តែមួយព្រឹក រដ្ឋសភាអនុម័តច្បាប់ NGO ដោយគ្មានសម្លេងជំទាស់
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 13, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋសភា នៃប្រទេសកម្ពុជា បានប្រើពេលតែមួយព្រឹកប៉ុណ្ណោះ ដើម្បីសម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ ដ៏ ចម្រូងចម្រាស ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសម័យកិច្ចប្រជុំ ដែលមានរបៀបវារៈចំនួនពីរ (ទីមួយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត លោក កែវ ពិសិដ្ឋ ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងទីពីរការពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល) ដោយមានការចូលរួម តែពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចំនួន៦៨រូបប៉ុណ្ណោះ។
រដ្ឋមន្រ្តីក្រសួងសាមី ដែលបានចេញ សេចក្តីព្រាងច្បាប់នេះ បានឡើងការពារ ចំពោះមុខសភាពេញអង្គ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥នេះថា ដើម្បីកម្ពុជា មានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ ចាំបាច់ត្រូវតែមានច្បាប់នេះ ជាដាច់ខាត។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងសភាថា ការពិត គោលបំណងចំបងនៃច្បាប់នេះ មិនមែនជាការគាបសង្កត់ ឬបិទសិទ្ធិ ឬសេរីភាពនៃអង្គការ សមាគម ឬសង្គមស៊ីវិលនោះឡើយ។ លោកបន្តថា អ្វីដែលចាំបាច់នោះ គឺការត្រួតពិនិត្យ លើហិរញ្ញវត្ថុ នៃអង្គការទាំងនោះ ដើម្បីឲ្យពួកគាត់ប្រើប្រាស់ ស្របតាមច្បាប់ ត្រូវទិសដៅ និងបានផលប្រយោជន៍ពិតប្រាកដ មកលើពលរដ្ឋ និងកម្ពុជា។ លោកបញ្ជាក់ទៀតថា៖ «ច្បាប់នោះ ធ្វើឡើងដោយគោរព តាមមាត្រា៤២ នៃរដ្ឋធម្មនុញ្ញ»។
រដ្ឋមន្ត្រីក្រួសួងមហាផ្ទៃ ដែលជាប្រធានតំណាងរាស្រ្ត មតិភាគច្រើន មកពីគណបក្សកាន់អំណាចផងនោះ បានអានមាត្រា៤២ នៃរដ្ឋធម្មនុញ្ញ មកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និង សណ្ដាប់ធ្នាប់សង្គម។»
ស្របពេលដែលក្រុមតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច កំពុងជជែកនៅក្នុងរដ្ឋសភានោះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ ដែលជាក្រុមសម្លេងភាគតិចក្នុងសភា ហើយបានធ្វើពហិការមិនចូលរួម ក្នុងការអនុម័តច្បាប់នោះ បានចូលរួមជាមួយពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនឹងការអនុម័តសេចក្ដីព្រាងច្បាប់នេះ នៅខាងក្រៅរដ្ឋសភា។
ពលរដ្ឋ និងអង្គការសង្គមស៊ីវិលទាំងនោះ ធ្លាប់បានព្រមាមរួចហើយថា បើគណបក្សណាមួយ ដែលបោះឆ្នោត គាំទ្រសេចក្តីព្រាងច្បាប់នេះ ក្នុងនាមពួកគេ ជាសម្លេងម្ចាស់ឆ្នោតម្នាក់ដែរនោះ នឹងមិនបោះឆ្នោត ឬគាំទ្របក្សនោះទៀតឡើយ។ ពួកគេយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈរឹតត្បិត សិទ្ធិសេរីភាព របស់ពួកគេ។
សម្រាប់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុកថា ការធ្វើពហិការ មិនចូលរដ្ឋសភា នៃតំណាងរាស្រ្តមកពីគណបក្សប្រឆាំងខាងលើនេះ បាននឹងកំពុងធ្វើ ឲ្យគណបក្សមួយនេះ ប្រឈមនឹងការអន្តរាយ ព្រោះតែតំណាងរាស្រ្តនៃគណបក្សខ្លួន៕