ហ៊ុន សែន ថាការបន្តប្រើឃ្លា«ដេកផ្ទះឈ្នះឯង» គឺចង់ផ្ដួលរាជានិយម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 06, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឥឡូវខ្ញុំកំពុងរង់ចាំមើល នូវរបស់ដែលហៅថា "ដេកផ្ទះឈ្នះឯង"» នេះ ជាការថ្លែងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីទាញឃ្លាបួនម៉ាត់នេះ ឲ្យពាក់ព័ន្ធជាមួយព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលទើបនឹងចេញផ្សាយ កាលពីម្សិលម៉ិញ។ ព្រះរាជសារ ដែលបានអំពាវនាវ ឲ្យពលរដ្ឋ ឲ្យ«ប្រើសិទ្ធិសេរីភាព បោះឆ្នោត ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្ត លើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ដោយសេរី»។
នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ មកពីរោងចក្រសហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ «វាមិនដែលម៉ែអាណា ដេកផ្ទះឈ្នះឯង (...) វាមិនដែលបង្កើតទ្រឹស្ដី ម៉ែអាណា ដេកផ្ទះឈ្នះឯង។ គេសំដៅលើសិទ្ធិពលរដ្ឋ ដែលអំពាវនាវឲ្យពលរដ្ឋ កុំចេញទៅបោះឆ្នោត។ ប៉ុន្តែខ្ញុំរង់ចាំមើល តើគេប្រឆាំងចំពោះព្រះមហាក្សត្រ ឬយ៉ាងម៉េច?»។
លោក ហ៊ុន សែន បានថ្លែងទៀតថា៖ «ការប្រឆាំងចំពោះរាជរដ្ឋាភិបាល ហ៊ុន សែន គឺជារឿងម្ខាង ការប្រឆាំងចំពោះបក្សនយោបាយនានា (...) ថាជាបក្សអាប បក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប (...) ឥឡូវនេះ តើហ៊ានចេញមុខប្រឆាំង ជាមួយព្រះរាជសារព្រះមហាក្សត្រឬទេ? បើគេចេញមុខប្រឆាំង សូមកុំភ្លេចថា នេះជាទោសពានវាំងតែម្ដង ព្រោះទង្វើបែបនេះ ច្បាស់ណាស់ថា ថ្ងៃណាមួយ គេនឹងបំផ្លាញរបបរាជានិយម អាស្រ័យធម្មនុញ្ញ និងផ្ដួលរំលំរាជបល្ល័ង្គតែម្ដង។»
បុរសខ្លាំងកម្ពុជា បានសម្រួលឃ្លាឡើងវិញ និងនិយាយជាថ្មីថា៖ «ព្រះមហាក្សត្រអំពាវនាវ តាមព្រះរាជសារ ឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា បើសិនជាគេអំពាវនាវ ឲ្យប្រជាជនកុំទៅបោះឆ្នោត គឺច្បាស់ណាស់ថា នេះ ជាការប្រឆាំងចំពោះព្រះមហាក្សត្រតែម្ដង មិនមែនប្រឆាំងរដ្ឋាភិបាល ហ៊ុន សែន ទេ»។
ក្នុងព្រះរាជសារ ដែលចុះព្រះហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា ហើយទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះរាជាកម្ពុជា ទ្រង់បានវាយតម្លៃជាមុន នូវការបោះឆ្នោតខាងមុខ ថាជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
ដោយឡែក នៅក្នុងលិខិតមួយ របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏សំខាន់ជាងគេ របស់ប្រទេសកម្ពុជា ដែលផ្ញើរថ្វាយព្រះមហាក្សត្រ ក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ បានសរសេរ ហៅកិច្ចអន្តរាគមន៍ណាក៏ដោយ ពីសំណាក់អង្គព្រះមហាក្សត្រ គឺជាបំណងចង់បាន របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការដាក់សម្ពាធ បង្ខំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។
លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតថា៖ «ព្រះមហាក្សត្រ ដែលជាទីគោរព របស់ប្រជាពលរដ្ឋជាទូទៅ មិនត្រូវចូលរួម ដាក់សម្ពាធបែបនេះ មកលើប្រជាពលរដ្ឋទេ។ សម្ពាធបែបនេះ កំពុងតែទទួលការផ្តន្ទាទោស ពីប្រជាពលរដ្ឋមួយចំនួនធំ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយតាំងចិត្តធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨។»៕