ជុន ច័ន្ទបុត្រ បង្ហើបពីអាថ៌កំបាំង កឹម សុខា-ស ខេង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបែកធ្លាយពីទំនាក់ទំនង ដ៏សំងាត់រវាងមេដឹកនាំគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសមានចិត្ត (ឬឈរ)ជាមួយនឹងគណបក្សសង្គ្រោះជាតិ ក្នុងការប្រឈមមួយចំនួន ទល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កំពុងបន្តផ្ទុះទៅមុខទៀត។ លើកនេះ គឺលោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន និងជានាយកផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរីផ្ទាល់តែម្ដង ដែលបានបង្ហើបឲ្យដឹង ពីអាថ៌កំបាំងខាងលើ តាមរយៈអ្វីមួយដែលអ្នកសារព័ត៌មានរូបនេះ អះអាងថា ជាការខ្សឹបប្រាប់ ពីសំណាក់លោក កឹម សុខា នៅមុនកិច្ចសម្ភាសមួយ កាលពីជិត២ឆ្នាំមុន។
នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុផ្សាយសម្លេង ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅក្នុងយប់ថ្ងៃច័ន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុន ច័ន្ទបុត្រ បានស្រង់ការបង្ហើបប្រាប់ ពីសំណាក់ប្រធានគណបក្សប្រឆាំង (កាលពីពេលនោះ នៅជាអនុប្រធាន) ថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មានជំហរ«នៅខាងលោក (កឹម សុខា)»។
អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ បានមានប្រសាសន៍ថា៖ «មានម្ដងនោះ ប្រហែលជាពីរឆ្នាំហើយ បើសិនជាខ្ញុំមិនច្រឡំទេ គឺមុនការសម្ភាសជាមួយនឹងលោក កឹម សុខា គាត់ខ្សឹបប្រាប់ខ្ញុំថា លោក ស ខេង នៅខាងគាត់។ ហេតុអ្វី បានជាគាត់ប្រាប់ខ្ញុំ អញ្ចឹង? គាត់ថា លោក ស ខេង បានខ្សឹបប្រាប់គាត់ថា ធ្វើយ៉ាងណាឲ្យតែម្នាក់ហ្នឹង គេសប្បាយចិត្តសិនទៅ នោះនឹងងាយដោះស្រាយហើយ។ ម្នាក់ហ្នឹង ដែលលោក ស ខេង ខ្សឹបប្រាប់លោក កឹម សុខា នោះ គឺសំដៅទៅលោក ហ៊ុន សែន នោះតែម្ដង។»។
លោក ជុន ច័ន្ទបុត្រ បានពន្យល់បន្តថា លោកមិនបានបញ្ចេញរឿងអាថ៌កំបាំងខាងលើនេះ មកជាសារធារណៈនោះទេ ដោយលោកយល់ថា វាអាចជារឿងផ្ទៃក្នុង ឬជាអាថ៌កំបាំងនយោបាយ រវាងមេដឹកនាំទាំងពីររូប។ លោកថា រហូតលុះត្រា មកដល់ការថ្លែងជាសាធារណៈ ពីសំណាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗ ជុំវិញរឿងដ៏សំងាត់ខាងលើ ទើបលោកហ៊ានទម្លាយ រឿង«ខ្សឹបខ្សៀវ»នេះ មកតាមការផ្សាយសម្លេងផ្ទាល់។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧កន្លងមក នៅក្នុងកិច្ចពិភាក្សាមួយ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បានអះអាងថា លោក ស ខេង តែងមានទំនាក់ទំនងជាសំងាត់ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោក រង្ស៊ី បានបង្ហើបថា នៅក្នុងដំណើរតែពីរនាក់ នៅក្នុងច្រកផ្លូវមួយ នៃវិមានរដ្ឋសភាជាតិ លោក ស ខេង បានទទួលស្គាល់ថា លោកពិបាកធ្វើការជាមួយលោក ហ៊ុន សែន ហើយបានស្នើឲ្យលោក កឹម សុខា សម្របជាមួយនឹងលោក ហ៊ុន សែន។
យ៉ាងណា ការបែបបាក់ផ្ទៃក្នុងណាមួយ នៅក្នុងជួរគណបក្សកាន់អំណាច ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទាត់ចោល និងអះអាងហើយ អះអាងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលរឹងមាំបានរហូតមកដល់សព្វថ្ងៃ គឺកើតចេញពី«សាមគ្គីភាព»។ លោក ហ៊ុន សែន បានថ្លែងដោយសំដីខ្លាំងៗ ប្រាប់ទៅគូបដិបក្ខនយោបាយរបស់លោកថា ពួកគេទាំងនោះ គួរត្រូវមករៀនសូត្រ ពីគណបក្សប្រជាជនកម្ពុជា អំពីសាមគ្គីភាពនេះវិញទៅ។
ជំនួបជាសំងាត់ ឬការទាក់ទងគ្នាដោយស្ងាត់ៗ រវាងលោក ស ខេង និងលោក កឹម សុខា តែងត្រូវបានលេចឮ ជាញយដង នៅក្នុងពេលកន្លងមក ជាពិសេសនៅពេលកំដៅនយោបាយ បានផ្ទុះឡើងម្ដងៗ។ កាលពីយប់ថ្ងៃអង្គារ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មេដឹកនាំទាំងពីររូប ត្រូវបានក្រុមមន្ត្រីផ្លូវការរបស់គណបក្សទាំងសងខាង អះអាងថា បានជួបគ្នាជាសំងាត់ ដើម្បីត្រួសត្រាយរកផ្លូវ ឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលប្រទេសវិញ។ នៅមួយថ្ងៃក្រោយមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទទួលស្គាល់ជំនួបនោះ ថាពិតជាមានមែន តែមិនបង្ហើបឲ្យដឹង ពីសេចក្តីលម្អិត ទាក់ទងពេលវេលា និងទីកន្លែង នៃកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរទេ៕