ព្រះមហាក្សត្ររំលែកទុក្ខចំពោះសព និងអ្នករបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នា
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្របាទសម្តេច បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារចូល រួមរំលែកទុក្ខចំពោះក្រុមគ្រូសារនៃសពយុវជនម្នាក់ ដែលបានស្លាប់ និងអ្នករងរបួសនៅក្នុងអំឡុងពេល ការប៉ះ ទង្គិចគ្នារវាង ក្រុមបាតុករជាមួយនឹងក្រុមសមត្ថកិច្ចនៅលើស្ពានអាកាសក្បាលថ្នល់កាលពីយប់ថ្ងៃ អាទិត្យម្សិលមិញ។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏អំពានាវឲ្យក្រុមបាតុករនិងអជ្ញាធរបញ្ឈប់ការប្រើ ហិង្សាដាក់គ្នានោះទៀត។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
ភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករនិងអជ្ញាធរ ដែលបានបណ្តាលឲ្យមានអ្នកសា្លប់ និង មានអ្នករងរបួសផងនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ ចុះថ្ងៃទី ១៦ ខែកញ្ញា នេះ ដោយចូល រួមរំលែកទុក្ខចំពោះអ្នករងគ្រោះ នៅក្នុងហេតុការណ៍ដែលបានកើតឡើងនោះ។ នៅក្នុងខ្លឹមសារនៃព្រះរាជសាររបស់ព្រះមហាក្សត្រនោះបាន បង្ហាញថា ព្រះអង្គទ្រង់មានព្រះរាជហឬទ័យ ក្រៀមក្រំជាទីបំផុត និង សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសព និង ជនដែលបានរងបួសនៅ ក្នុងហេតុការប៉ះទង្គិច គ្នានោះ។ នៅក្នុងព្រះរាជសារដដែលនោះបានបញ្ជាក់ទៀតថា បន្ទាប់ពីទ្រង់បាន ជ្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មានការប៉ះទង្គិចយ៉ាងខ្លាំង រវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់ និងមានអ្នកបាត់បង់ជីវិតម្នាក់ ព្រះអង្គមានការសោកស្តាយ និងក្រៀមក្រំជាអនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើង ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់នៃយើងទាំងអស់គ្នា។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី បានស្នើឲ្យបងប្អូនជនរួមជាតិជាទីស្រឡាញ់របស់ព្រះអង្គ ងាកមកប្រកាន់យកប្រពៃណីអហិង្សា ខិតខំយោគ យល់គ្នា រាប់អានគ្នាជាខ្មែរដូចគ្នា និងអត់ធ្មត់ជាអតិប្បរមា ដើម្បីបញ្ជៀសអស្ថេរភាពនៃជាតិយើង។ ព្រះអង្គក៏បានធ្វើការអំពាវ នាវនិងទទូច ដល់ជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច សូមបញ្ឈប់ការប្រើអំពើ ហិង្សា តាមរូបភាពណាក៏ដោយ ដូចជា ការគប់ដុំថ្ម និងការប្រើប្រាស់អាវុធ ដែលបណ្តាលឲ្យបងប្អូនទាំង អស់គ្នា ទទួលរង របួស ឬបាត់បង់ជីវិត និងបណ្តាលឲ្យមានគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរដល់សង្គមយើងទាំងមូល។
សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងក្រុមបាតុករមួយក្រុម ជាមួយប៉ូលិស នៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃអាទិត្យ ទី១៥កញ្ញា ឆ្នាំ២០១៣ ត្រូវបានសកម្មជនសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត បានអះអាងថា យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច និងមនុស្ស៣នាក់ បានរងរបួសជាដំណំ ព្រមទាំងមនុស្សជាង ១០ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនផងដែរ។ សកម្មជនសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ គឺបណ្តាល មកពីការបិទផ្លូវរបស់អជ្ញាធរ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ។
ទាក់ទងនឹងអពើហិង្សានេះ នៅថ្ងៃច័ន្ទទី១៦ ខែកញ្ញានេះ គណ:បញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សំរាប់ការ បោះឆ្នោតបានចេញនូវសេចក្ដីថ្លែងការណ៍មួយ ដោយទម្លាក់កំហុសទៅលើគណបក្សសង្គ្រោះជាតិ ឲ្យជាទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងទាំងឡាយដែលកើតចេញ ពីការធ្វើបាតុកម្មរបស់ គណបក្សខ្លួននោះ។ តែយ៉ាងណាក៏ដោយភ្លាមៗ បន្ទាប់ពីហេតុការណ៍កើតឡើង គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៏ ដោយបដិសេធមិនទទួលខុសត្រូវចំពោះអំពើហិង្សា ដែលបានកើតឡើងនោះឡើយ។
នៅថ្ងៃនេះ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សទាំងពីរ ដែលដឹកនាំ ដោយលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានសម្រេចឯកភាពគ្នាចំនួន ៣ ចំណុច ដែលនៅក្នុងចំណុចទាំង ៣ នោះ មានចំណុចទី ១ បានបញ្ជាក់ថា ភាគីទាំងពីរ ឯកភាពគ្នាគោរព និងអនុវត្តដោយហ្មត់ចត់ តាមព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលព្រះអង្គ អំពាវនាវចំពោះជនរួមជាតិទាំងមូល ដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ច សូមបញ្ឈប់ការប្រើអំពើហិង្សា តាមរូបភាពណាក៏ដោយ៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