វិភាគ៖ ប្រើ​ប្រាស់​«បន្លា​លួស»​ឃាំង​ផ្លូវ​សាធារណៈ ដូច​«ឃុំឃាំង»​ពលរដ្ឋ

ការប្រើប្រាស់រនាំងបន្លាលួស មកដាក់បាំងនៅតាមទ្រូងផ្លូវកណ្ដាលរាជធានី ត្រូវបានអ្នករស់នៅក្នុងរាជធានីជាទូទៅ សម្ដែង ការមិនពេញចិត្ត ហើយរហូតមានអ្នកខ្លះបានខឹងសម្បា ដោយបានអូសរនាំងបន្លាលួសទាំងនោះចេញទៀតផង។ អ្នកតាម​ដានស្ថានការណ៍នយោបាយកម្ពុជា បានវាយតម្លៃថា នោះជាមធ្យោបាយ«មិនស៊ីវីល័យ» ហើយមិនដូចទៅនឹងអ្វី ដែលមន្ត្រី​ជាន់ខ្ពស់ធ្លាប់និយាយថា ខ្លួនចង់ឲ្យកម្ពុជាក្លាយជានិតិរដ្ឋនោះ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: September 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រើប្រាស់រនាំងបន្លាលួស មកដាក់បាំងនៅតាមទ្រូងផ្លូវកណ្ដាលរាជធានី ត្រូវបានអ្នករស់នៅក្នុងរាជធានីជាទូទៅ សម្ដែង ការមិនពេញចិត្ត ហើយរហូតមានអ្នកខ្លះបានខឹងសម្បា ដោយបានអូសរនាំងបន្លាលួសទាំងនោះចេញទៀតផង។ អ្នកតាម​ដានស្ថានការណ៍នយោបាយកម្ពុជា បានវាយតម្លៃថា នោះជាមធ្យោបាយ«មិនស៊ីវីល័យ» ហើយមិនដូចទៅនឹងអ្វី ដែលមន្ត្រី​ជាន់ខ្ពស់ធ្លាប់និយាយថា ខ្លួនចង់ឲ្យកម្ពុជាក្លាយជានិតិរដ្ឋនោះ។


កងកម្លាំងនគរបាល កំពុងពន្លាបន្លាលួស ដាក់បាំងនៅចំនុចមុខវត្តឧណ្ណាលោម។ (រូបថត Thomas Cristofoletti)

រាជធានីភ្នំពេញ - រនាំងបន្លាលួសជាច្រើន ត្រូវ​បានអាជ្ញាធររដ្ឋាភិបាលត្រៀមបម្រុងទុក តាំងតែពីមានការលេចលឺ​ដំណឹង​ថា នឹងមានការតវ៉ា​ដ៏ខ្លាំងក្លាមិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការដឹកនាំរបស់ខ្លួន ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត​ថ្ងៃទី​២៨ខែកក្កដា។ អ្វីដែលប្រជាពលរដ្ឋទូទៅនឹកស្មានមិនដល់ ថាតើអាជ្ញាធរនឹងយករនាំងបន្លាលួសទាំងនេះ មកប្រើ​ប្រាស់​យ៉ាង​ដូចម្ដេច​និង​របៀបណានោះ នៅតែជាអាថ៌កំបាំងរហូតមកដល់ថ្ងៃទី១៥ខែកញ្ញា ដែលថ្ងៃទីមួយនៃ​មហាបាតុកម្ម​ទី២ របស់ក្រុម​អ្នក​តវ៉ា។

