អំ សំអាត៖ កំណត់ចំនួនមនុស្សចូលរួមបាតុកម្មអហិង្សា គឺជារឿងមិនត្រូវ
ស្របពេលគណបក្សសង្រ្គោះសង្រ្គោះជាតិ គ្រោងនឹងផ្តើមធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្នុងពេលដែលស្ថាភាពនយោបាយរបស់កម្ពុជា កំពុងជាប់គាំងនៅឡើយនោះ សាលារាជធានីបានសម្រេចអនុញ្ញាត ឲ្យធ្វើតាមការស្នើសុំរបស់គណបក្សជំទាស់មួយនេះ តែបានកំណត់ចំនួនមនុស្សចូលរួម មិនឲ្យលើសពី១ម៉ឺននាក់។ ការកំណត់នេះ ត្រូវមន្រ្តីអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនត្រឹមត្រូវ ប្រសិនបើបាតុកម្មនោះធ្វើឡើងក្នុងលក្ខខណ្ឌអហិង្សា និងមានការជូនដំណឹងជាមុន។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)
រាជធានីភ្នំពេញ - លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ នេះថា គេមិនត្រូវកំណត់ចំនួនមនុស្សចូលរួមទេ ប្រសិនបើបាតុកម្មមូយបានប្រព្រឹត្តទៅ នៅក្រោមការធានាថាមិនមានអំពើហិង្សា និងមានការជូនតំណឹងជាមុន។ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរូបនេះ បានលើកឡើងថា ប្រទេសប្រជាធិបតេយ្យគួរតែផ្តល់សិទ្ធិ ឲ្យប្រជាពលរដ្ឋបញ្ចេញមតិរបស់ពួកគេ និងការពារចំពោះការលើកឡើង និងទាមទាររបស់គេ ក្នុងលក្ខខណ្ឌស្របច្បាប់។
លោក អំ សំអាត បញ្ជាក់ថា៖ «ការធ្វើបាតុកម្មដោយសន្តិវិធី បើយកតាមបទដ្ឋានច្បាប់អន្តរជាតិ មិនត្រូវបានបង្រ្កាបដោយកងកម្លាំងរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញពួកគេត្រូវធានាសន្តិសុខ ដោយកងកម្លាំងរដ្ឋាភិបាល លើកលែងតែការធ្វើបាតុកម្មដោយហិង្សា ដែលវាធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ នោះកងកម្លាំងអាចបង្រ្កាបបាន»។
គួរម្លឹកថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យស្មើសុំធ្វើបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ ចំនួន៣ថ្ងៃ គឺពីថ្ងៃទី២៣ ២៤ និង២៥ ខែតុលា ឆ្នាំ២០១៣ ទៅសាលារាជធានីភ្នំពេញមក គណបក្សសង្រ្គោះជាតិត្រូវបានសាលារាជធានីភ្នំពេញអនុញាតិឲ្យធ្វើ តែត្រូវកំណត់ចំនួនមនុស្សចូលរួម មិនឲ្យលើសពី១ម៉ឺននាក់ ខណៈគម្រោងរបស់គណបក្សសង្រ្គោះជាតិ អាចមានបាតុករចូលរួម ចន្លោះពី២ម៉ឺននាក់ ទៅ៥ម៉ឺននាក់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងលោក កើត ឆែ នាយកទីចាត់ការរដ្ឋបាល សាលារាជធានីភ្នំពេញ មិនអាចសុំធ្វើការអត្ថាធិប្បាយចំពោះករណីនេះបានទេ។
តែបើយោងលើលោក ហូ វ៉ាន់ អ្នតំណាងរាស្រ្ត និងជាអ្នកទទូលបន្ទុកសន្តិសុខ របស់គណបក្សសង្គ្រោះជាតិ បានពន្យល់ ថាបាតុកម្មរបស់របស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងដោយអហិង្សា ក្នុងគោលបំណងទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត និងការដង្ហែរយកញត្តិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋច្រើនជាង១លាននាក់ យកទៅដាក់នៅតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបណ្តាប្រទេសធំៗមួយចំនួនទៀត ដើម្បីឲ្យពួកគេដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យគោរពនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យមានប្រសិទ្ធិភាពឡើងវិញ៕
-------------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