ចៅហ្វាយក្រុងតូក្យូ ជា«ស្ត្រីលើកដំបូងបង្អស់»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៦
- កែប្រែចុងក្រោយ: August 01, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាលើកដំបូងបង្អស់ ដែលអភិបាលរាជធានី នៃរាជណាចក្រជប៉ុន ត្រូវបានជ្រើសតាំងឡើង ជាស្ត្រី។ នេះបើតាមការប្រកាសឲ្យដឹង របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបានយោង ទៅលើការស្ទង់សម្លេងឆ្នោត បន្ទាប់ពីការិយាល័យបោះឆ្នោត បានបិតទ្វាតាំងពីល្ងាចថ្ងៃអាទិត្យ ម្សិលម៉ិញនេះមក។
អ្នកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) អាយុ៦៤ឆ្នាំ នឹងត្រូវឡើងមកកាន់តំណែង ជាអភិបាលរាជធានីតូត្យូ សម្រាប់រយៈពេល៤ឆ្នាំ។ អតីតរដ្ឋមន្ត្រីខាងបរិស្ថាន និងខាងការពារជាតិរូបនេះ នឹងមានភារកិច្ចដ៏ធ្ងន់មួយ នោះគឺត្រូវរៀបចំរាជធានី តូត្យូ ដើម្បីត្រៀមទទួលជំនួបពិភពលោក នៃកីឡាអូឡាំពិក នាឆ្នាំ២០២០ខាងមុខ។
នៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត អ្នកស្រី កូអ៊ីកេ ដែលចេះនិយាយភាសាអង់គ្លេស និងអារាប់យ៉ាងស្ទាត់ជំនាញនោះ បានថ្លែងទៅកាន់ពលរដ្ឋម្ចាស់ឆ្នោតថា៖ «ខ្ញុំនឹងដឹកនាំតូត្យូ តាមបែបផែនដ៏ពិសេសមួយ។ តូត្យូ នឹងក្លាយជាទីក្រុងមួយ ដែលអ្នកមិនដែលឃើញពីមុនមក។ (...) ជាទីក្រុង ដែលផ្ដល់ពន្លឺដល់គ្រប់គ្នា តាំងពីកុមាររហូតដល់មនុស្សចាស់ និងជនពិកា ធ្វើយ៉ាងណាឲ្យជីវិត មានភាពថ្លៃថ្លា។»
ប៉ុន្តែការត្រៀមទទួល កីឡាអូឡាំពិក ឆ្នាំ២០២០ (នៅចុងអណត្តិរបស់អ្នកស្រី) បានក្លាយជាសំនុំរឿងដ៏ស្មុគ្រស្មាញ តាំងពីច្រើនខែមកហើយ។ ស្មុគ្រស្មាញ ព្រោះមានបញ្ហាជាច្រើន បានរួមរិតរាជធានីដែលសម្បូរដោយមនុស្សរស់នៅដ៏កកកុញ (ជាង១៣លាននាក់) ដូចជា៖
ការសម្រេច រើសយករាជធានី តូត្យូ មកធ្វើជាទីកន្លែងជំនួប សម្រាប់កីឡាគ្រប់វិញ្ញាសារ របស់ពិភពលោកនេះ បានរងការសង្ស័យថា មានទាក់ទងនឹងអំពើពុករលួយ ខណៈគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មី សម្រាប់ទទួលកីឡាអូឡាំពិកនេះ ក៏ត្រូវបានលប់ចោលវិញដែរ បន្ទាប់ពីផ្ទុះសង្គ្រាមសំដីយ៉ាងខ្លាំងក្លា អស់ជាច្រើនសប្ដាហ៍។ ជាពិសេស អតីតអភិបាលមុន ទើបនឹងបានលាលែងពីតំណែង កាលពីខែមិថុនានេះ បន្ទាប់ពីរងការចោទប្រកាន់ ថាកេងយកមូលនិធិនយោបាយ ទៅបម្រើឲ្យប្រយោជន័ផ្ទាល់ខ្លួន៕