នៅយប់ម៉ោងរវាងពី១ទៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ខែកញ្ញា រនាំងបន្លាលួសទាំងនេះ ត្រូវបានកងកម្លាំងអាជ្ញាធរ បញ្ជូនមក​ពង្រាយនៅតាមចំនុចនានា ក្នុងគោលបំណងយកមកបិទផ្លូវ និងច្រកសំខាន់ៗមួយចំនួននៅក្នុងរាជធានី ដើម្បីធ្វើការ​ហាម​ឃាត់ក្រុមអ្នកតវ៉ាមិនឲ្យឆ្លងកាត់។ បទបញ្ជានេះបានដាក់ចុះមក ដោយមានលក្ខណៈជាកំហិតនិងដាច់ខាត មិនថា​តែ​បាតុករ​ប៉ុណ្ណោះទេ តែសម្រាប់​ឲ្យមនុស្សទូទៅគោរព។ អាជ្ញាធរបានពន្យល់ថា វិធានការនេះ មានគោលបំណងតែមួយគត់ នោះគឺរក្សាឲ្យបាន សន្តិសុខ សុវត្ថិភាពសាធារណៈ ជាពិសេសតំបន់ដែលមានស្ថាប័នរដ្ឋសំខាន់ៗ។

ផ្ទុយទៅវិញ ការរាយរបាំងបន្លាលួសនេះ ក៏ត្រូវបានពង្រាយផងដែរ នៅតាមច្រកផ្លូវមួយចំនួន ដែលសម្រាប់​អាជ្ញាធរ​គិតថា ជាច្រកយុទ្ធសាស្ត្រ តែបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅគ្រប់បណ្ដាជនអ្នកប្រើប្រាស់ច្រកផ្លូវនោះ សូម្បីតែអ្នករស់នៅក្នុងតំបន់ ដែល​បានខិតខំពន្យល់ប្រាប់ហេតុផលថា ពួកគេមិនមែនជាបាតុករក៏ដោយចុះ។ និយាយបែបផ្សេង អាជ្ញាធរតែងបាន​អួត​អាង ប្រកបដោយមោទនភាពនិងជាញយដង ថាខ្លួនធ្វើអ្វីៗក៏ដោយ គឺតែងចង់ការពារក្រុមបាតុករ និងសន្តិសុខ​សុវត្ថិភាព ឲ្យ​ដល់​ប្រជាពលរដ្ឋ។ ប៉ុន្តែសកម្មភាពជារឿយៗរបស់អាជ្ញាធរ នៅកណ្ដាលរាជធានី បានធ្វើឲ្យគេមើលឃើញថា អាជ្ញាធរ​កំពុង​ប្រព្រឹត្តិផ្ទុយពីអ្វីដែលខ្លួននិយាយ ហាក់ដូចជាអាជ្ញាធរត្រូវបានគ្រប់គ្រងដោយ មនុស្សមិនយល់ពីច្បាប់​ឬនៅស្ទើ​ផ្នែក​ច្បាប់ ជាពិសេសនៅក្នុងករណីប្រើប្រាស់«បន្លាលួស»នេះជាដើម។

នៅឆ្នាំ២០១៣នេះ ការពង្រាយបន្លាលួសណាក៏ដោយ មិនមែនជាអំពើរមួយ«សមល្មម» ឬ«ធម្មតាសមញ្ញ» ដូចដែលគេ​ធ្លាប់​ឃើញ​ការរាយបន្លាលួស ក្នុងសម័យកាលសង្គ្រាម ឬក្នុងសម័យកាលកុំម្មុយនីសនោះទេ។ គេកម្រឃើញមានការរាយ​បន្លា​លួស​របៀបនេះ ដើម្បីចែកព្រំដី ដាក់របងផ្ទះ ឬការពារចម្កាច្បារដំណាំក្នុងសម័យនេះណាស់ ជាពិសេសសម្រាប់​រដ្ឋ​មួយដែលមានភាពស៊ីវីល័យ ប្រកាន់និន្នាការប្រជាធិបតេយ្យសេរី។ ប៉ុន្តែសម្រាប់ប្រទេសកុំម្មុយនីសផ្ដាច់ការ ការពង្រាយ​របាំង«បន្លាលួស»ដោយអាជ្ញាធរ ជាមធ្យោបាយដ៏«ធម្មតា» និងប្រសើរជាទីបំផុត សម្រាប់បិតបាំងកន្លែងណាមួយ ដែល​គេមិនចង់ឲ្យពលរដ្ឋឆ្លងកាត់ ឬចូលទៅឃើញអាថ៌កំបាំងណាមួយ។

