ពលកម្មកុមារនៅកម្ពុជា៖ តួលេខពីរ ដែលផ្ទុយគ្នាស្រឡះ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៧ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 18, 2015
- ប្រធានបទ: កុមាររងគ្រោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កន្លងមក យើងរកឃើញករណីនេះ តិចតួចទេ អាចរាប់នឹងម្រាបដៃបាន អាចថាបួន ដប់ករណីប៉ុណ្ណឹង។ តែករណីនេះ មិនមែនជាចេតនា នៃអ្នកប្រើប្រាស់ពលកម្មកុមារទេ ព្រោះតែការរៀបចំអត្តសញ្ញាណ ឬការប្តូរឈ្មោះគ្នា រវាងកម្មករ ដោយសារតែគាត់ ចង់បានការងារ។» នេះជាការថ្លែងអះអាង របស់រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ទាក់ទងនឹងតួលេខ នៃចំនួនពលកម្មកុមារ ដែលបានផ្ទុយទៅនឹងការលើកឡើង របស់សហជីព ឬអង្គការអន្តរជាតិមួយចំនួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ«កម្ពុជាដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក អ៊ិត សំហេង បានថ្លែងឲ្យដឹងទៀតថា ក្រសួងបានជួយរំដោះ កុមាររាប់«ម៉ឺន»នាក់ចេញពី ការកេងប្រវ័ញ្ចពលកម្មកុមារ លើវិស័យមួយចំនួនដូចជា កសិកម្ម នេសាទ និងស្រែអំបិលជាដើម។ ឯក្នុងវិស័យរោងចក្រ ក្រសួងបានចាត់វិធានការដាច់ខាត មិនឲ្យមាន«ពលកម្មកុមារ» កើតមានក្នុងវិស័យនេះឡើង។
ការថ្លែងរបស់លោករដ្ឋមន្ត្រី ក្រសួងការងារ ដែលថា «ពលកម្មកុមារ អាចរាប់នឹងម្រាមដៃបាន» ត្រូវបានច្រានចោលជាពិសេស ដោយលោក អាត់ ធន ប្រធានសហព័ន្ធការងារកម្ពុជា។ ជាមួយនឹងបទពិសោធន៍ការងារ នាពេលកន្លងមក លោក អាត់ ធន់ បានមើលឃើញថា៖ «ពលកម្មលើកុមារ» មានច្រើនណាស់។ លោកថា កុមារទាំងនោះភាគច្រើន បានបំរើការងារ នៅតាមសិប្បកម្មធ្វើឥដ្ឋ រោងចក្រដេរស្បែកជើង បម្រើការងារតាមផ្ទះ និងក្នុងសិប្បកម្មខ្នាតតូច។ លោកបញ្ជាក់ដូច្នេះថា៖ «ភាគច្រើននៃអ្នកធ្វើទាំងនោះ មិនទាន់គ្រប់អាយុ នៅឡើយ»។
ចំណែកឯរបាយការណ៍ របស់អង្គការ យូនីសេហ្វ (Unicef - មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ) ក្នុងឆ្នាំ២០១១-២០១៥ បានសរសេរថា កុមារកម្ពុជាជាងមួយលានកន្លះ (១.៥លាននាក់) បានប្រឈម នឹងការរំលោភកម្លាំងពលកម្មធ្ងន់ធ្ងរ នៅកម្ពុជា។ របាយការណ៍នោះ បានបង្ហាញទៀតថា ក្នុងចំណោមកុមាទាំងអស់នោះ ភាគច្រើនជាកុមារកំព្រា និងកុមារងាយរងគ្រោះ។ ឯកុមារអនាថាវិញ ដែលកំពុងរស់នៅ និងធ្វើការតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ មានប្រមាណជាងពីរម៉ឺននាក់។ កុមារទាំងនោះ ភាគច្រើនបំផុត បានរងនូវការប្រើប្រាស់ អំពើ«ហិង្សា» ពីនិយោជករបស់ខ្លួន យ៉ាងធ្ងន់ធ្ង។
