វិភាគសុខ ទូច ៖ កុំ​​យក​​ប្រជាជន​ខ្មែរ​ ទៅ​ត​ថ្លៃ​នយោបាយ​ឲ្យ​សោះ

«អ្នកនយោបាយខ្មែរបច្ចុប្បន្ន កំពុងតែយកប្រជាជនមកតថ្លៃនយោបាយ ឬតថ្លៃអំណាចរបស់ខ្លួន» នេះជាការលើកឡើង របស់លោក សុខ ទូច អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប ដែលចង់សំដៅទៅក្រុមអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ ជា​ពិសេសទៅលើការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ និងជម្រើសយកការបង្ក្រាបបាតុកម្មណាមួយ ពីសំណាក់​អាជ្ញាធរ ដែលកាន់កាប់អំណាច«ចាស់វស្សា»ដោយគណបក្សប្រជាជនកម្ពុជា។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្នកនយោបាយខ្មែរបច្ចុប្បន្ន កំពុងតែយកប្រជាជនមកតថ្លៃនយោបាយ ឬតថ្លៃអំណាចរបស់ខ្លួន» នេះជាការលើកឡើង របស់លោក សុខ ទូច អ្នកវិភាគដ៏ល្បីឈ្មោះមួយរូប ដែលចង់សំដៅទៅក្រុមអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ ជា​ពិសេសទៅលើការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ និងជម្រើសយកការបង្ក្រាបបាតុកម្មណាមួយ ពីសំណាក់​អាជ្ញាធរ ដែលកាន់កាប់អំណាច«ចាស់វស្សា»ដោយគណបក្សប្រជាជនកម្ពុជា។


ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)

រាជធានីភ្នំពេញ - «កុំយកប្រជាជនខ្មែរទៅតថ្លៃនយោបាយឲ្យសោះ»។ នេះជាសម្តីរបស់អ្នកវិភាគនយោបាយ លោក​បណ្ឌិត សុខ ទូច  ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលមានបំណង​ផ្ញើសារ​ទៅ​កាន់អ្នកនយោបាយខ្មែរបច្ចុប្បន្ន។ ការលើកឡើងបែបនេះ របស់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ មកពីប្រទេស​រុស្ស៊ី​រូបនេះ មានបំណងប្រាប់ ទៅអ្នកនយោបាយបក្សប្រឆាំងសំខាន់ជាងគេ ថាសកម្មភាពធ្វើបាតុកម្ម​របស់គណបក្សប្រឆាំង​នាពេលកន្លងមក មិនមានគោលការណ៍ច្បាស់លាស់នោះទេ ពោលគឺបាតុកម្មហើយដកថយៗតែប៉ុណ្ណោះ។ លោកថា សកម្មភាពនេះហើយ ដែលអ្នកយោបាយយកប្រជាជនមកតថ្លៃនោះ។

ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា អ្នកនយោបាយតែងបានប្រើប្រាស់ប្រជាជន ដើម្បីជាឈ្នាន់ក្នុងការដណ្ដើម​លាភសង្ការះ ឬអំណាចផ្ទាល់ខ្លួន។ លោក សុខ ទូច និយាយថា «អ្នកនយោបាយមិនដែលអត់បាយនោះទេ មានតែ​ប្រជាជនទេទើបអត់បាយ»។ លោកបានពន្យល់ទៀតថា ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋ មានចំនួនតិចណាស់​ក្នុង​មួយថ្ងៃ ហើយជាពិសេសរដូវនេះជារដូវធ្វើស្រែផង និងមានគ្រោះទឹកជំនន់ទៀត។ ហេតុនេះហើយ អ្នកនយោបាយ​គួរគិត​ពីបញ្ហានេះ ឲ្យបានច្បាស់ មិនមែនធ្វើដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

លោក សុខ ទូច បានលើកយកករណីបាញ់សម្លាប់ ពលរដ្ឋស្លូតត្រង់ នៅលើស្ពានអាកាសក្បាលថ្នល់ កាលពីមហាបាតុកម្ម​យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ មកធ្វើការរិះគន់យ៉ាងចាស់ដៃ លើអ្នកនយោបាយនៃគណបក្សធំទាំងពីរ។ លោកថា ទង្វើ​របស់គណបក្សសង្គ្រោះជាតិ ក្នុងការប្រកាសមិនទទួលស្គាល់ជនរងគ្រោះរូបនោះ ជាការមិនឲ្យតម្លៃចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពីព្រោះថា ទោះបីជាជននោះ មិនមែនជាអ្នកចូលរួមធ្វើមហាបាតុកម្មក៏ដោយ ក៏គេនៅតែជាពលរដ្ឋខ្មែរម្នាក់ដែរ។ ចំណែកឯគណបក្សប្រជាជនកម្ពុជា កាន់អំណាចបញ្ជាឲ្យបាញ់សម្លាប់មនុស្សឲ្យស្លាប់ ហើយមិនរកយុត្តិធម៌ និងមិនបាន​សងសំណងទៅជនរងគ្រោះ ឲ្យបានត្រឹមត្រូវនោះទៀត។