«បន្លាលួស»បីម៉ាត់នេះ បើគេយកវាមកពង្រាយនៅទីណាមួយ វាមានន័យស្មើនឹងការបង្ខាំងដោយបង្ខំ ឬបង្ខាំងដោយ​ភាគី​ម្ខាងអស់សិទ្ធិជានិតិបុគ្គល (អ្នកទោស) ឬវាជាឧបករណ៍ដើម្បីខ័ណ្ឌចែករវាងមិត្តនិងសត្រូវ ឬរវាងគូរបដិបក្ខ​ដែលមានការ​ប្រឈមមុខគ្នាខ្លាំងក្លា ដូចជាការធ្វើសង្គ្រាមជាដើម។ ឆ្លងតាមន័យនេះ បន្លាលួសដែលគេឃើញក្នុងសម័យនេះ ច្រើនត្រូវ​បានគេយកមកស្រះ តែនៅជុំវិញមន្ទីរឃុំឃាំង (ពន្ធនាគារ) ឬតំបន់យុទ្ធសាស្ត្រកងទ័ព ដែលហាមផ្ដាច់ជនធម្មតាទៅក្បែរ ឬគេដាក់នៅតាមខ្សែរត្រៀមជួរមុខ នៅក្នុងការធ្វើសង្គ្រាមរវាងជាតិសាសន៍ពីរផ្សេងគ្នា។

ហើយការយកបន្លាលួស មកពង្រាយនោះទៀតសោត ក៏គួរតែត្រូវបានសិក្សាឲ្យបានច្បាស់ មុននឹងយកមកពង្រាយ ព្រោះ​ការពង្រាយឃាំងបាំងកន្លែងណាមួយ (ដូចជាតំបន់យុទ្ធសាស្ត្រកងទ័ព) វាអាចប៉ះពាល់ទៅ«គ្រប់»មនុស្សសត្វ ក្មេងចាស់ បើសូម្បីតែគ្នាគ្មានបំណងអ្វីសោះ (ដូចជាកុមារ ដែលគ្នាមិនដឹងអ្វីនោះជាដើម)។ ប្រទេសមួយដែលយកច្បាប់ជាធំ (មិន​មែនច្បាប់ចេញពីមាត់អ្នកដឹកនាំ) គេត្រូវធានាឲ្យខាងតែបាន នូវសុវត្ថិភាពរបស់ពលរដ្ឋ ជាពិសេសត្រូវធានាថា ការដាក់​ពង្រាយ​របាំងបន្លាលួសនេះ នឹងមិនត្រូវបង្ករបួសស្នាមដល់នរណាម្នាក់ ដែលជាជនស្លួតត្រង់នោះទេ។

ដូច្នេះ ការពង្រាយបន្លាលួស បិទចែកដងផ្លូវសាធរណៈមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយអាជ្ញាធររដ្ឋាភិបាលនោះ មាន​រូបភាពអាក្រក់ជាងអ្វីដែលអាជ្ញាធរគ្រាន់តែនិយាយថា ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋរបស់ខ្លួន។ មិនត្រឹម​តែ​បានធ្វើឲ្យចរាចរណ៍ក្នុងរាជធានី ដែលចង្អៀតស្រាប់ផងកាន់តែស្ទះនោះទេ តែផ្ទុយទៅវិញ ការស្រះបន្លាលួសទាំងនេះ នៅ​តាមច្រកផ្លូវធម្មតាមួយចំនួន វាបានធ្វើឲ្យបណ្ដាជនអ្នករស់នៅក្នុងតំបន់នោះ មានអារម្មណ៍ដូចស្ថិតនៅក្នុងការឃុំឃាំង ឬ​ការដាក់ទោសពីសំណាក់អាជ្ញាធរយ៉ាងដូច្នេះ។ រូបភាពនេះហើយ ដែលជាមូលហេតុឈានទៅដល់ កើតមានអំពើហឹង្សា កាលពី​យប់ថ្ងៃទី១៥ខែកញ្ញាកន្លងមក រហូតធ្វើឲ្យបុរសស្លូតត្រង់ម្នាក់ ត្រូវបានបាញ់សម្លាប់។

