«អ្នក​ម៉ែ​អើយ អ្នក​នៅ​ឯណា? កូន​ត្រជាក់​រឹង​អស់​ហើយ...»

អ្នកម្ដាយវ័យក្មេងជាតិរ៉ូស្សីមួយរូប បានទុកទារកអាយុ១៨ខែ របស់ខ្លួនចោលនៅផ្ទះតែម្នាក់ឯង ដើម្បី​ខ្លួន​បាន​ចេញ​ទៅ​ដើរ​លេង​សប្បាយ ជាមួយមិត្តភ័ក្រ។ នៅពេលត្រឡប់មកវិញ នាងរកឃើញសាកសពកូន រឹងនៅក្នុងគំនរទឹកកក នៅ​ខាង​ក្រៅ​ផ្ទះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 22, 2014
  • ប្រធានបទ: វិប្បដិសារី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាហេតុការណ៍ដ៏រឹងខ្លួន តឹង​អស់​ទាំង​ឱរ៉ា ខ្លោចផ្សារ​ជំនួស​ទារក​អាយុ​១៨​ខែ ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស។ នៅ​ក្នុង​ក្រុង​តូច​មួយ​ឈ្មោះ សូសណូវកា (Sosnovka ភាគ​កណ្ដាល​នៃ​ប្រទេស​រ៉ូស្សី) ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក​កក​ស​ក្បុស ជា​មួយ​នឹង​សីតណ្ហ​ភាព​១០​អង្សា​ក្រោម​សូន្យ កាល​ពី​ដើម​សប្ដាហ៍​មុន នាង ម៉ារីណា យេហ្វីម៉ូវ៉ា (Marina Yefimova) អាយុ​២៩​ឆ្នាំ បាន​គិត​ថា​កូន​ប្រុស​របស់​នាង​ឈ្មោះ គ្លេប (Gleb) បាន​គេង​លង់​លក់​ហើយ មុន​នឹង​នាង​បាន​ចេញ​ទៅ​ដើរ​លេង សប្បាយ​ក្អាក​ក្អាយ​ជា​មួយ​មិត្ត​ភ័ក្រ ដោយ​ទុក គេ្លប ឲ្យ​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ទាំង​កណ្ដាល​យប់​ស្ងាត់។

តើទារក​ណា​មួយ អាច​រស់​នៅ​តែ​ឯង​ដោយ​គ្មាន​វត្តមាន និង​កម្ដៅ​ម្ដាយ ឬ​មនុស្ស​ធំ​នៅ​ជិត​ខ្លួន​វា​នោះ? ដោយ​សារ​អារម្មណ៍​បែប​នេះ​ហើយ ទើប​កុមារ​ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស មិន​បាន​គេង​លង់​លក់​ឡើយ។ ទារក គេ្លប បាន​ចេញ​ពី​បន្ទប់ រួច​ចុះតាម​ជណ្ដើរ ដើម្បី​រក​ម្ដាយ​របស់​ខ្លួន នៅ​ពេញ​ក្នុង​ផ្ទះ។ ប៉ុន្តែ​អ្នក​ម្ដាយ​អត់នៅក្នុង​ផ្ទះ​ទេ... អញ្ចឹង គាត់ប្រហែល​ជា​នៅ​ខាង​ក្រៅ​ផ្ទះ ដូច​រាល់​ដង​ហើយ... គ្លេប បាន​បើក​ទ្វា​ក្រោយ​ចេញ​ទៅ​ខាង​ក្រៅ​​ផ្ទះ​បាន​ទៀត ព្រោះនាង យ៉េហ្វីម៉ូវ៉ា បាន​ភ្លេច​​ចាក់​សោរ​ទ្វា​នេះ មុនខ្លួនចាកចេញទៅ។

ជាមួយនឹងសម្លៀកបំពាក់គេងយប់ ទារក គ្លេប បានធ្វើដំណើរតេះតាសរបស់ខ្លួន កាត់ព្រិលទឹកកកដ៏ក្រាស ក្នុង​សីតណ្ហភាពដ៏ត្រជាក់ក្រៃ (១០អង្សាក្រោមសូន្យ) ដើម្បីស្វែងរកម្ដាយរបស់ខ្លួន។ មិនយូរប៉ុន្មានឡើយ គ្លេប បាន​ដួលចុះនៅលើព្រិលទឹកកក ហើយលែងដឹងខ្លួនពីពេលនោះមក។

នាង យេហ្វីម៉ូវ៉ា បានត្រឡប់ចូលផ្ទះវិញ ... តែអ្វីៗបានហួសអស់ទៅហើយ។ អ្នកនាំពាក្យរបស់មន្ទីរពេទ្យមួយ ស្ថិតនៅក្បែរក្រុង សូសណូវកា បានថ្លែងថា៖ «នៅពេលម្ដាយនាំយកកូនមកដល់មន្ទីរពេទ្យ នាងមាន​សភាព​ជ្រួល​ច្របល់ខ្លាំងណាស់។ យើងបានប្រឹងអស់ពីសមត្ថភាព ដើម្បីជួយឲ្យទារកដឹងខ្លួនមកវិញ។ តែជាមួយ​នឹង​សុតណ្ហភាពដ៏ត្រជាក់បែបនេះ ទារកនេះគ្មានសំណាងនឹងរស់មកវិញទេ ហើយយើងក៏មិនអាចធ្វើអ្វី ឲ្យបាន​លើសពីណ្នឹងដែរ។»

នាង យេហ្វីម៉ូវ៉ា អាចនឹងត្រូវបានប្រព័ន្ធយុត្តិធម៌នៃប្រទេសរ៉ូស្សី ចោទប្រកាន់ពីបទខ្ជីខ្ជា ក្នុងការថែរក្សាកូន​របស់​ខ្លួន។ នៅចំពោះការសាកសួររបស់នគរបាល នាងបានឆ្លើយដំបូងឡើយថា នាងគ្រាន់តែចេញទៅក្រៅ ដើម្បី​ទៅរកអុសប៉ុណ្ណោះ។ ប៉ុន្តែភ្លាមៗបន្តិចមក នាងបានសារភាពទាំងអស់ ថានាងបានទុកកូនប្រុស​របស់​ខ្លួន​ចោល ដើម្បីចេញទៅដើរកំសាន្ដជាមួយមិត្តភ័ក្រ។

ចំណែកឯឪពុករបស់ទារកវិញ បានចេញទៅធ្វើការ​នៅតំបន់ឆ្ងាយ នាវេលាយប់នោះ។ បុរសអាយុ៣៣ឆ្នាំ បាន​ស្លុតបាត់ព្រលឹងអស់ពីខ្លួន នៅពេលទទួលដំណឹង​ពី​មរណភាពរបស់កូនប្រុស ដោយសារតែភាពខ្ជីខ្ជាររបស់​ភរិយាខ្លួន។ បុរសបានផ្ទុះការហួសចិត្តថា៖ «ខ្ញុំមិន​អាចជឿបានទេ។ នាងជាម្ដាយ និងជាភរិយាមួយរូបដ៏ល្អ។ រឿងទាំងអស់នេះ វាមិនទំនងសោះ... មិន​ទំនង​ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...