សៀមរាប៖ មានអង្គការចិញ្ចឹមក្មេង ដើម្បីទុកលក់ខ្លួនឲ្យម្ចាស់ជំនួយ?
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកសាលាមួយរូប ត្រូវបាននគរបាលកម្ពុជាឃាត់ខ្លួន ពីបទបានធ្វើពេស្យាចារ ទៅក្មេងស្រីជំទង់ៗជាច្រើននាក់ ទៅឲ្យម្ចាស់ជំនួយបរទេស។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល ខេត្តសៀមរាប ដែលជាខេត្តសម្បូរពោរពេញដោយទេសចរណ៍ របស់ប្រទេសកម្ពុជា។
ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។
ពេស្យាចារ - ប្រធានអង្គការ Underprivileged Children School លោក ឡុង វេហា អាយុ៣២ឆ្នាំ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃអង្គារ ទី៨ ខែកក្កដា ហើយបានត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ នៅថ្ងៃពុធ មួយថ្ងៃក្រោយមក។
មេដឹកនាំអង្គការរូបនេះ ត្រូវបានចោទប្រកាន់ ថាបានប្រើប្រាស់គម្រោង ក្នុងនាមជាអង្គការមនុស្សធម៌ ដើម្បីបញ្ជូនកូនសិស្សជំទង់ៗ ដែលខ្លួនទទួលយកមកចិញ្ចឹម ឲ្យទៅបម្រើសេវាកម្មផ្លូវភេទ សម្រាប់ជនជាតិបរទេស ជាម្ចាស់ជំនួយ។
លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានថ្លែងឲ្យដឹងថា លោក ឡុង វេហា ត្រូវបាននាំខ្លួនទៅកាន់ផ្ទះជួលរបស់គាត់ កណ្ដាលក្រុងសៀមរាប កន្លែងដែលគាត់ស្នាក់នៅជាមួយកូនសិស្សវ័យជំទង់៩នាក់ នៅពេលគាត់ត្រូវបានចាប់ខ្លួន ដើម្បីប្រមូលភ័ស្តុតាងបន្ថែមទៀត មុនពេលបញ្ជូនគាត់ទៅតុលាការ។
លោកស្រីបានបញ្ជាក់ទៀតថា យ៉ាងហោចមានកូនសិស្សចំនួន៤នាក់ បានក្លាយជាជនរងគ្រោះ ពីក្នុងចំណោមកូនសិស្សវ័យជំទង់ទាំង៩នាក់។ តាមច្បាប់របស់ប្រទេសកម្ពុជា ប្រសិនបើ លោក ឡុង វេហា ត្រូវបានរកឃើញថាមានកំហុសមែននោះ លោកនឹងត្រូវមានទោសជាប់ពន្ធនាគារ៥ឆ្នាំ។
ជំហានទៅដល់ការចាប់ខ្លួន នាយកអង្គការរូបនេះ ដោយសារការទម្លាយប្រាប់នគរបាល់ ពីសំណាក់អតីតអ្នកធ្វើការស្ម័គ្រចិត្តមួយរូប ដែលធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ឲ្យសាលារបស់អង្គការនេះ។
គម្រោងសាលារៀន ឬមជ្ឈមណ្ឌលរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីទទួលជនទីទ័លក្រ ជនងាយនឹងរងគ្រោះ និងជនកំព្រាក្នុងប្រទេសេះ បានកើតមានកាន់តែច្រើនឡើង។ ពីក្នុងចំណោមនោះ មួយចំនួនធំបានបើកទ្វា ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ ពីសំណាក់អាជ្ញាធរឡើយ។
ប្រធានអង្គការសកម្មភាពដើម្បីកុមារ ប្រចាំនៅប្រទេសកម្ពុជា លោក សំលៀង សីលា បានថ្លែងថា៖ «នេះជាសញ្ញាមួយប្រាប់ទៅអាជ្ញាធរ ដើម្បីធ្វើការប្រុងប្រយ័ត្ន ទៅដល់គម្រោងនានាទាំងនោះ»៕