សម្ដីរបស់អ្នកច្បាប់មួយរូប ដែលបានថ្លែងតាមវិទ្យុមួយ បានរម្លឹកថា «សេចក្ដីសម្រេចរបស់អាជ្ញាធរ មិនមែន​ជាច្បាប់ និង​អាចមិនស្របច្បាប់។ ក្នុងករណីបែបនេះ អ្នកដែលប្រព្រឹត្តិផ្ទុយនឹងការសម្រេចនោះ នឹងក្លាយជាស្របច្បាប់»។

អាជ្ញាធររដ្ឋាភិបាលប្រហែលជាបានភ្លេចត្រជៀក ថាខ្លួនដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោត​យ៉ាង​ធ្ងន់ធ្ងរនៅមណ្ឌលរាជធានី និងខេត្តកណ្ដាល ដែលសុទ្ធសឹងជាតំបន់នៃបណ្ដុំអ្នករស់នៅ ដែលមានចំនួនច្រើនជាង​គេបំផុតនៃ​ព្រះរាជាណាចក្រ។ បើទោះជាគេមិននិយាយ ពីសិទ្ធិជាមូលដ្ឋានៃពលរដ្ឋម្នាក់ៗ ឬច្បាប់ទម្លាប់ជ្រៅជ្រះ ប្រាប់​ពលរដ្ឋ​ទាំង​នេះ​ក៏ដោយ ក៏ពួកអ្នករស់នៅក្នុងខេត្តក្រុងទាំងពីរ ដែលជាបេះដូងនៃប្រទេសនេះ ស្គាល់យ៉ាងច្បាស់ថា អ្វី​ទៅ​ជាភាព​«ស៊ីវីល័យ»​នៃសង្គមមួយ ដែលពួកគាត់ចង់បាន និងកំពុងរស់នៅ។ សកម្មភាពណាមួយរបស់អាជ្ញាធរ ទោះស្ថិត​ក្នុងរូបភាពណាក៏ដោយ (និយាយឲ្យស្រួលស្ដាប់ ទោះអាជ្ញាធរយកលេសណា មកបិទបាំងក៏ដោយ) ក៏អាជ្ញាធរ​មិនអាច​លាក់ពីពលរដ្ឋបានតទៅ​ទៀតនោះឡើយ ជាពិសេសនៅពេលដែល​សកម្មភាព​មួយ បានប៉ះពាល់តិចឬច្រើន ទៅដល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

ឆ្លងចេញពីសេចក្ដីសម្រេចចិត្ត ដែលដាក់ពង្រាយ«បន្លាលួស»ទាំងនេះ អាជ្ញាធររដ្ឋាភិបាល គួរស្វែងយល់ឲ្យបានកាន់តែ​ច្បាស់ថែមទៀត ពីច្បាប់ជាតិ អន្តរជាតិ និងពីច្បាប់ធម្មជាតិផង ដើម្បី​ឲ្យការសម្រេចិត្តរបស់ខ្លួន មានប្រសិទ្ធិភាព​នៅ​ពេល​ដាក់ចេញមកឲ្យមន្ត្រីថ្នាក់ទាបអនុវត្ត។ ជាពិសេសការសម្រេចចិត្តក្នុងនាមជាអាជ្ញាធរ ដាច់ខាតត្រូវមាន​ធម្មនុញ្ញភាព ត្រូវ​ការពារផលប្រយោជន៍នៃពលរដ្ឋទូទៅ និងត្រូវធានាថា វាមិនមែនជាការសម្រេចចិត្តដើម្បីទប់តែ«ជើងកៅអី»របស់ខ្លួន ឬ​សម្រាប់តែក្រុមខ្លួននោះទេ៕
--------------------------------

ខាងក្រោមនេះ ជារូបភាពនៃមធ្យោបាយមួយចំនួន ដែលអាជ្ញាធរប្រទេសស៊ីវីល័យនៅអ៊ឺរ៉ុបប្រើប្រាស់ ដើម្បីទប់ស្កាត់​បាតុករ ដែលប្រែក្លាយជា«កុបករ»៖

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...