ចាក់​សង្សា​ខ្លួន​នឹង​កាំបិត ហើយ​​​​​ថែម​១​ញញួរ ព្រោះ​«អាហារ​ត្រជាក់»

បុរសម្នាក់ ដែលត្រូវបានសង្ស័យថា បានធ្វើឲ្យសង្សារបស់ខ្លួន របួសនឹងកាំបិត បូករួមនឹងញញួរផងនោះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអាទិត្យមុន នៅក្នុងក្រុង កាប៊ិន ក្រេក (Cabin Creek) ក្នុងរដ្ឋមីឈីហ្គេន សហរដ្ឋអាមេរិក។ បុរសអាយុ៣៦ឆ្នាំម្នាក់នេះ ទំនងជាក្ដៅក្រហាយ នឹងសង្សារស់នៅជាមួយខ្លួន រៀបចំអាហារឲ្យទទួលទាន ត្រជាក់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 15, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅសល់តែបន្តិចទៀត ស្ត្រីរងគ្រោះ នឹងមិនអាចរស់រាន មានជីវិតតទៅទៀតឡើយ។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ស្ត្រី​ម្នាក់នេះ ត្រូវបានចាក់ ចំនួន១៣កាំបិត នៅលើដងខ្លួន និងដំមួយញញួរ នៅលើដៃ ដោយបុរសជាសង្សា រស់នៅជា​មួយ​គ្នា។ ហេតុការណ៍បានកើតឡើង នៅក្នុងគេហដ្ឋានរបស់អ្នកទាំងពីរ ស្ថិតក្នុងក្រុង កាប៊ិនក្រេក នៃរដ្ឋមីឈីហ្គេន សហរដ្ឋ​អាមេរិក។

ចំពោះមូលហេតុ ដែលឈានទៅដល់ ការឈោះប្រកែកកាប់ចាក់គ្នានេះ កើតចេញពីរឿងមួយ ដែលមិនគួរឲ្យកើត! បុរស​អាយុ៣៦ឆ្នាំ ម៉ៃឃើល ឃីណេ (Michael Keeney) បានផ្ទុះកំហឹងខ្លាំងឡើង បន្ទាប់ពីសង្សារបស់ខ្លួន បានរៀបចំ​អាហារ​ពេលល្ងាចឲ្យខ្លួន មិនបានកម្ដៅជាមុន។ បុរសចិត្តក្ដៅ បានស្ទុះទៅរកកាំបិត និងញញួរ ហើយបានបើកការវាយ​ប្រហារ គ្មានត្រាប្រណីទៅលើស្ត្រី គូស្នេហ៍ ដែលរស់នៅជាមួយគ្នា។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

កម្លាំងនគរបាល បានដឹងពីហេតុការណ៍នេះ ដោយសារអ្នកជិតខាង ហើយបានធ្វើដំណើរ មកដល់កន្លែងកើត​ហេតុ​ភ្លាម។ ពេលនោះ ពួកគេបានឃើញស្ត្រី កំពុងដេកដួល នៅក្នុងថ្លុកឈាម ប៉ុន្តែនៅមានជីវិតនៅឡើយ។ ដោយ​ទំនងជា​មានអារម្មណ៍ភ័យខ្លាច នឹងអំពើកម្រោលចូល របស់បុរសរបស់ខ្លួន ស្ត្រីរងគ្រោះ ដែលមិនបានប្រាប់ពីអាយុ បាន​ប្រាប់​អ្នកស៊ើបអង្កេត នៅពេលជំហានដំបូង ថារបួសរបស់នាង បានកើតឡើងដោយសារនាងរអិលដួល ទៅនឹងកំរាលឥដ្ឋ។ ប៉ុន្តែរឿងរ៉ាវ មិនបានកើតឡើង ដោយមិនសមហេតុផលដូច្នេះឡើយ។ នៅចំពោះការជជីកសួរ របស់ក្រុមអ្នក​ស៊ើប​អង្កេត នាងបានសារភាព នៅទីបំផុត ថារបួសនៅលើខ្លួននាងទាំងនេះ កើតឡើងដោយសារ ម៉ៃឃើល ឃីណេ។

បុរសត្រូវបានឃាត់ខ្លួន ហើយដាក់ឃុំ ជាបណ្ដោះអាសន្ន តាំងពីជាងមួយសប្ដាហ៍ហើយ។ ម៉ៃឃើញ ឃីណេ ត្រូវ​ប្រឈម​នឹងការផ្ដន្ទាទោស ពីបទ«បើហិង្សាដោយចេតនា» នៅក្នុងសវនាការ នាខែខាងមុខ។

បើតាមតួលេខ របស់អង្គការសុខភាពពិភពលោក បានឲ្យផ្សាយ នៅក្នុងរបាយការណ៍មួយរបស់ខ្លួន កាលពីចុង​ឆ្នាំ​មុនថា ស្ត្រីមួយនាក់ ក្នុងចំណោមបីនាក់ នៅលើពិភពលោក បានរងគ្រោះនឹងអំពើហិង្សា ពីសំណាក់ដៃគូរស់នៅ​ជា​មួយ​គ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...