ឋសភា និងក្រោយពីការចុះឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ​នោះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ ប្រសិនបើរដ្ឋាភិបាលដាក់ឲ្យដំណើរការជាផ្លូវការ នូវច្បាប់​«ថ្មីៗ»ជាច្រើន ដែលទើបនឹងអនុម័តដោយរដ្ឋសភា និងក្រោយពីការចុះឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ​នោះ។


សន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី។ (រូបភាព MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ការព្រួយបារម្ភសង្គមស៊ីវិលមួយចំនួន បានអះអាងថា ច្បាប់ទាំងនោះដែលរួមមាន ច្បាប់ស្តីពី​លក្ខន្តិកៈ​ចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងច្បាប់ស្តីពីការប្រព្រឹត្តិទៅ នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម នឹងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានេះ ក៏អាច​នឹង​រុញច្រានកម្ពុជាឲ្យធ្លាក់អាប់អោនកេរ្តិ៍ឈ្មោះ នៅឆាកអន្តរជាតិ។

ក្នុងសន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី (KSSA) នារសៀល ថ្ងៃពុធទី០៩ ខែ​កក្កដា​ម្សិលម៉ិញនេះ ក្រុមសង្គមស៊ីវិលទាំងនោះ បានលើកឡើងទៀតថា ក្រៅពីច្បាប់ទាំងបីខាងលើ នៅមានសេចក្តី​ព្រាង​ច្បាប់ ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត, សេចក្តី​ព្រាង​ច្បាប់​ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, សេចក្តីព្រាង​ច្បាប់ស្តីពីសហជីព និងសេចក្តី​ព្រាង​ច្បាប់ស្តីពីការ​គ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ដែលរដ្ឋាភិបាលអណត្តិថ្មីនេះ គ្រោងនឹងដាក់ឲ្យសភាសម្រេចអនុម័ត នាពេលខាងមុខ។

ដោយសារតែការអនុម័តច្បាប់ពីរដ្ឋសភា មិនមានការចូលរួមឲ្យទូលំទូលាយ ពីមហាជន និងពីសម្លេង​គណបក្ស​ប្រឆាំងផងនោះ ក្រុមសង្គមស៊ីវិលទាំងនេះ បានទូលស្នើព្រះមហាក្សត្រ ព្រះរាជតម្រិះក្នុងការ​មិនឡាយ​ព្រះហស្ថ​លេខា លើច្បាប់ជាមូលដ្ឋានទាំងបី ពាក់ព័ន្ធនឹងតុលាការខាងលើ។ ហើយ ក្រុមសង្គមស៊ីវិល ក៏ស្នើឲ្យរដ្ឋាភិបាល ដាក់បង្ហាញនូវច្បាប់ទាំងអស់ ដល់សាធារណៈជនបានដឹង ជាមួយនឹងការចូលរួមពិគ្រោះយោបល់ មុននឹងដាក់​ឲ្យ​ដំណើរការច្បាប់ទាំងនោះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន បានលើកឡើងថា បើ​ច្បាប់ទាំងនោះ ត្រូវបានដាក់ឲ្យមានដំណើរការនោះ នឹងឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ សិទ្ធនៃការបញ្ចេញមតិ សិទ្ធិបង្កើតសមាគម ឬសហជីព ការជួបជុំសាធារណៈ និងសិទ្ធិក្នុងការកាន់កាប់ដី​ឯកជន​របស់ប្រជាពលរដ្ឋជាដើម។

ក្នុងនាមលោក ក៏ដូចជាសង្គមស៊ីវិលមួយចំនួនផ្សេងទៀត ស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះសេចក្តី​ព្រាងច្បាប់ទាំងបួន ពិសេសសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ដែលដាក់បន្ទុកយ៉ាង​ខ្លាំងមកលើម្ចាស់ដី និងអ្នកកាន់កាប់ដីឯកជន និងកសិករនៅតាមមូលដ្ឋាននានា ជាមួយនិងការដាក់ទោស​ព្រហ្មទណ្ឌ ការដកសិទ្ធការគ្រប់គ្រង និងចាត់ចែងលើកម្មសិទ្ធរបស់ពលរដ្ឋទៅវិញ។

ដោយឡែក គណៈកម្មការជំនាញច្បាប់អន្ដរជាតិ (ICJ) ក៏បានចូលរួមថ្កោលទោស​ចំពោះច្បាប់ទាំងបី ទាក់ទង​នឹង​វិស័យតុលាការ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ បិទផ្លូវតវ៉ាកាលពីថ្ងៃទី២ ខែកក្កដានេះដែរ។ គណៈ​កម្មការជំនាញច្បាប់អន្ដរជាតិ បានចាត់ទុក ក្រុមប្រឹក្សាធម្មនុញ្ញកំពុងរំលោភលើឯករាជ្យភាព របស់តុលាការ​និង​រដ្ឋធម្មនុញ្ញនៅកម្ពុជា។

ទាក់ទងច្បាប់ទាំងបី ពាក់ព័ន្ធនឹងតុលាការនេះ ត្រូវបានក្រុមប្រឹក្សារធម្មនុញ្ញាប្រកាសបិទផ្លូវតវ៉ានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីព្រឹទ្ធសភាកម្ពុជា បានប្រជុំសម្រេចកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ និងក្រោយពី​បាន​ទទួល​ការអនុម័ត ដោយរដ្ឋសភាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ បន្តបន្ទាប់គ្នាភ្លាមៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...