បណ្ឌិតផ្នែកនយោបាយរូបនេះ បានក្រើនរំលឹកទៅអ្នកនយោបាយគ្រប់ភាគីថា ប្រជាជនខ្មែរមិនមែនជាសំរាម សម្រាប់​ឲ្យ​អ្នកនយោបាយបោសឬកើប យកទៅ«បោះចោល» នៅកន្លែងណាក៏បានដែរនោះទេ។ លោកថា ប្រជាជនគឺជាម្ចាស់​អំណាច ជាម្ចាស់វាសនាប្រទេសជាតិ ហើយអ្នកនយោបាយជាអ្នកបម្រើពួកគាត់។

នៅថ្ងៃទី ២៣ ខែតុលានេះ មហាបាតុកម្មលើកទី ៣ របស់គណបក្សប្រឆាំង បានកំពុងរៀបចំធ្វើ សម្រាប់រយៈពេលបីថ្ងៃ នៅសួនសេរីភាពរាជធានីភ្នំពេញ ដែលគេរំពឹងថា នឹងមានការចូលរួមពីមនុស្សមិនតិចជាងបីម៉ឺននាក់នោះទេ។ កាលពី​ពេលកន្លងទៅ គណបក្សសង្គ្រោះជាតិធ្លាប់បានរៀបចំ ធ្វើមហាបាតុកម្មពីរលើករួចមកហើយ ដើម្បីប្រឆាំងទៅនឹង​លទ្ធផល​នៃការបោះឆ្នោតសកលឆ្នាំ២០១៣ និងជាពិសេសប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបាតុករបានចោទប្រកាន់ថា បានបង្កើតឡើងដោយរដ្ឋសភា«ឯកបក្ស» មកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ក៏បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សប្រឆាំង លោក ហូ វ៉ាន់ បានថ្លែងថា សម្រាប់គណបក្ស​លោកធ្វើអ្វី គឺទៅតាមឆន្ទៈរបស់ពលរដ្ឋគ្រប់បែបយ៉ាង ដូចជាការធ្វើមហាបាតុកម្មជាដើម ឆន្ទៈរបស់ម្ចាស់ឆ្នោត​ចង់ឲ្យ​គណបក្សលោក​ធ្វើបាតុកម្ម មិនទទួលស្គាល់រដ្ឋអំណាចណាចលោក ហ៊ុន សែន ជាដាច់ខាត។ លោក ហូ វ៉ាន់ បានគាំទ្រ​គំនិតលោក សុខ ទូច ដែលនិយាយថា កុំឲ្យយកប្រជាជនមកតថ្លៃនយោបាយ តែលោកបញ្ជាក់ជាថ្មីថាគណបក្សប្រឆាំង មិនបានយកប្រជាជនមកតថ្លៃអំណាចនោះទេ តែផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិ យកឆន្ទៈរាស្រ្តជាធំ និងធ្វើតាម​រាស្រ្ត។

ដោយឡែកចំពោះគណបក្សប្រជាជនកម្ពុជា ទំព័រហ្វេសប៊ុកមួយដែលដាក់ឈ្មោះ ជាទំព័ររបស់លោក ហ៊ុន សែន បាន​សរសេរនៅថ្ងៃទី២២ខែតុលា ហៅការធ្វើបាតុកម្មឬការតវ៉ាណាក៏ដោយ ថាមានអ្នកញុះញ៉ង់នៅពីក្រោយ ដើម្បីផល​ប្រយោជន៍នយោបាយ។ ទំព័រនោះបានសរសេរ ទំនងជាចង់វាយប្រហារលើគណបក្សប្រឆាំងថា «ការញុះញុង និង ជំរុញអោយប្រជាពលរដ្ឋចេះតែស្រែកដើរតាមអស់លោករបៀបនេះ គឺប្រជាពលរដ្ឋប្រាកដជាដាច់បាយ បាត់បង់ការងារ និងប៉ះពាល់ដល់សុខភាព និងអាយុជីវិតជាក់ជាមិនខាន»៕

-------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...