យ៉ាងណាក៏ដោយ ក៏លោករដ្ឋមន្រ្តីក្រសួងការងារ បានចាត់ទុកថា បញ្ហាប្រើប្រាស់ នូវកម្លាំងពលកម្មកុមារ ជាបញ្ហាប្រឈម ដែលរដ្ឋាភិបាលកំពុងធ្វើការដោះស្រាយ ដើម្បីបង្កើតនីតិវិធី គ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ ដែលចង់ធ្វើការ ទាំងនៅវ័យក្មេងនេះ។ លោកបានថ្លែងឡើងថា៖ «ប្រសិនជាមានការសង្ស័យ យើងអាចពិនិត្យដោយផ្ទាល់ ឬតាមបែបវេជ្ជសាស្រ្ត ដើម្បីបញ្ជាក់ថា គ្មានបញ្ហា នៃការបើកម្លាំងពលកម្មកុមារ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ពិសេសឧស្សាហកម្មដេលនាំចេញ។ ព្រោះបញ្ហានេះ វាអាចប៉ះពាល់ ដល់ការនាំចេញរបស់យើង បើមានផ្សាយព័ត៌មាននេះចេញទៅ។»
លោក អ៊ិត សំហេង បានអះអាង ទាក់ទងនិងវិស័យកាត់ដេរ ឬរោងចក្រនេះដូច្នេះថា ពលកម្មលើកុមារ ជាអាទិភាពនៃក្រសួងការងារ ដែលបាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំង។ ការប្រយុទ្ធប្រឆាំងនេះ ក្រសួងការងារ បានធ្វើផែនការជាតិលើកទីមួយស្តីពី ការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ នូវយុត្តិសាស្រ្តថ្មី ដែលមិនអនុញ្ញាត ឲ្យមានកុមារបំរើការ នៅក្នុងវិស័យឧស្សាកម្ម នៅកម្ពុជាឡើយ។ លោកបានបន្ថែមទៀតថា៖ «នាពេលខាងមុខ មិនមានការប្រើប្រាស់កម្លាំងពលកម្មកុមារទេ។ កុមារដែលមិនទាន់គ្រប់វ័យពលកម្ម គឺត្រូវការការរៀនសូត្រ។ ហើយចំពោះកុមារដែលចង់ធ្វើការងាណាមួយនោះ ការងារនោះត្រូវតេជាការងារសមរម្យ ដែលមិនប៉ះពាល់ទៅដល់ការសិក្សា អនាគត និងការអភិវឌ្ឍន៍របស់កុមារដែរ។»
សូមរំលឹកថា កាលពីថ្មីៗនេះ មានអង្គការសង្គមស៊ីវិលមួយចំនួនធំ បានប្រារព្ធទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារ លើកទី១៤ លើប្រធានបទ «គ្មានពលកម្មកុមារ ផ្តល់ការអប់រំ ដែលមានគុណភាព»។ ស្របពេលជាមួយគ្នានេះ តាមការប្រកាសរបស់ក្រសួងការងារ ស្ដីពីការនេសាទសមុទ្រប្រការ៥ បានចែងថា កុមារក្រោមអាយុ ១៥ឆ្នាំ មិនអនុញ្ញាតឲ្យចុះទូក ទៅនេសាទជាដាច់ខាត។ ក្រសួងការងារផ្ទាល់ ក៏បានស្នើដល់សហគ្រាសពាណិជ្ជកម្មទាំងអស់ ចូលរួមលុបបំបាត់ពលកម្មកុមារ តាមរយៈមិនអនុញ្ញាតឲ្យកុមារ អាយុក្រោម១៨ឆ្នាំ ឲ្យចូលធ្វើការ ក្នុងស្ថាប័នរបស់ខ្លួនឡើយ៕