បែក​ធ្លាយ៖ សមាជិក​មួយ​ចំនួន​មិន​ពេញ​ចិត្ត នឹង​សេច​ក្តី​​សម្រេច​​ពីរ​​របស់​ប្រធាន គ.ជ.ប

សេចក្តីសម្រេចចំនួនពីរ បង្កើតគណកម្មការទំនាក់ទំនងការងារ និងគណកម្មការសម្របសម្រួលការងារ នៃ គ.ជ.ប ជា​មួយ​ថ្នាក់​ខេត្ត ត្រូវបានបង្កើតឡើងដោយភ្លាមៗ និងគ្មានការប្រជុំ ស្វែងរកការគាំទ្រ ពីសមាជិកទាំងប្រាំបួន នៃ គ.ជ.ប ជាមុនឡើយ។ នេះបើតាមការសរសេរបញ្ជាក់ ក្នុងសេចក្តីសម្រេច និងការអះអាងបន្ថែម ពីសមាជិកម្នាក់ ក្នុង​ចំណោម​៩នាក់​របស់ គ.ជ.ប។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្កើតនេះ បានធ្វើឲ្យសមាជិកមួយចំនួន ក្នុងចំណោមសមាជិកទាំង៩ របស់ គ.ជ.ប មានការមិនពេញចិត្ត ព្រោះតែសេចក្តីសម្រេចនេះ ត្រូវបានតាក់តែងឡើង ដោយប្រធាន គ.ជ.ប ឬសមាជិកមួយចំនួន ដែលមកពី​គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។ រីឯសមាជិក ដែលមកពីគណបក្សសង្គ្រោះជាតិ ទំនងជាមិនបានគាំទ្រ ចំពោះការសម្រេចនោះឡើយ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ គ.ជ.ប បានចេញសេចក្តីសម្រេចរបស់ខ្លួនចំនួនពីរ ក្នុង​​ការ​បែងចែកការងារ និងការទទួលខុសត្រូវ របស់សមាជិកទាំង៩។ តាមសេចក្តីសម្រេច លេខ០៣២ ចុះថ្ងៃ​ទី​១៥ ខែមិថុនា ចុះហត្ថលេខាដោយលោក ស៊ិក ប៊ុនហុក ជាសេចក្តីសម្រេច ស្តីពីការបង្កើតគណកម្មការ ទំនាក់​ទំនង​ការងារនៃ គ.ជ.ប ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលសេចក្តីសម្រេចនេះ ធ្វើការបែងចែក​ជា​បួន​ក្រុម។ ចំណុចសំខាន់ នៃសេចក្តីសម្រេចនេះ នៅត្រង់ថា ធ្វើឡើងដោយគ្មានកិច្ចប្រជុំ នៃសមាជិក​គណកម្មការ ទាំង​ប្រាំបួនជាមុនឡើយ។ តាមចំណុច«យោង» ក្រោយក្នុងសេចក្តីសម្រេចនេះ បានសរសេរថា «យោង​តាម​ការ​ចាំបាច់ របស់គណៈកម្មាធិការជាតិ រៀបចំករបោះឆ្នោត»។

តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់នៃគ.ជ.ប ម្នាក់ ដែលស្និតនឹងសមាជិកម្នាក់ ក្នុងចំណោមសមាជិកទាំងប្រាំបួន ដែលថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានឲ្យដឹងថា សេចក្តីសម្រេចចំនួនពីរ ដែលបានចុះហត្ថលេខា ដោយប្រធានគ.ជ.ប នោះ មានសមាជិកមួយចំនួន មិនបានគាំទ្រឡើយ។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះបានស្រង់សម្ដី របស់សមាជិកមួយចំនួន ដែលមិនពេញចិត្ត មកអះអាងថា សេចក្តីសម្រេចនោះ ត្រូវបានធ្វើឡើង ដោយខុសនឹងនីតិវិធីច្បាប់ ព្រោះមិនមានការកោះប្រជុំ ពិភាក្សា មុននឹងចេញសេចក្តី​សម្រេច​ឡើយ។ លោកថា សេចក្តីសម្រេចនោះ បានលើកឡើង ដោយបញ្ជាក់ត្រឹមពាក្យថា «យោងតាមការចាំបាច់ របស់ គ.ជ.ប» ប៉ុណ្ណោះ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មិនបានឆ្លើយតប នឹងការចោទសួរពីទស្សនាវដ្ដី ទាក់ទងនឹងសេចក្តី​សម្រេច​ទាំងពីរខាងលើ ថាពិតជាមានការគាំទ្រ ដោយសមាជិកទាំង៩រូប ដោយគ្មានការជំទាស់មែន ឬយ៉ាង​ណា​នោះឡើយ ដោយលោក បានរុញឲ្យសួរ សមាជិកនីមួយៗនៃគ.ជ.បវិញ។ លោក ហង្ស ពុទ្ធា គ្រាន់តែ​បញ្ជាក់​យ៉ាងដូច្នេះថា៖ «សួរតែសមាជិកម្នាក់ ខ្ញុំមិនដឹងថា គេសប្បាយចិត្ត ឬមិនសប្បាយចិត្តទេ។ ទាំងអស់គ្នា​មក​ទីនេះ ដើម្បីបំពេញតួនាទី ហើយទាំងអស់គ្នា មានប្រធានដើម្បីចាត់ចែងការងារ។ មកធ្វើការ ហើយបាន​ទទួល​ការងារ គឺយើងប្រឹងប្រែង ដើម្បីធ្វើការងារតែម្តង។ យើងធ្វើការរួមគ្នា គ្រាន់តែធ្វើការបែងចែកមុខ​សញ្ញា​គ្នា។ (...) ខ្ញុំជឿថា មានប្រសិទ្ធិភាពជាងធ្វើការរួមគ្នា ព្រោះបុគ្គលម្នាក់ៗ សុទ្ធតែមានថាមពលរៀងខ្លួន តាម​ពេល​​វេលា​ការងារ ដែល​ក្នុងមួយថ្ងៃមានតែ២៤ម៉ោងទេ។ បើយើងបែងចែកគ្នា ទៅជាក្រុម ទៅជាមុខ​សញ្ញា​ផ្សេង​គ្នា នោះ​អាច​ធ្វើ​ការងារ​បានច្រើន។ (...) បើនៅផ្តុំគ្នា ជារួមខ្ញុំគិតថា នេះមិនមែនជាការងារគ្រប់គ្រងទេ។»

សម្រាប់លោក ដែលជាអ្នកនាំពាក្យ គ.ជ.ប លោកទទួលស្គាល់ថា សេចក្តីសម្រេចទាំងពីរនោះ មានលក្ខណៈ​វិជ្ជមាន ហើយថាសេចក្តីសម្រេចនេះ មិនមានអ្វីជាការចម្លែកឡើយ ព្រោះវាគ្រាន់តែ ជាការបែងចែកតួនាទី និង​ការទទួលខុសត្រូវ របស់សមាជិកគ.ជ.ប ម្នាក់តែប៉ុណ្ណោះ។ ក្រោយពេលក្រុមការងារទាំងអស់ នៃសមាជិក គ.ជ.ប ទាំងប្រាំបួនរូប បំពេញការងាររៀងៗខ្លួនហើយ ត្រូវធ្វើការបញ្ជូននូវព័ត៌មាន មកដាក់ចំពោះមុខ​សមាជិក​ទាំង៩របស់គ.ជ.ប ដើម្បីធ្វើការពិនិត្យ និងសម្រេច។ លោកថា ទាំងអស់នេះជាតួនាទី និងការទទួលខុស​ត្រូវ​របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត។

ឯសេចក្តីសម្រេចខាងលើនេះ ត្រូវបានលោក ហង្ស ពុទ្ធា អះអាងថា បើដាក់ចេញមកហើយ វានឹងមាន​សុពលភាព ចាប់ឲ្យអនុវត្តន៍រៀងទៅ បើសិនជាគ្មានការកែប្រែ ដោយមានសេចក្តីសម្រេចថ្មី លប់ចោលសេចក្តី​សម្រេច​ចាស់នោះទេ។

រុញសំនួររបស់ស្សនាវដ្ដី ទៅវិញទៅមក

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីសមាជិកផ្សេងទៀតរបស់ គ.ជ.ប បានទេ ជាពិសេសពី​សំណាក់លោក សិក ប៊ុនហុក ដែលជាប្រធានស្ថាប័នជាតិ សម្រាប់ការបោះឆ្នោតមួយនេះ។ សម្រាប់​លោក​អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន វិញ លោកបានបដិសេធមិនឆ្លើយ ទៅនឹងការសាកសួររបស់​ទស្សនាវដ្តី​ទេ ដោយ​លោកបានរុញ ឲ្យជួបជាមួយអ្នកនាំពាក្យវិញដដែល។ លោកបានលើកឡើងដូច្នេះថា៖ «ជា​គោលការណ៍ យើង​បាន​ឯកភាពគ្នា ទុកឲ្យគាត់ (អ្នកនាំពា្យ) ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន»។

» សូមអានសេចក្តីសម្រេចទាំងពីរដូចខាងក្រោម (សូមចុចលើរូប ដើម្បីពង្រីក)៖


...........................

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...